យុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃច័ន្ទ បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការសហព័ន្ធរដ្ឋ Pennsylvania ដើម្បីរារាំងមន្ត្រីរបស់រដ្ឋនេះមិនឲ្យប្រកាសផ្លូវការអំពីជ័យជម្នះរបស់លោក Joe Biden លើការបោះឆ្នោតនៅក្នុងរដ្ឋនោះ។
ពាក្យបណ្តឹងនេះបានធ្វើឡើងដោយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងអ្នកបោះឆ្នោត ២ នាក់។ ពាក្យបណ្ដឹងនេះបានចោទប្រកាន់ថា ប្រព័ន្ធបោះឆ្នោតផ្ញើតាមប្រៃសណីយ៍របស់រដ្ឋ Pennsylvania «មិនមានតម្លាភាព និងភាពដែលអាចពិនិត្យផ្ទៀងផ្ទាត់បាន ដូចការបោះឆ្នោតដោយផ្ទាល់»។
ពាក្យបណ្តឹងនោះបានអះអាងថា មន្ត្រីរដ្ឋ Pennsylvania បានរំលោភរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដោយការបង្កើតប្រព័ន្ធបោះឆ្នោតពីរដោយខុសច្បាប់ ដែលការបោះឆ្នោតដោយផ្ទាល់ធ្វើឡើងដោយមានការត្រួតពិនិត្យជាងការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។
ពាក្យបណ្តឹងនោះបានប្តឹងប្រឆាំងនឹងលេខាធិការរដ្ឋ Pennsylvania អ្នកស្រី Kathy Boockvar និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងស្រុកនានាដែលមានទំនោរទៅរកគណបក្សប្រជាធិបតេយ្យ ដែលរួមមានទីក្រុង Philadelphia និងទីក្រុង Pittsburgh ជាដើម។ ការិយាល័យរបស់អ្នកស្រី Boockvar មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយនោះទេ។
លោកប្រធានាធិបតី Trump ដែលបានចំណាយពេលរាប់ខែព្យាយាមធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយការចោទប្រកាន់គ្មានភស្តុតាងថាមានការលួចបន្លំសន្លឹកឆ្នោតនោះ បានសន្យាដាក់ពាក្យបណ្តឹងនេះ ដែលលោកសង្ឃឹមថានឹងអាចទាត់ចោលលទ្ធផលបោះឆ្នោតនៅតាមរដ្ឋមួយចំនួនដែលបានផ្តល់ឲ្យលោក Biden ឈ្នះនៅក្នុងការបោះឆ្នោត។
យុទ្ធនាការរបស់លោក Trump និងគណបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្តឹងមួយចំនួនចាប់ តាំងថ្ងៃបោះឆ្នោតមក ទាក់ទិននឹងការចោទប្រកាន់ថាមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។ ចៅក្រមបានច្រានចោលរឿងក្តីនោះរួចហើយនៅក្នុងរដ្ឋ Georgia និងរដ្ឋ Michigan៕