លោក ត្រាំ និយាយថា ជាជាងកិច្ចព្រមព្រៀងមួយដែលមានទំហំ ៤០ ភាគនៃពាណិជ្ជកម្មពិភពលោក លោកមានគម្រោងចរចាលើកិច្ចព្រមព្រៀងមួយទល់មួយដែលមានលក្ខណៈល្អប្រសើរសម្រាប់ពលរដ្ឋអាមេរិកាំង។ សម្រាប់ប្រទេសនៅអាស៊ី អ្នកវិភាគនិយាយថា ការបោះបង់ចោលកិច្ចព្រមព្រៀងនេះនឹងបើកផ្លូវពាណិជ្ជកម្មដល់ប្រទេសចិន ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះ។
ក្រុមអ្នកចរចាបានចំណាយពេល៧ឆ្នាំ លើកិច្ចព្រមព្រៀង TPP ដែលអ្នកគាំទ្រនិយាយថា អាចនឹងធ្វើឲ្យមានពាណិជ្ជកម្មកាន់តែច្រើនក្នុងចំណោមប្រទេសទាំង១២ បង្កើនប្រាក់ឈ្នួលដល់កម្មករ បន្ថែមការការពារលើកម្មសិទ្ធិបញ្ញា ការពារសិទ្ធិការងារ និងការពារបរិស្ថានសាជីវកម្ម។ ក្រុមអ្នករិះគន់បានចោទប្រកាន់កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយសម្ងាត់នេះថា មានប្រយោជន៍ច្រើនជ្រុលដល់សាជីវកម្មពិភពលោក និងមានការរឹតត្បិតកម្មសិទ្ធិបញ្ញាហួសហេតុ។
លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅទៀត
ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងការបរទេស បានគាំទ្រដល់កិច្ចព្រមព្រៀង TPP នៅក្នុងរបាយការណ៍ខែនេះដោយនិយាយថា កិច្ចព្រមព្រៀងនេះ «អាចនឹងផ្តល់ប្រយោជន៍ដល់អ្នកផលិត» ដែលអាចនឹងមានច្រើនសណ្ឋានជាងនេះនៅអាស៊ី ហើយនឹងជួយបង្កើនការនាំចេញរបស់អាមេរិក ជាពិសេស ផលិតផលកសិកម្ម។ ខណៈដែលការងាររបស់ពលរដ្ឋអាមេរិកាំងមួយចំនួនអាចនឹងបាត់បង់ទៅពលករបរទេស ក្រុមអ្នកគាំទ្រកិច្ចព្រមព្រៀង TPP អះអាងថា ជារួម កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងល្អសម្រាប់ពលរដ្ឋអាមេរិកាំង ដោយសារវាអាចធ្វើឲ្យទំនិញនាំចូលមានតម្លៃទាប។
របាយការណ៍ដែលបានសំអាងលើការសិក្សារបស់វិទ្យាស្ថាន Petersen សម្រាប់សេដ្ឋកិច្ចអន្តរជាតិនេះសរសេរថា កិច្ចព្រមព្រៀង TPP បានធ្វើឲ្យមានកំណើនប្រចាំឆ្នាំប្រមាណជា៧៨ប៊ីលាន (៧៨ពាន់លាន) ដុល្លារដល់សេដ្ឋកិច្ចអាមេរិក។
លោក Gareth Leather អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ផ្តោតលើតំបន់អាស៊ី និងបម្រើការនៅក្រុមហ៊ុន Capital Economics ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានហៅការចាកចេញពីកិច្ចព្រមព្រៀង TPP នេះថាជា «ការបោកបក់លើអនាគតសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដែលទើបតែងើបឡើង» ដោយផ្តល់អត្ថប្រយោជន៍កាន់តែតិចជាងមុន សម្រាប់កិច្ចព្រមព្រៀងថ្នាក់តំបន់ដែលដឹកនាំដោយចិន។
លោក Carl Thayer អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រា្តលីនិយាយថា ការបោះជំហានរបស់លោក ត្រាំ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរបស់អាមេរិក ជាពិសេសក្នុងចំណោមសម្ព័ន្ធមិត្តសំខាន់ៗដូចជា ជប៉ុន អូស្រា្តលី និងវៀតណាមជាដើម។
លោក Thayer និយាយថា កិច្ចព្រមព្រៀង TPP «អាចនឹងនៅតែមានប្រសិទ្ធិភាព ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានលុបចោល» ដោយសារតែការមិនខ្វាយខ្វល់របស់លោក ត្រាំ ចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងមេដឹកនាំផ្សេងទៀត ដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងតទៅទៀត។
