គណៈកម្មាធិការស៊ើបអង្កេតកុបកម្មថ្ងៃទី៦ មករានៅឯវិមានសភា Capitol របស់អាមេរិកកាលពីឆ្នាំទៅនឹងបន្តសវនាការផ្តល់សក្ខីកម្មលើកទី២របស់ខ្លួននៅថ្ងៃចន្ទនេះ ដោយមានអតីតអ្នកចាត់ចែងយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី Donald Trump ចូលរួមផ្តល់សក្ខីកម្មក្នុងចំណោមមនុស្សមួយចំនួនផ្សេងទៀតដោយផ្តោតទៅលើការចោទប្រកាន់របស់លោក Trump ដែលគ្មានមូលដ្ឋានត្រឹមត្រូវលើការលួចបន្លំសន្លឹកឆ្នោត។
សមាជិករបស់គណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ភ័ស្តុតាងជាច្រើនបន្ថែមទៀត នឹងត្រូវលើកបង្ហាញនៅក្នុងសវនាការក្នុងពេលខាងមុខដែលថា លោក Trump បានដឹងថា លោកពិតជាបានចាញ់ការប្រកួតប្រជែងការបោះឆ្នោតនោះមែន ក៏ប៉ុន្តែបានធ្វើឱ្យមានការយល់ច្រឡំដោយប្រាប់ ក្រុមអ្នកគាំទ្ររបស់លោកថា លោកត្រូវបានគេបោកប្រាស់ដណ្តើមយកលទ្ធផលបោះឆ្នោតសម្រាប់ការកាន់តំណែងដែលមានរយៈពេល៤ ឆ្នាំទៀតនោះ។
សមាជិករដ្ឋសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យលោក Jamie Raskin មកពីរដ្ឋ Maryland បានប្រាប់កម្មវិធី State of the Union របស់ទូរទស្សន៍ CNN ថា លោកTrump «ពិតជាបានដឹងពិតប្រាកដថា លោកបានចាញ់ឆ្នោតមែន» ក៏ប៉ុន្តែលោកបាន«ធ្វើការភូតកុហកដ៏ធំមួយ»ដូចអ្វីដែលលោកកំពុងធ្វើនៅពេលនេះដែលថា លោកជាអ្នកឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០២០នោះលើគូប្រជែងរបស់លោកគឺលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ។ លោក Biden បានចូលកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិក២សប្តាហ៍ក្រោយពីការវាយប្រហារទៅលើវិមានសភាអាមេរិក។
លោក Raskin បានពណ៌នាសកម្មភាពរបស់លោក Trump ថាបានលើកទឹកចិត្តឱ្យមានការវាយប្រហារដ៏ធំមួយទៅលើស្ថាប័នប្រជាធិបតេយ្យរបស់អាមេរិក ខណៈដែលសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យលោក Adam Schiff មកពីរដ្ឋ California បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ក្នុងកិច្ចសម្ភាសន៍មួយថា៖ «នៅពេលដែលការវាយប្រហារនោះកំពុងកើតមានឡើងនោះ លោក Trump ពុំបានធ្វើអ្វីដើម្បីបញ្ឈប់សកម្មភាពវាយប្រហារនោះឡើយ រហូតដល់ពេលវាកើតឡើងអស់រយៈពេលជាច្រើនម៉ោង»។
ការផ្តល់សក្ខីកម្មជាសាធារណៈនេះ មានគម្រោងនឹងប្រព្រឹត្តទៅយ៉ាងតិចក៏ចំនួន៦លើកទៀតដែរ ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ។
ដោយឡែកលោក Donald Trump បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា ការពិតសង្គមឬ TRUTH Social ដោយហៅការផ្តល់សក្ខីកម្មរបស់គណៈកម្មាធិការស៊ើបអង្កេតកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ជាការបង្ហាញសាច់រឿងតែមួយជ្រុងនិងមានការលម្អៀងទាំងស្រុង។ លោកក៏បានបដិសេធគ្លីបវីដេអូសង្ខេបមួយដែលបង្ហាញពីកូនស្រីច្បងរបស់លោកគឺលោកស្រី Ivanka Trump ថាបានយល់ព្រមជាមួយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr ដែលនិយាយថា គ្មានភ័ស្តុតាងទូលំទូលាយនៃការលួចបន្លំសន្លឹកឆ្នោតនោះឡើយ ហើយលោក Biden ពិតជាអ្នកឈ្នះដោយត្រឹមត្រូវមែន។
អ្នកគាំទ្ររបស់លោក Trump ជាង៨០០នាក់ត្រូវបានចោទប្រកាន់នៅក្នុងការវាយបំផ្លិចបំផ្លាញលើវិមានសភាអាមេរិកនោះ ហើយមនុស្សជាង៣០០នាក់ទៀតបានទទួលកំហុសឬត្រូវបានកាត់ទោសនិងនៅសល់ករណីមួយចំនួនទៀតកំពុងដំណើរការមិនទាន់ចប់នៅឡើយ៕
គណៈកម្មាធិការស៊ើបអង្កេតកុបកម្មថ្ងៃ៦ មករា ផ្តោតលើការអះអាងរបស់លោក Trump ក្នុងសវនាការលើកទី២របស់ខ្លួននៅថ្ងៃចន្ទនេះ
វ៉ាស៊ីនតោន —