លោកត្រាំ​បដិសេធ​ថា​មិន​បាន​ប្រើ​ពាក្យ​អសុរស​ទៅ​លើ​ប្រទេស​អាហ្វ្រិក អែលសាវ៉ាឌ័រ​ និង​ប្រទេស​ហៃទី​

ទំព័រ​បណ្ដាញ​សង្គម​ Twitter របស់​លោក​ ដូណាល់ ត្រាំ។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ Twitter​ របស់​លោក​ កាល​ពី​ថ្ងៃ​សុក្រ​មួយ​ថ្ងៃ​បន្ទាប់​ពី​គេ​បាន​ដក​ស្រង់​សម្តី​របស់​លោក ថា​ លោក​បាន​ប្រើ​ប្រាស់​ពាក្យ​អសុរស​ទៅ​លើ​ប្រទេស​មួយ​ចំនួន​នៅ​អំឡុង​ពេល​កិច្ច​ប្រជុំ​អំពី​បញ្ហា​អន្តោប្រវេសន៍។ លោក​បាន​បដិសេធ​ថា​ លោក​មិន​បាន​ប្រើ​ប្រាស់​ពាក្យ​អសុរស​ទាំង​នោះទៅ​លើ​ពលរដ្ឋ​អែលសាវ៉ាឌ័រ​ ហៃទី​ និង​ពលរដ្ឋ​អាហ្វ្រិក​នោះ​ទេ។

លោក ត្រាំ​ បាន​សរសេរ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ប្រើពាក្យ​ខ្លាំងៗ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ប៉ុន្តែ​ពាក្យ​ដែល​គេ​ដក​ស្រង់​យក​ទៅ​នោះ​មិន​មែន​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ទេ។ សំណើ​ច្បាប់​ DACA​ បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាស់»។

លោក ត្រាំ​ បាន​បង្ហោះសារ​មួយ​ទៀត​ ដែល​លោក​បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​លើ​ជនជាតិហៃទី​ ក្រៅ​តែ​ពី​ពាក្យ​ដែល​លោក​បាន​និយាយ​ថា​ ហៃទី​គឺ​ជា​ប្រទេស​ដែល​មាន​បញ្ហា​ និង​ជា​ប្រទេស​ក្រីក្រ»។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា​ លោក​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​នឹង​ហៃទី​ ហើយ​បាន​ស្នើ​ថា​ សម្រាប់​កិច្ចប្រជុំ​លើក​ក្រោយ​គួរ​តែ​ថត​សំឡេង​ទុក។

អត្ថាធិប្បាយ​ជាច្រើន​ទាក់​ទិន​ប្រទេស​ទាំង​នោះ​ កើត​ឡើង​បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​បាន​ពិភាក្សា​គ្នា​អំពី​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍។ នេះ​បើ​យោងតាម​មនុស្ស​៣​នាក់​ដែល​បាន​ដឹង​ពី​ការពិភាក្សា​នេះ។

លោក ​Dick Durbinសមាជិកព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ​ Illinois ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នកសារពត៌មាន​ថា​ លោក​ប្រធានាធិបតី​មិន​មែន​និយាយ​ពាក្យ​អសុរស​នោះ​តែ​ម្តង​នោះ​ទេ​ ប៉ុន្តែ​លោក​បាននិ​យាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តងទៀត។ លោក ​Durbin​បាន​ហៅ​ពាក្យ​សម្តី​ទាំងនោះ​ថា​ជា​ពាក្យ «អាក្រក់» ​«អសុរស» ​និង​«រើសអើង»៕