កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្ដាលដង ស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកំពុងស្ថិតក្នុងភាពតក់ស្លុត ក្រោយពីមានការបាញ់ប្រហារសម្លាប់រង្គាលដ៏សាហាវបំផុតមួយដែលបានធ្វើឡើងដោយខ្មាន់កាំភ្លើងតែម្នាក់គត់បានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់សហរដ្ឋអាមេរិក។
លោក Trump បានថ្លែងនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយនៅទូទាំងប្រទេសបន្ទាប់ពីហេតុការណ៍បាញ់ប្រហារនៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada នេះ បានកើតឡើងមិនដល់ ១២ ម៉ោងផងថា៖ «យើងចូលរួមទាំងអស់គ្នានៅក្នុងសេចក្ដីសោកសង្រេង និងភាពតក់ស្លុតនេះ។ វាជាសកម្មភាពសាហាវយង់ឃ្នងជាទីបំផុត»។
លោក Trump បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Las Vegas នៅថ្ងៃពុធស្អែក ដើម្បីគោរពជនរងគ្រោះ និងជួបជាមួយនឹងអ្នកនៅរស់រានមានជីវិត។
នៅក្នុងសុន្ទរកថារបស់លោក លោក Trump មិនបានលើកឡើងអំពីបញ្ហាកាំភ្លើងនោះទេ។ ប៉ុន្តែជាថ្មីម្ដងទៀត សោកនាដកម្មនៅទីក្រុង Las Vegas នេះ បានបណ្ដាលឲ្យមានការជជែកដេញដោលថ្នាក់ជាតិអំពីការគ្រប់គ្រងអាវុធ។
មេដឹកនាំគណបក្សសំឡេងភាគតិចនៃរដ្ឋសភាលោកស្រី Nancy Pelosi បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភាលោក Paul Ryan កាលពីថ្ងៃចន្ទម្សិលមិញ ដោយជំរុញឲ្យមានការបង្កើតនូវគណៈកម្មាធិការពិសេសមួយទទួលបន្ទុកខាងអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង ដើម្បីបង្កើតច្បាប់ដ៏ត្រឹមត្រូវមួយក្នុងការគ្រប់គ្រងកាំភ្លើង៕