ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជូនសំណើថវិកាចំនួន ៤,៤ លានលានដុល្លារអាមេរិកទៅកាន់សភា។ សំណើថវិកានេះមានរួមបញ្ចូលថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងប្រទេស និងការពង្រឹងកងកម្លាំងយោធាផងដែរ។ ប៉ុន្តែ សំណើថវិកានេះត្រូវគេរំពឹងថានឹងបង្កើនឱនភាពថវិការបស់រដ្ឋាភិបាលសហព័ន្ធជាង ១ លានលានដុល្លារអាមេរិក។
មន្ត្រីសេតវិមាននានាស្ទើរតែទទួលស្គាល់ថា សំណើដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ មានឱកាសតិចតួចប៉ុណ្ណោះក្នុងការក្លាយទៅជាច្បាប់ ដោយសារតែសភាសហរដ្ឋអាមេរិកតែមួយគត់ដែលជាអ្នកគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ ប៉ុន្តែ សេតវិមានអះអាងថា សំណើថវិកានេះគឺជាសារដ៏សំខាន់មួយអំពីអាទិភាពរបស់លោកប្រធានាធិបតី Donald Trump។
ប្រធានផ្នែកថវិកានៃសេតវិមានលោក Mick Mulvaney បានប្រាប់អ្នកសារព័ត៌មាននានាកាលពីថ្ងៃចន្ទម្សិលមិញថា៖ «សំណើថវិកានេះគឺជាឯកសារបញ្ជូនសារឲ្យដឹង»។
សំណើថវិការបស់លោក Trump ស្នើឲ្យមានការកាត់បន្ថយជាច្រើនចំពោះកម្មវិធីក្នុងប្រទេសមួយចំនួនដូចជាកម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់មនុស្សចាស់និងជនពិការដែលហៅថា Medicare កម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់ជនក្រីក្រដែលហៅថា Medicaid និងកម្មវិធីជំនួយម្ហូបអាហារសម្រាប់ជនក្រីក្រដែលហៅថា food stamps ជាដើម។
ប៉ុន្តែ សំណើថវិកានេះនៅតែមិនអាចធ្វើឲ្យមានតុល្យភាពចំពោះថវិការបស់រដ្ឋាភិបាលសហព័ន្ធដដែល ដែលមួយផ្នែកបណ្ដាលមកពីការកាត់បន្ថយចំណូលសម្រាប់រដ្ឋាភិបាលសហព័ន្ធដោយសារតែការកាត់បន្ថយការយកពន្ធលើប្រាក់ចំណូលដែលបានអនុម័តកាលពីចុងឆ្នាំមុន៕