ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសបង្ក្រាបកុបកម្មនៅក្រុងម៉ានីល និងបានដុតរូបសំណាកធ្វើពីក្រដាស របស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅនេះ ស្របពេលដែលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ ជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្រៅកិច្ចប្រជុំកំពូលមួយក្នុងតំបន់។
លោក Renato Reyes នៃអង្គការ New Patriotic Alliance បាននិយាយថា៖
«យើងជឿថា កិច្ចប្រជុំនេះ នឹងមិននាំឲ្យមានផលប្រយោជន៍ណាមួយទៅដល់ប្រជាពលរដ្ឋហ្វីលីពីននោះទេ។ កិច្ចប្រជុំនេះ នឹងគ្រាន់តែបង្កឲ្យស្ថានភាពសិទ្ធិមនុស្សកាន់តែចុះដុនដាបថែមទៀត...»។
Your browser doesn’t support HTML5
នៅក្នុងសាលកិច្ចប្រជុំកំពូល លោកប្រធានាធិបតី ត្រាំ បានបញ្ចៀសការនិយាយអំពីបញ្ហាសិទ្ធិមនុស្ស ហើយបានងាកទៅសង្កត់ធ្ងន់លើសាមគ្គីភាពនៅក្នុងតំបន់ទៅវិញ។
លោកត្រាំ បាននិយាយថា៖
«យើងចង់ឲ្យដៃគូរបស់យើងនៅក្នុងតំបន់ មានភាពរឹងមាំ ឯករាជ្យ និងរុងរឿង ហើយអាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបាន និងមិនមែនជា ប្រទេសរណបនឹងប្រទេសណាមួយ។ ទាំងនេះ គឺជាគោលការណ៍នៅពីក្រោយទស្សនវិស័យរបស់យើង សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ»។
មានរបាយការណ៍ចម្រូងចម្រាសគ្នាអំពីថាតើ លោកប្រធានាធិបតីត្រាំ និងប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាអំពីប្រធានបទរំញោចនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសង្គ្រាមរបស់លោកប្រធានាធិបតី Duterte ប្រឆាំងនឹងគ្រឿងញៀន ដែលក្រុមគាំពារសិទ្ធិមនុស្សនិយាយថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Sarah Huckabee បាននិយាយថា «បញ្ហាសិទ្ធិមនុស្សត្រូវបានលើកឡើងត្រួសៗ» នៅក្នុងបរិបទយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte។ ក៏ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន បានលើកឡើងផ្ទុយពីនេះទៅវិញ។
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយថា៖
«មិនមានការលើកឡើងអំពីសិទ្ធិមនុស្ស មិនមានការលើកឡើងពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ គឺគ្រាន់តែមានការពិភាក្សាវែងមួយអំពីសង្គ្រាមប្រឆាំងនឹងគ្រឿងញៀននៅហ្វីលីពីន ដោយលោកប្រធានាធិបតី Duterte បានធ្វើការបកស្រាយពន្យល់ភាគច្រើន»។
នៅពេលដែលអ្នកយកព័ត៌មានមួយរូប សួរសំណួរពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សអំឡុងពេលថតរូបជុំគ្នារបស់ថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននោះត្រូវបានបង្អាក់។ អ្នកយកព័ត៌មាននោះបានសួរថា៖
«តើលោកនឹងលើកយកបញ្ហាសិទ្ធិមនុស្សមកនិយាយទេ?»
គោលនយោបាយរបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងការបញ្ចៀសការនិយាយពីប្រធានបទ ដែលមានលក្ខណៈរសើបនៅទីសាធារណៈ ដូចជាបញ្ហាសិទ្ធិមនុស្ស បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងតាមបណ្ដាញទំនាក់ទំនងសង្គម ដែលក្នុងនោះរួមមាន គូបដិបក្ខរបស់លោកប្រធានាធិបតីក្នុងជួរគណបក្សសាធារណរដ្ឋតែមួយ គឺសមាជិកព្រឹទ្ធសភាលោក John McCain ផងដែរ។ លោក John McCain បានសរសេរសារតាមបណ្ដាញសង្គមទ្វីធឺថា៖
«ហើយជាថ្មីម្ដងទៀត បញ្ហាសិទ្ធិមនុស្សពិតណាស់ មិនមែនជាអាទិភាព នៅក្នុងកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិកជាមួយលោក Duterte។ នេះជារឿងគួរឲ្យសោកសង្រេងមួយ»។
លោក John Sifton នៃអង្គការ Human Rights Watch បាននិយាយថា៖
«ការខកខាននៅក្នុងការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស គឺគ្រាន់តែពង្រឹងអំណាចរបស់មេដឹកនាំ ដែលប្រព្រឹត្តអំពើរំលោភបំពានតែប៉ុណ្ណោះ។ ដូចនេះ ច្បាស់ណាស់គឺថា រដ្ឋាភិបាលនានា ដូចជា រដ្ឋាភិបាលវៀតណាម និងកម្ពុជា រដ្ឋាភិបាលទាំងនោះនឹងឃើញពីភាពអសកម្មរបស់អន្តរជាតិ ចំពោះការធ្វើទុក្ខបុកម្នេញកាន់តែច្រើនឡើងរបស់ពួកគេទៅលើក្រុមអ្នករិះគន់ និងលើរឿងដទៃទៀត។ ហើយភាពអសកម្មនោះនឹងគ្រាន់តែជំរុញចិត្តរដ្ឋាភិបាលទាំងនេះ ហើយការណ៍នេះនឹងធ្វើឲ្យពួកគេកាន់តែមានភាពគឃ្លើននៅក្នុងការបង្ក្រាបបន្ថែមទៀត»។
បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃ ប្រកបដោយពិធីគគ្រឹកគគ្រេង ដូចជាការទទួលដោយកងកិត្តិយស ពិធីលាងសាយភោជន៍ ដោយជល់កែវស្រា ដើម្បីអនាគតត្រចះត្រចង់មួយ លោកត្រាំបានវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយសរសើរពីការវិវត្តទៅមុខអំពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម ប៉ុន្តែលោកប្រធានាធិបតី នឹងមិនបានធ្វើឲ្យអ្នករិះគន់រដ្ឋបាលរបស់លោកលើបញ្ហាសិទ្ធិមនុស្ស ស្កប់ចិត្តឡើយ៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា