សម្ព័ន្ធមិត្ត​របស់​លោក​ ត្រាំ នៅ​ក្នុង​រដ្ឋសភា ប្រឈម​នឹង​ការ​ចោទសួរ​ទាក់ទិន​នឹង​ប្រទេស​អ៊ុយក្រែន

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​ និង​លោក Devin Nunes ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​នោះ ស្តាប់​សក្ខីកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត Gordon Sondland កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

លោក Devin Nunes ដែល​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺ​ជា​អ្នក​នាំ​មុខ​គេ​ម្នាក់​ក្នុង​ការ​ការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅ​ក្នុង​ដំណើរការ​ទាំង​មូល​នៃ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ដែលធ្វើ​ឡើង​ដោយ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​របាយការណ៍​ស្ដី​ពី​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​កម្រាស់​៣០០​ទំព័រ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយគណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់របស់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា លោក Nunes ដែល​ជា​សមាជិក​សភា​តំណាង​រដ្ឋ California មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​អាស្រូវ​រវាង​លោក ត្រាំ និង​អ៊ុយក្រែន។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទសួរ​អំពី​ការ​ប្រព្រឹត្ត​ជា​ផ្លូវការ​របស់​លោក Nunes។ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់របស់​រដ្ឋសភា​មាន​សមាជិក​ភាគច្រើន​មក​ពីគណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​រដ្ឋសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​កំណត់ត្រា​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Nunes ជាមួយ​នឹង​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក ត្រាំ។ អ្នក​ស៊ើបអង្កេត​របស់​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ការ​រកឃើញ​នេះ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ក្រៅ​ផ្លូវការ​ក្នុង​ការ​បន្ទាប​តម្លៃ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​របៀប​មួយ​ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​នយោបាយ​ដល់លោក​ប្រធានាធិបតី​ខ្លួនឯង នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​

កំណត់ត្រា​ហៅ​ទូរស័ព្ទ​បង្ហាញ​ថា មាន​ការ​ហៅ​ទូរស័ព្ទ​រវាង​លោក Giuliani និង​លោក Nunes ចំនួន​៥​ដង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩។ ក្នុង​ចំណោម​នោះ ការ​ហៅ​ទូរស័ព្ទ​ចំនួន​ពីរ​ដង​ខក​ខាន​មិន​បាន​ទទួល ហើយ​ការ​សន្ទនា​ដែល​យូរ​បំផុត​មាន​រយៈពេល​បី​នាទី។ ការ​ហៅ​ទូរស័ព្ទ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក Giuliani ត្រូវ​បាន​ចោទប្រកាន់​ថា លោក​បាន​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​មួយ​ដើម្បី​ទម្លាក់​អ្នកស្រី Marie Yovanovitch ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ចេញ​ពី​តំណែង។ យុទ្ធនាការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រែង​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ ឲ្យ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើអ្នក​ដែល​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រជែង​ជាមួយ​នឹង​លោក ត្រាំ នៅ​ឆ្នាំ​២០២០​ខាង​មុខ គឺ​លោក Joe Biden និង​កូនប្រុស គឺ​លោក Hunter Biden៕