ប្រធានាធិបតីអាមេរិកលោក Donald Trump បដិសេធចំពោះការនិយាយថា កិច្ចចរចាពាណិជ្ជកម្មជាមួយចិនបានដួលរលំនោះ ហើយលោកកំពុងតែចាត់ទុកអ្វីដែលមនុស្សជាច្រើន ហៅសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកទាំងពីរនោះ ថាជាការខ្វែងគំនិតគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
«កិច្ចពិភាក្សាគ្នារបស់យើងកំពុងតែបន្ត និងតែងតែបន្តជានិច្ច» នេះជាសម្តីរបស់លោកប្រធានាធិបតី នៅពេលដែលលោកឆ្លើយទៅនឹងសំណួរមួយរបស់អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសេតវិមានកាលពីថ្ងៃអង្គារ។ លោកបន្តទៀតថា៖ «យើងមានកិច្ចព្រមព្រៀងមួយ ដែលហៀបនឹងចប់សព្វគ្រប់ ហើយពួកគេច្រានចោល»។
ដោយសារហេតុដូច្នេះទើបក្រុមមន្ត្រីរដ្ឋបាលនិយាយថា នៅសប្តាហ៍នេះ លោកប្រធានាធិបតីបានសម្រេចថា ផ្តោតកាន់តែខ្លាំងទៅលើអ្វីដែលអស់លោកអធិប្បាយថា ជាសង្រ្គាមពាណិជ្ជកម្មមួយជាមួយប្រទេសចិន។
«គ្មានអ្នកណាឈ្នះ ក្នុងសង្គ្រាមពាណិជ្ជកម្មទេ» នេះជាសម្តីរបស់លោក Mitch McConnell ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប៉ុន្មានម៉ោងក្រោយអត្ថាធិប្បាយរបស់លោក Trump៕