ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅកំពុងបន្ត ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតតាមរដ្ឋមួយចំនួន ដែលអាចឈានទៅដល់ការតតាំងតាមផ្លូវច្បាប់រយៈពេលយូរ។
នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៣ គឺរដ្ឋ Georgia រដ្ឋ Michigan និងរដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់នៅក្នុងការកំណត់អ្នកឈ្នះនៃការបោះឆ្នោតនេះ យុទ្ធនាការរបស់លោក Trump បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃពុធ ទាក់ទិននឹងរបៀបចាត់ចែងលើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ រីឯនៅក្នុងរដ្ឋ Wisconsin វិញ ក្រុមរបស់លោក Trump បានស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
នៅក្នុងការធ្វើដូច្នេះ ក្រុមរបស់លោក Trump បានប៉ុនប៉ងរារាំងការរាប់សន្លឹកឆ្នោតក្នុងចំនួនយ៉ាងច្រើនដែលផ្ញើតាមប្រៃសណីយ៍ ដែលលោក Trump បានអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំ និងថា ជួយដល់ក្ដីរំពឹងរបស់លោក Joe Biden ដើម្បីឈ្នះការបោះឆ្នោតនេះ។
លោក Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានគេប្រកាសថា ជាអ្នកឈ្នះនៅក្នុងរដ្ឋ Michigan និងរដ្ឋ Wisconsin ក៏ប៉ុន្តែលទ្ធផលនៅមិនទាន់ប្រកាសនៅក្នុងរដ្ឋ Georgia និងរដ្ឋ Pennsylvania នៅឡើយទេ។
លោក Bill Stepien អ្នកចាត់ចែងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសអំពីពាក្យបណ្ដឹងនេះនៅក្នុងរដ្ឋ Michigan ថា៖ «យើងក៏បានទាមទារឲ្យពិនិត្យសើរើមើលឡើងវិញលើសន្លឹកឆ្នោតទាំងនោះ ដែលបានបើក និងរាប់នៅពេលដែលយើងមិនមានលទ្ធភាពអាចពិនិត្យមើលឲ្យបានពេញលេញ»។
ពាក្យបណ្តឹងទាំងនេះ បានធ្វើឡើង បន្ទាប់ពីលោក Trump បានផ្តល់សញ្ញាកាលពីព្រឹកថ្ងៃពុធថា លោកនឹងប្តឹងផ្ទាល់ទៅតុលាការកំពូលឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍រាប់លានសន្លឹក។
អ្នកជំនាញច្បាប់និយាយថា គ្មានផ្លូវណាមួយដែលលោកប្រធានាធិបតី Trump អាចប្តឹងទៅតុលាការកំពូលដោយផ្ទាល់ដើម្បីឲ្យជួយបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតត្រឹមត្រូវតាមច្បាប់នោះទេ៕