Trump៖ ​«មិន​អាចបន្ត​​អនុញ្ញាត​ឲ្យ​ចិនរំលោភ​បំពាន​លើ​សហរដ្ឋអាមេរិក​ទៀត​ទេ​»

​បេក្ខជន​ប្រធានាធិបតី​ស.រ.អា. ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trum ថ្លែង​នៅ​ក្នុង​ការ​ឃោសនាឯកីឡាដ្ឋានរំលឹក Allen County War កាលពី​ថ្ងៃ​អាទិត្យ​ទី ០១​ ឧសភា ២០១៦

​បេក្ខជន​ប្រធានាធិបតី​ស.រ.អា. ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trum ថ្លែង​ថាស.រ.អា. ​«មិន​អាចបន្តអនុញ្ញាតឲ្យ​ចិនរំលោភ​បំពាន​លើ​ប្រទេស​យើង​បាន​ទៀត​ទេ» ខណៈ​ដែល​លោក​ធ្វើ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត ដោយ​សន្យា​ថា​នឹង​រៀប​ចំ​ទំនាក់​ទំនង​របស់​អាមេរិក​ជាមួយ​ពិភពលោក​ឡើង​វិញ។

លោក Trump ​ជា​ញឹកញយ​បាន​លើក​យក​រឿងឱនភាព​ពាណិជ្ជកម្ម​រវាង​ស.រ.អា.និង​ប្រទេស​ចិន​ថា​ចិន​កំពុង​យក​ផល​ចំណេញ​លើ​ស.រ.អា ហើយ​ថា​ជំនាញ​របស់​លោក​ខាង​វិស័យ​ចរចា​រឿង​ពាណិជ្ជកម្ម នឹង​លប់​បំបាត់​អតុល្យភាព​នោះ។

«យើង​នឹង​ផ្លាស់​ប្តូរ​រឿង​នេះ​វិញ» នេះ​ជា​សម្តី​របស់​លោក Trump ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ក្នុង​អំឡុង​ការ​ឃោសនា​រក​សម្លេង​ឆ្នោតនៅ​រដ្ឋ Indiana ។

ការ​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ Indiana ​ត្រូវ​គេចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត​សំខាន់​មួយនៅក្នុង​ការ​ប្រណាំង​ប្រជែង​ដើម្បី​ទទួល​យក​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី របស់​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ការ​ស្ទង់​មតិ​មួយ​ចំនួន​បង្ហាញ​ថា​លោក Trump នាំ​មុខ​សមាជិក​ព្រិទ្ធសភា Ted Cruz ដែល​មក​ពី​រដ្ឋ​ Texas។

ជ័យជម្នះ​របស់​លោក Trump ​នៅ​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ Indiana នឹង​ជំរុញ​លោក​ឲ្យ​កាន់​តែ​ខិត​ជិតដល់​ការ​ទទួល​បាន​នូវ​ប្រតិភូ​ចំនួន ១​.២៣៧ ដែល​លោក​ត្រូវការ។ ចំណែក​លោក Cruz និង​លោកJohn Kasic អភិបាល​រដ្ឋ Ohio ​វិញ​សង្ឃឹមថា​នឹង​អាច​រារាំង​មិន​ឲ្យ​លោក Trump ទទួល​បាន​ចំនួន​ប្រតិភូ​គ្រប់​គ្រាន់​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​បោះ​ឆ្នោតជ្រើ​សរើស​បេក្ខ​ជន​ជា​ថ្មី​នៅ​ក្នុង​សមាជ​របស់​គណបក្ស​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ៕​