លោកប្រធានាធិបតីអាមេរិក Donald Trump បានសន្យាថា នឹងធ្វើការសម្រេចចិត្តដ៏ធំមួយទៅលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ។
លោកបានថ្លែងសុន្ទរកថាកាលពីល្ងាចថ្ងៃសៅរ៍ គម្រប់ថ្ងៃទី១០០ ដែលលោកបានចូលកាន់តំណែងនៅក្នុងការប្រមូលផ្តុំសាធារណៈមួយនៅក្នុងទីក្រុង Harrisburg រដ្ឋ Pennsylvania។ លោកបានថ្លែងនៅលើវេទិកាមួយទៅកាន់មនុស្ស១ម៉ឺននាក់ ដែលជាអ្នកគាំទ្ររបស់លោក ដែលពួកគេបានស្រែកគាំទ្រលោកថា «អាមេរិក! អាមេរិក! អាមេរិក!»។
នៅមុនពេលលោកប្រធានាធិបតីថ្លែងសុន្ទរកថា មានអ្នកតវ៉ាម្នាក់ត្រូវបានគេចាប់ផ្តួលនិងចាប់យកចេញពីហ្វូងមនុស្ស។ លោកប្រធានាធិបតីបានស្រែកថា «ចាប់យកគាត់ចេញ» ខណៈដែលអ្នកហ្វូងអ្នកគាំទ្របានស្រែកគាំទ្រលោកជាថ្មីទៀត។
លោកប្រធានាធិបតីបានសម្តែងអារម្មណ៍ធូរចិត្តដែលមិនត្រូវទៅចូលរួមក្នុងពិធីអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន ដែលជាពិធីប្រចាំឆ្នាំមួយនៅក្នុងរដ្ឋធានី Washington ដែលត្រូវប្រារព្ធឡើងក្នុងពេលតែមួយជាមួយនឹងការប្រមូលផ្តុំសាធារណៈរបស់លោក។
លោកបានចង្អុលទៅកាន់អ្នកសារព័ត៌មានដែលទៅយកព័ត៌មានអំពីសុន្ទរកថារបស់លោកនិងបាននិយាយថា «ក្រឡេកមើលអ្នកសារព័ត៌មាននៅខាងក្រោយនោះ! ពួកគេគួរតែមកទីនេះជាជាងទៅចូលរួមក្នុងពិធីនោះ។ ខ្ញុំប្រាប់អ្នក»។
ហ្វូងមនុស្សបានសើចចំអកនៅពេលលោកនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយ ហើយបានស្រែកគាំទ្រនៅពេលលោក Trump បានលើកឡើងពីបណ្តាញទូរទស្សន៍មួយចំនួនដែលលោកបានចោទប្រកាន់ថាជា «ព័ត៌មានក្លែងក្លាយ»។ លោកបាននិយាយថា លោកឲ្យពិន្ទុប្រព័ន្ធផ្សព្វផ្សាយ «បរាជ័យយ៉ាងខ្លាំង» នៅក្នុងការចុះផ្សាយព័ត៌មានអំពីរូបលោកក្នុងរយៈពេល១០០ថ្ងៃដំបូងដែលលោកចូលកាន់តំណែង៕