ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានពោលអះអាងកាលពីថ្ងៃពុធថា ក្រុមអ្នកស៊ើបអង្កេតដែលបានចាប់ផ្តើមការស៊ើបអង្កេតពីដំបូងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ បានប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានប្រព្រឹត្តអំពើក្បត់ជាតិដើម្បីកុំឲ្យលោកឈ្នះការបោះឆ្នោត។
ប្រធានាធិបតី ត្រាំ បានប្រកាសថា៖ «អ្វីទាំងអស់ជាអំពើទុច្ចរិត។ មានការស្រេកឃ្លាននៅក្នុងប្រទេសនេះដើម្បីឲ្យលោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើការស៊ើបអង្កេតដែលលោកបានប្រកាសតាំង កាលពី ៣ ឆ្នាំមុន ពីការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អំពីការទាក់ទងរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយប្រទេសរុស្ស៊ី»។
ប្រធានាធិបតី ត្រាំ បានគំរាមអតីតមន្រ្តីក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលលោកបានហៅពួកគេថា «អ្នកស៊ើបអង្កេតមិនល្អ» ចំពោះតួនាទីរបស់ពួកគេ ក្នុងការចាប់ផ្តើមអ្វីដែលនៅទីបំផុតនាំឲ្យមានការស៊ើបអង្កេតអស់រយៈពេល ២២ ខែរបស់លោក Robert Mueller ស្មាក្តីពិសេសនៅក្នុងការជាប់ទាក់ទិនរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយរុស្ស៊ីហើយថា តើលោក ត្រាំ ក្នុងឋានៈជាប្រធានាធិបតីបានរំលោភយុត្តិធម៌ ដោយការព្យាយាមបង្អាក់ការស៊ើបអង្កេតនេះដែរឬទេ»។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា៖ «អ្វីដែលពួកគេបានធ្វើជាការអាម៉ាសមួយ។ វាជាការស៊ើបអង្កេតខុសច្បាប់។ វាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ជាការប៉ុនប៉ងទម្លាក់ប្រធានាធិបតី។ អ្វីដែលពួកគេបានធ្វើជាការក្បត់ជាតិ»។
ប្រធានាធិបតីត្រាំនិយាយថា លោកមិនបានអានរបាយការណ៍របស់លោក Mueller ទេ ក៏ប៉ុន្តែបានប្រកាសថា លោកឈ្នះ។ មិនមានការឃុបឃិត ការរំលោភយុត្តិធម៌ទេ។ ខ្ញុំបានរួចទោសទាំងស្រុង៕