អង្គ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ត្រៀម​សម្រេច​ចុងក្រោយ​លើ​ជ័យជម្នះ​របស់​លោក Biden ខណៈ​លោក Trump នៅតែ​ជំទាស់

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ឆ្វេង) បន្ដ​ឈរ​នៅ​លើ​ឆាក ខណៈ​ដែល​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ដើរ​ចេញ​ពី​ឆាក ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ រដ្ឋ Tennessee។

មួយ​ថ្ងៃ​មុន​ពេល​ដែល​អង្គ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី Donald Trump នៅតែ​បន្ដ​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

ការ​បដិសេធ​របស់​លោក Trump នេះ មាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​គាំទ្រ​របស់​លោក​រាប់​ពាន់​នាក់ ដែល​បាន​តវ៉ា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បរាជ័យ​របស់​លោក​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​មិន​អាច​បញ្ចប់​ពេញលេញ​នោះ​ទេ រហូត​ទាល់តែ​អង្គបោះឆ្នោត​នៃ​រដ្ឋ​ទាំង ៥០ ជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​សម្រេច​ចុងក្រោយ។ អង្គ​បោះឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​ចំនួន​ប្រជាជន និង​អ្នក​តំណាង​របស់​ពួកគេ​នៅ​ក្នុង​សភា។ អង្គ​បោះឆ្នោត​នៃ​រដ្ឋ​នីមួយៗ នឹង​បោះឆ្នោត​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​រូប​ណា​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ លើកលែង​តែ​រដ្ឋ​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ​ដែល​មិន​ធ្វើ​ដូច្នេះ។

យោង​តាម​លទ្ធផល​បោះឆ្នោត​ដែល​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​រួច​ហើយ​នៃ​រដ្ឋ​ទាំងអស់ លោក Biden បាន​ឈ្នះ​អង្គបោះឆ្នោត​ចំនួន ៣០៦ ដែល​ច្រើន​ជាង​ចំនួន​អង្គ​បោះឆ្នោត​ដែល​លោក​ត្រូវការ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ចំនួន ៣៦ ។ ចំណែក​ឯ​លោក Trump វិញ ឈ្នះ​បាន​អង្គ​បោះឆ្នោត​ចំនួន ២៣២។ ដោយ​ពុំ​មាន​ការ​បញ្ជា​ឲ្យ​ពន្យារពេល​ពី​តុលាការ អង្គ​បោះឆ្នោត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​សម្រេច​ចុងក្រោយ​លើ​ជ័យជម្នះ​របស់​លោក Biden នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។

តុលាការ​សហព័ន្ធ និង​តុលាការ​នៅ​តាម​រដ្ឋ​មួយ​ចំនួន បាន​ច្រានចោល​ពាក្យ​បណ្ដឹង​រាប់​សិប​ករណី​របស់​លោក Trump និង​ក្រុម​របស់​លោក ដែល​ស្វះស្វែង​កែប្រែ ឬ​ធ្វើ​មោឃភាព​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​លោក Biden បាន​យក​ឈ្នះ។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ពិចារណា​លើ​ពាក្យ​បណ្ដឹង​មួយ​របស់​រដ្ឋ Texas ដែល​ចង់​ឲ្យ​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន ៤។ ករណី​នេះ​បាន​បញ្ចប់​រាល់​មធ្យោបាយ​របស់​លោក Trump នៅ​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​រយៈ​ផ្លូវ​តុលាការ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Trump នៅតែ​ផ្ដល់​សញ្ញាណ​ថា លោក​នឹង​មិន​ឈប់​ត្រឹម​នេះ​នោះ​ទេ។

លោក​ប្រធានាធិបតី Trump បាន​បង្ហោះ​សារ​មួយ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «យើង​ទើបតែ​ចាប់ផ្ដើម​ប្រយុទ្ធ​តែ​ប៉ុណ្ណោះ»។ មួយ​ម៉ោង​ក្រោយ​មក លោក​បាន​សរសេរ​ថា៖ «ខ្ញុំ​បាន​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី»។

លោក Trump បាន​បង្ហោះ​សារ​ទាំង​នេះ​នៅ​លើ Twitter ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​លោក​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ដើរ​ដង្ហែក្បួន និង​ស្រែក​បន្ទរ​ឲ្យ​លោក​នៅ​បន្ដ​កាន់​តំណែង​តទៅ​ទៀត។ ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ក្រុម​មេធាវី​របស់​លោក Trump បាន​បរាជ័យ​ក្នុង​ការ​កែប្រែ​ជ័យជម្នះ​របស់​លោក Biden។

ការ​ប៉ះទង្គិច​គ្នា​តាម​ដង​ផ្លូវ​នៅ​តាម​កន្លែង​មួយ​ចំនួន​បាន​កើតឡើង​រវាង​ក្រុម​គាំទ្រ និង​ក្រុម​ប្រឆាំង​នឹង​លោក Trump។ មនុស្ស​ចំនួន ៤ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​ត្រូវ​បាន​គេ​ចាក់​ឲ្យ​រង​របួស ហើយ​មនុស្ស​ចំនួន ២៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​ក្រុង៕