ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញសារព្រមានដ៏តឹងរឹងមួយកាលពីថ្ងៃចន្ទ ដោយបាននិយាយថាកងទ័ពសហរដ្ឋអាមេរិកនឹងបើកផ្លូវសម្រាប់ការវាយលុករបស់កងកម្លាំងតួកគីដែលត្រូវបានរំពឹងទុក ទៅលើពួកឃឺត ប៉ុន្តែលោកក៏បានព្រមានផងដែរថា ការណ៍នេះនឹងបំផ្លាញសេដ្ឋកិច្ចតួកគីប្រសិនបើតួកគីធ្វើការវាយប្រហារហួសកម្រិតនោះ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទថា «ប្រសិនបើតួកគីធ្វើការវាយលុកហួសពីអ្វីដែលយើងគិតថាភាពជាមនុស្សនោះ តួកគីអាចនឹងរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ពួកគេ»។
សម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីបានបង្ហាញការខឹងសម្បារចំពោះការសម្រេចបោះបង់ចោលពួកឃឺតនៅប្រទេសស៊ីរីដែលបានប្រយុទ្ធនឹងរដ្ឋឥស្លាមរួមជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក។
ក្រុមអ្នកគាំទ្រស្មោះស័្មគ្ររបស់លោក Trumpនៅក្នុងព្រឹទ្ធសភាភាគច្រើនបានហៅការសម្រេចចិត្តរបស់លោក Trump កាលពីថ្ងៃចន្ទ ថាជាការសម្រេចចិត្តមិនបានគិតវែងឆ្ងាយនិងគ្មានការទទួលខុសត្រូវ។
តាមរយៈកម្មវិធីព័ត៌មានពេលព្រឹកឈ្មោះថា Fox & Friends សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Lindsey Graham ត្រូវបានសួរថាតើលោកគាំទ្រចំណាត់ការរបស់ប្រធានាធិបតីដែរឬទេ? ពេលនោះ លោក Graham បានឆ្លើយថា៖
«មិនគាំទ្រជាដាច់ខាត» ហើយលោកបានអះអាងថា ការសម្រេចរបស់ប្រធានាធិបតីគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ពួក ISIS»។
លោក Graham បានឆ្លើយទៀតថា ពួកឃឺតនៅក្នុងតំបន់នឹងចុះចូលជាមួយនឹងមេដឹកនាំផ្តាច់ការស៊ីរី លោក Bashar al-Assad ដោយសារតែពួកគេគ្មានជម្រើស។ ដូច្នេះនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់អ៊ីរ៉ង់ និងមេដឹកនាំ Assad។
មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាលោក Mitch McConnell និងប្រធានសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារិះគន់ការសម្រេចរបស់លោក Trump៕