ប្រធានាធិតីសហរដ្ឋអាមេរិកលោក Donald Trump បានដើរពិនិត្យមើលកន្លែងមួយចំនួនក្នុងទីក្រុង Kenosha រដ្ឋ Wisconsin នៅថ្ងៃអង្គារ ដែលត្រូវទទួលរងការខូចខាតកាលពីសប្តាហ៍មុនដោយកុបកម្មប្រឆាំងតវ៉ា បន្ទាប់ពីបុរសស្បែកខ្មៅលោក Jacob Blake ត្រូវបានប៉ូលិសស្បែកសម្នាក់បាញ់ចំខ្នង៧គ្រាប់ បណ្តាលឲ្យរបួសធ្ងន់ នៅពេលដែលមន្ត្រីប៉ូលិសព្យាយាមចាប់រូបគាត់។
លោកត្រាំបានលើកឡើងក្នុងពេលអង្គុយពិភាក្សាជាមួយមន្រ្តីអនុវត្តច្បាប់ថា៖ «អ្នកត្រូវតែហ៊ានធ្វើការសម្រេចចិត្ត អ្នកត្រូវមានភាពតឹងតែងនិងរឹងមាំ ហើយអ្នកត្រូវបញ្ជូនកម្លាំងបន្ថែម ដើម្បីបង្ក្រាបនូវអំពើហិង្សាដែលកំពុងតែកើតមានឡើង»។ លោកត្រាំបន្ថែមថា៖ «អ្នកត្រូវប្រឈមជាមួយអ្នកបង្កអនាធិបតេយ្យ អ្នកចូលលួចក្នុងហាងទំនិញ និងអ្នកបង្កើតចលាចលផ្សេងៗ។ អ្នកមានក្រុមមនុស្សក្រឡុកសភាពការណ៍ និងមនុស្សគ្រប់ប្រភេទដែលត្រូវប្រឈមជាមួយ»។
ចំណែកលោក Joe Biden វិញ ដែលជាអតីតអនុប្រធានាធិបតីនិងជាគូប្រជែងជាមួយលោកត្រាំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះ បានរិះគន់ដល់លោកត្រាំ ដែលមិនបានថ្កោលទោសចំពោះអំពើហិង្សានានា។ ក្នុងនោះរួមមានអ្នកបាញ់ប្រហារទៅលើកក្រុមអ្នកប្រឆាំងតវ៉ា ក្នុងទីក្រុង Kenosha ដែលបណ្តាលឲ្យក្រុមបាតុករ២នាក់បានស្លាប់ និងរងរបួសម្នាក់ផ្សេងទៀតផងដែរ នៅក្នុងអំឡុងពេលនៃការធ្វើកុបកម្មទាក់ទងនឹងការបាញ់ប្រហារលោក Blake។
អនុប្រធានយុទ្ធនាការបោះឆ្នោតរបស់លោក Joe Biden លោកស្រី Kate Bedingfield ថា ដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុង Kenosha គ្រាន់តែជាការបង្ហាញនូវភាពបែកបាក់ដែលបង្កើតឡើងដោយលោកត្រាំ និងមិនបានបង្ហាញនូវដំណោះស្រាយអ្វីទាំងអស់៕
លោក Trump បានទៅទស្សនាទីក្រុង Kenosha ដែលមានពលរដ្ឋ១០០.០០០នាក់នៅជាប់បឹង Michigan ភាគកណ្តាលសហរដ្ឋអាមេរិក បើទោះបីអភិបាលក្រុងនិងអភិបាលរដ្ឋ Wisconsin លោក Tony Evers បានប្រឆាំងថា ទស្សនកិច្ចនេះ ឆាប់ពេក ខណៈប៉ូលិសនៅស៊ើបអង្កេតការបាញ់លោក Blake ដែលក្រុមគ្រួសារលោកថានៅពេលនេះរាងកាយលោក Blake មិនអាចមានចលនាដោយកន្លែង។ លោក Trump មិនបានជួបជាមួយក្រុមគ្រួសារលោក Blake ទេ។
អភិបាលរដ្ឋ Wisconson លោក Evers ដែលមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជូនកម្លាំងទ័ពឆ្មាំជាតិទៅជួយគ្រប់គ្រងស្ថានភាពនៅក្រុង Kenosha ហើយក្រោយមកបានយល់ព្រមទទួលជំនួយកងកម្លាំងសហព័ន្ធតាមសំណើសេតវិមាន៕