ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃពុធថា រុស្ស៊ីបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅនេះ ប៉ុន្តែលោកបាននិយាយថា ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលចិត្តរូបលោកនោះ លោកចាត់ទុកថានេះជាគុណសម្បត្តិមួយ មិនមែនជាបំណុលនោះទេ។
នៅក្នុងសន្និសីទកាសែតលើកដំបូងរបស់លោកក្នុងរយៈពេលជិត៦ខែ លោក Trump បានមានប្រសាសន៍នៅក្នុងទីក្រុង ញូវយ៉ក ថា បើទោះបីជាលោក Putin បានគាំទ្របេក្ខភាពរបស់លោក ជាជាងបេក្ខភាពរបស់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យក៏ដោយ ក៏លោកនឹងនៅតែម៉ឹងម៉ាត់ចំពោះមេដឹកនាំរុស្ស៊ី ជាងលោកស្រី Clinton នៅលើឆាកអន្តរជាតិ។
លោក Trump បានសួរថា «តើអ្នកជឿទេថា លោកស្រី Hillary Clinton នឹងម៉ឹងម៉ាត់ជាងខ្ញុំ?»
លោកបានបដិសេធថា លោកមិនទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុនៅក្នុងប្រទេសរុស្ស៊ីនោះទេ ដោយលោកនិយាយថា «ខ្ញុំមិនមានកិច្ចព្រមព្រៀងណាមួយនៅក្នុងប្រទេសរុស្ស៊ីនោះទេ មិនមានកិច្ចព្រមព្រៀងណាអាចកើតឡើងនោះទេ គ្មានបំណុលនៅរុស្ស៊ីនោះទេ»។
នៅពេលសួរអំពីការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិក ដែលក្រុមស៊ើបការសម្ងាត់អាមេរិកជឿថាបានទទួលការអនុញ្ញាតពីលោក Putin នោះ លោក Trump បាននិយាយថា «គាត់គួរតែមិនបានធ្វើវានោះទេ»។
ខណៈដែលទទួលស្គាល់អំពីតួនាទីរបស់រុស្ស៊ីនៅក្នុងការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ លោកប្រធានាធិបតីជាប់ឆ្នោត បានថ្កោលទោសសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃអង្គារអំពីឯកសារដែលផ្ទុកព័ត៌មានអំពីការចោទប្រកាន់ដែលថា រុស្ស៊ីបានប្រមូលព័ត៌មានដែលមានបំណងធ្វើឲ្យអាប់ឱនកិត្តិយសរបស់លោក និងថ្កោលទោសការចោទប្រកាន់ដែលថា មន្ត្រីយុទ្ធនាការរបស់លោកឃុបឃិតជាមួយនឹងក្រុមស៊ើបការសម្ងាត់រុស្ស៊ី៕