លោក Thayer និយាយថា «វាមានន័យថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Turnbull និងលោក Abe មិនត្រូវបានគេយកចិត្តទុកដាក់ទេ។ បើទោះជា លោក Turnbull គិតថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវចរចាឡើងវិញក៏ដោយ»។
របាយការណ៍ខាងលើនេះបានបញ្ជាក់ថា លោក Abe បានចំណាយ «ដើមទុននយោបាយច្រើនគួរសម» ក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងនេះដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៥ ហើយលោកបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពី «ក្រុមបញ្ចុះបញ្ចូលខាងកសិកម្មដ៏មានឥទ្ធិពល» របស់ជប៉ុន។
លោក Thayer និយាយថា កិច្ចព្រមព្រៀង TPP មិនមែនត្រឹមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។
លោកបានប្រាប់ VOA ថា៖ «នេះមានន័យថា ប្រទេសទាំង១១ ត្រូវបានគេបោះបង់ចោល។ វាមិនមែនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។ វាបានរួមបញ្ចូលនូវសេវាកម្ម កម្មសិទ្ធិបញ្ញា បញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។ វាជាកិច្ចព្រមព្រៀងមានស្តង់ដាមួយខ្ពស់ ហើយចិនក៏មិនត្រូវបានគេបោះបង់ចោលដែរ។ ប្រទេសចិនមិនអាចមានស្តង់ដាដូច្នេះទេ»។
អ្នកស្រី Pavida Pananond សាស្រ្តាចារ្យពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យធម្មសាធ (Thammasat) នៅប្រទេសថៃនិយាយថា ការសម្រេចចិត្តដកខ្លួនរបស់អាមេរិកនឹងបង្កើតឲ្យមានក្តីបារម្ភកាន់តែខ្លាំងចំពោះជម្លោះពាណិជ្ជកម្ម ជាពិសេសរវាងអាមេរិក និងចិន។ កាសែត People's Daily របស់បក្សកុម្មុយនិស្ត (ចិន) បាននិយាយនៅក្នុងបទវិចារណកថារបស់ខ្លួនថា ទំនាក់ទំនងចិននិងអាមេរិក «ខ្លាំងណាស់មិនអាចបរាជ័យបានទេ»។
អ្នកស្រី Pavida និយាយថា ផលប៉ះពាល់ខ្លាំងមួយគឺទៅលើតួនាទីរបស់អាមេរិកក្នុងការជជែកដេញដោលក្នុងពាណិជ្ជកម្មពិភពលោក។
អ្នកស្រីបានប្រាប់ VOA ថា៖ «បើសិនជាគ្មានកិច្ចព្រមព្រៀង TPP ទេនោះ អ្វីដែលអាចនឹងកើតឡើងគឺថា តួនាទីនាំមុខរបស់អាមេរិកក្នុងគំនិតបែបសេរីនិយមនៃសាកលភាវូបនីយកម្ម និងពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី នឹងត្រូវខូចក្នុងនាមជាមេដឹកនាំ ហើយវានឹងមានបញ្ញត្តិរួមសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ»។
នៅពេលអាមេរិកផ្តោលើបញ្ហាខាងក្នុង ចិនខំពង្រីកខ្លួនចេញក្រៅ
លោក Leather នៃស្ថាប័នស្រាវជ្រាវ Capital Economics និយាយថា វៀតណាម និងម៉ាឡេស៊ីនឹងក្លាយជាប្រទេសទទួលរងផលពិបាកបំផុតដោយសារតែកិច្ចព្រមព្រៀង TPP មិនបានចូលជាធរមាន។
ខណៈដែលប្រទេសទាំងពីរនេះកំពុងទទួលបានប្រយោជន៍ពីពន្ធគយទាបក្នុងការនាំចូលទៅកាន់ទីផ្សារអាមេរិករួចស្រាប់ហើយនោះ ផលប្រយោជន៍ចម្បង គឺស្ថិតនៅលើការលុបចោលរបាំងពន្ធគយ បូករួមទាំងបញ្ញត្តិស្តីពីការផ្គត់ផ្គង់របស់រដ្ឋាភិបាល ការរឹតត្បិតការវិនិយោគ និងការឧបត្ថម្ភបដិភាគដោយសម្ងាត់។
