លោក Trump ត្អូញត្អែរ​ពី​ការ​មិន​ឲ្យ​តម្លៃ​លើ​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​របស់​លោក

លោក Donald Trump ថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​មណ្ឌល​តាំង​ពិព័រណ៍ Wisconsin State Fair Exposition Center នៅ​ក្រុង West Allis កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​ត្អូញត្អែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ជ័យជម្នះ​របស់​លោក​លើ​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ តាមរយៈ​ការ​បន្ត​បញ្ចេញ​ព័ត៌មាន​ដែល​ថា រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​ដើម្បី​បង្កើន​ឱកាស​ទទួល​បាន​ជ័យជម្នះ​របស់​លោក។​

លោក Trump បាន​សួរ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​យោបល់​លើ​បណ្តាញ​សង្គម Twitter ថា «ប្រសិន​បើ​រុស្ស៊ី​ ឬ​អង្គភាព​ផ្សេង​ទៀត​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហេតុអ្វី​បាន​ជា​សេតវិមាន​រង់ចាំ​យូរ​ម្ល៉េះ​ទម្រាំ​ចាត់​វិធានការ? ហេតុអ្វី​បាន​ជា​ពួកគេ​ទើប​តែ​ចាត់​វិធានការ​ក្រោយ​ពេល​ដែល​លោក​ស្រី Hillary ​ចាញ់?»

ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​លោក Trump គឺ​លោកស្រី Kellyanne Conway នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍ បាន​ស្តី​បន្ទោស​ដល់​អ្នក​នាំ​ពាក្យ​សេតវិមាន លោក Josh Earnest ចំពោះ​ការ​ផ្តល់​យោបល់​កាល​ពី​ថ្ងៃ​ពុធ​ថា លោក Trump ប្រហែល​ជា​បាន​ដឹង​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត អំពី​អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក ហើយ​ថា ការ​អន្តរាគមន៍​របស់​ពួកគេ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​យុទ្ធនាការ​របស់​លោកស្រី Clinton។

នៅ​ក្នុង​សន្និសីទ​កាសែត​ផ្លូវការ​ចុងក្រោយ​បង្អស់​កាល​ពី​ខែ​កក្កដា លោក Trump បាន​អញ្ជើញ​ក្រុមអ្នកលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ជនជាតិ​រុស្ស៊ី​ឲ្យ​រក​អ៊ីមែល​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (server) ឯកជន​របស់​លោកស្រី Clinton ហើយ​មួយ​ថ្ងៃ​ក្រោយ​មក លោក​បាន​និយាយ​ថា វា​គ្រាន់​តែ​ជា​រឿង​កំប្លែង​ចំអន់​មួយ​ប៉ុណ្ណោះ៕