លោក Trump ធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស

ម្ចាស់ក្សត្រី Queen Elizabeth II យាង​ស្វាគមន៍​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយារបស់​លោក គឺ​លោកស្រី Melania Trump នៅ​សួន​ផ្កា​ព្រះរាជវាំង Buckingham ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ដែល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹងសមាជិក​រាជវង្ស​អង់គ្លេស ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ផ្លូវ​រដ្ឋ និង​ពិភាក្សា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May។

នៅ​ពេល​ដែល​លោក​ចាកចេញ​ពី​សេតវិមាន លោក Trump បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​គឺ «គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត» ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា លោក​គិត​ថា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​មាន​ឱកាស​ក្នុង​ការ​សម្រេច​បាន​នូវ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត» មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Trump នេះ​បាន​ធ្វើ​ឡើង​ នៅ​ចំ​ពេល​ដែល​អង់គ្លេស​ស្ថិត​ក្នុង​ស្ថានភាព​ច្របូកច្របល់​ផ្នែក​នយោបាយ។ លោកស្រី May បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា លោកស្រី​នឹង​លាលែង​ពី​តំណែង បន្ទាប់ពី​លោកស្រី​មិន​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

កិច្ចការ​នៃ​ដំណើរការ​ចាកចេញ​របស់​អង់គ្លេស​នេះ​នឹង​ត្រូវ​ផ្ទេរ​ឲ្យ​នាយករដ្ឋមន្ត្រី​បន្ទាប់ ដោយ​គេ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ណា​មួយ​ច្បាស់លាស់​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​នៅ​អង់គ្លេស​ទាក់ទិន​នឹង​រឿង​ចាកចេញ​នេះ។

លោក Trump បាន​គាំទ្រ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក Boris Johnson ជា​សាធារណៈ និង​បាន​ប្រាប់​អ្នក​កាសែត​នានា​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ថា នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​អង់គ្លេស​លើក​នេះ លោក​ប្រហែល​ជា​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Johnson និង​លោក Nigel Farage ដែល​ជា​អ្នក​នយោបាយ​គាំទ្រ​ការ​ចាកចេញ​របស់​អង់គ្លេស៕