លោក Thayer និយាយថា វៀតណាមនឹងមានការព្រួយបារម្ភខ្លាំង ដោយសារខ្លួនត្រូវការចូលទៅក្នុងទីផ្សារអាមេរិក ជាកន្លែងដែលខ្លួនទទួលបានកំណើនពាណិជ្ជកម្មច្រើនរហូតដល់ទៅ៣០ប៊ីលានដុល្លារ (៣០ពាន់លាន) បើប្រៀបធៀបទៅនឹងឱនភាព៣២ប៊ីលានដុល្លារ (៣២ពាន់លាន) ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។
លោកបាននិយាយថា៖ «សម្រាប់ករណីប្រទេសវៀតណាម វាអាចនឹងជាការខកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែសភាជាតិបានធ្វើយ៉ាងណាដើម្បីទុកមុខមាត់របស់ខ្លួន តាមរយៈការពន្យារធ្វើសច្ចាប័នលើកិច្ចព្រមព្រៀង TPP ខណៈដែលប្រទេសម៉ាឡេស៊ីជាប្រទេសដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង TPP នេះយ៉ាងលឿន។ ដូច្នេះ ពួកគេនឹងមានការខាតបង់យ៉ាងធ្ងន់ធ្ងរ»។
មន្រ្តីម៉ាឡេស៊ីមកពីក្រសួងពាណិជ្ជកម្មអន្តរជាតិនាពេលថ្មីៗនេះ បានព្រមានថា ការងារប្រមាណជា១លានកន្លែងនឹងត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀង TPP។
ក្រុមមន្រ្តីនិយាយថា ម៉ាឡេស៊ីនឹងស្វែងរកឱកាសពាណិជ្ជកម្មផ្សេងទៀត តាមរយៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាតត្បូង និងនូវែលសេឡង់។
លោក Triphon Phumiwasana ដែលជាដៃគូម្នាក់របស់ក្រុមហ៊ុន Hatton Capital មានមូលដ្ឋាននៅក្នុងក្រុងបាងកកនិយាយថា ចិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រីកពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Triphon និយាយថា៖ «ចិនកំពុងមានចំណាប់អារម្មណ៍ក្នុងការពង្រីកពាណិជ្ជកម្ម។ ពួកគេនឹងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសនៅអាស៊ីអាគ្នេយ៍។ នេះគឺជាគុណប្រយោជន៍របស់ពួកគេ ពីព្រោះអាមេរិកកំពុងតែផ្តោតលើបញ្ហាក្នុងស្រុក ប៉ុន្តែចិនកំពុងផ្តោតកិច្ចការខាងក្រៅ»។
ស្ថាប័នស្រាវជ្រាវ Capital Economics បានឲ្យដឹងថា ការដកខ្លួនរបស់អាមេរិកបានបើកផ្លូវឲ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួន។ លោក Leather និយាយថា៖ «ការមានចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយចិន មានសក្តានុពលក្នុងការបង្កើនការរីកចម្រើនកាន់តែខ្លាំងទៅកាន់តំបន់ទាំងអស់ទូទាំងអាស៊ី»។
គេរំពឹងថាប្រទេសចិននឹងចាប់ផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់របស់ខ្លួន ដែលគេហៅថា ដៃគូសេដ្ឋកិច្ចទូលំទូលាយថា្នក់តំបន់ ឬកិច្ចព្រមព្រៀង RCEP ដែលគ្របដណ្ដប់លើបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន រួមទាំងជប៉ុន ឥណ្ឌា និងកូរ៉េ ប៉ុន្តែមិនបញ្ចូលអាមេរិកនោះទេ។
លោក Leather និយាយថា ខណៈដែលប្រទេសហ្វីលីពីន ថៃ និងកូរ៉េ អាចនឹងទទួលបានផលចំណេញពីកិច្ចព្រមព្រៀង RCEP នេះ ការខាតបង់ដោយសារតែការបរាជ័យលើកិច្ចព្រមព្រៀង TPP ទំនងជាមិនអាចទូទាត់ជាមួយនឹងផលចំណេញបានពីកិច្ចព្រមព្រៀង RCEP សព្វគ្រប់នោះទេ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