លោកប្រធានាធិបតីចិន Xi Jinping បានទូរស័ព្ទទៅលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump ដោយបាននិយាយថា កិច្ចសហប្រតិបត្តិការគឺជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា លោកប្រធានាធិបតីប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការរក្សាចំណងទាក់ទងជិតស្និទ្ធ បង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងមានគម្រោងមានជំនួបជាមួយគ្នាជាលើកដំបូងមួយ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការិយាល័យរបស់លោក Trump នៅក្នុងទីក្រុង New York បានប្រកាសថា «ក្នុងអំឡុងពេលពិភាក្សាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានបង្ហាញនូវការគោរពគ្នាទៅវិញទៅមក ហើយលោកTrump បានបញ្ជាក់ថា លោកជឿជាក់ថា មេដឹកនាំទាំងពីរនឹងមានទំនាក់ទំនងស្អិតល្មួតជាមួយគ្នា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរទៅមុខថែមទៀត»។
លោកប្រធានាធិបតី Xi Jinping បានប្រាប់លោក Trump ថា «ស្ថានការណ៍ជាក់ស្ដែងបានបង្ហាញថា កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក»។
ក្នុងអំឡុងពេលលោក Trump ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកបានលើកឡើងពីអតុល្យភាពពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា បានធ្វើពាណិជ្ជកម្មដោយមិនមានយុត្តិធម៌ ដែលក្នុងនោះមានទាំងការចាត់ចែងរូបិយវត្ថុដោយមិនស្មើភាពជាដើម និងបានគំរាមកំហែងយកពន្ធបន្ថែមលើទំនិញរបស់ចិននាំចូលមកក្នុងសហរដ្ឋអាមេរិក៕