ថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ Trumpបានបង្កើនការរិះគន់ទៅលើការរាយការណ៍ព័ត៌មានអំពីរដ្ឋបាលរបស់លោក ហើយជាថ្មីម្តងទៀត លោកបង្ហោះខ្លឹមសាររិះគន់នេះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលលោកចូលចិត្ត។ លោកបានសរសេរនៅលើបណ្តាញ Twitter ថា «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺជាសត្រូវរបស់ពលរដ្ឋអាមេរិកាំង»។
សារដែលបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ពីដំបូងរបស់លោកសំដៅទៅលើកាសែត The New York Times ទូរទស្សន៍ CNN និងទូរទស្សន៍ NBC តែប៉ុណ្ណោះ ដែលស្ថាប័នទាំងនោះស្ថិតក្នុងបញ្ជីឈ្មោះសត្រូវរបស់លោក។ ទោះជាយ៉ាងនេះក្តី សារនោះត្រូវបានលុបចោលភ្លាមៗ ហើយសារទាំងនោះត្រូវបានជំនួសដោយសារថ្មីមួយដែលស្ទើរតែដូចគ្នាទៅនឹងសារចាស់ ដោយមានបន្ថែមបណ្តាញទូរទស្សន៍ក្នុងស្រុកចំនួនពីរទៀតគឺទូរទស្សន៍ ABC និងទូរទស្សន៍ CBS ។
ការវាយប្រហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយបំផុតស្របពេលដែលការវាយប្រហារដោយពាក្យធ្ងន់ៗរបស់លោកTrumpដែលធ្វើឡើងជាបន្តបន្ទាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្តហោះ Boeing នៅក្នុង រដ្ឋ South Carolina កាលពីខែកុម្ភៈកន្លងទៅ។
ក្រោយមក លោកប្រធានាធិបតីបានធ្វើដំណើរទៅកាន់រដ្ឋFlorida ដែលជាកន្លែងលោកបានចំណាយពេលចុងសប្តាហ៍របស់លោកនៅវិមាន Mar-a-Lago របស់លោក។
នៅពេលប្រធានាធិបតីបានមកដល់វិមានដែលលោកហៅថាជា Winter White House ឬសេតវិមានរដូវរងារបស់លោកនោះ បណ្តាញសង្គមនិងបណ្តាញប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្តើមការពិភាក្សាអំពីអត្ថន័យនៃការហៅសារព័ត៌មានកំពូលៗរបស់អាមេរិកថាជា «សត្រូវរបស់ប្រជាជន» របស់លោកTrumpដែលឃ្លានេះធ្លាប់ត្រូវបានប្រើប្រាស់តាំងពីក្នុងសម័យរ៉ូមបុរាណ ហើយត្រូវបានគេប្រើជាមួយលទ្ធផលចុងក្រោយដ៏គួរឲ្យខ្លាចក្នុងអំឡុងពេលបដិវត្តន៍កុម្មុយនិស្តនៅប្រទេសរុស្ស៊ីកាលពីមួយសតវត្សរ៍មុន។
មន្ត្រីការទូតអាមេរិករំឭកដល់មេដឹកនាំផ្តាច់ការ
លោក Tom Malinowski ដែលជាអតីតឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានសរសេរក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitterថា៖ «ក្នុងនាមជាអ្នកការទូតអាមេរិក ខ្ញុំបានក្រោកឡើងប្រឆាំងនឹងមេដឹកនាំផ្តាច់ការដែលបានហៅអ្នកសារព័ត៌មានថាជា«សត្រូវរបស់ប្រជាជន»។ នេះមិនមែនជាគោលនយោបាយរបស់យើងទៀតឡើយ»។
លោក Mitchell Orenstein សាស្រ្តាចារ្យសិក្សាអំពីរុស្ស៊ីនិងអឺរ៉ុបខាងកើតនៅសាកលវិទ្យាល័យ Pennsylvania បាននិយាយថា៖ «វាគឺជាឃ្លាដ៏ចម្រូងចម្រាសបំផុតមួយក្នុងប្រវត្តិសាស្រ្តសូវៀត»។
ឃ្លានេះមានប្រភពក្នុងភាសាឡាតាំង ក្នុងសម័យចក្រភពរ៉ូម ប៉ុន្តែឃ្លា«សត្រូវរបស់ប្រជាជន»នេះ ត្រូវបានគេប្រើប្រាស់ដ៏អាក្រក់បំផុតនៅក្នុងអំឡុងសតវត្សរ៍ទី ២០ នៅពេលមានការបោសសម្អាតមនុស្សដែលបញ្ជាដោយជនផ្តាច់ការសូវៀត ចូសេហ្វ ស្តាលីន (Josef Stalin) ដែលនាំឲ្យមានការសម្លាប់មនុស្សរាប់សិបលាននាក់។
ការប្រើឃ្លា «សត្រូវរបស់ប្រជាជន» នៅក្នុងសហភាពសូវៀតមិនមានជាប់ទោសទណ្ឌអ្វីឡើយ ប៉ុន្ដែជាញឹកញាប់បុគ្គលដែលនិយាយឃ្លានេះ គឺត្រូវបានគេរើសអើងដោយហេតុផលដើមកំណើតក្នុងសង្គម ឬដោយសារវិជ្ជាជីវៈមុនពេលបដិវត្តន៍។ ការហៅនេះត្រូវប្រដូចទៅនឹងជំងឺដែលមិនអាចព្យាបាលបាន។
លោក Orenstein ថ្លែងប្រាប់ VOA ថា៖«ន័យដើមរបស់ឃ្លានេះមានន័យគឺទោសប្រហារជីវិត»។
មនុស្សមួយចំនួនមើលឃើញភាពច្រំដែលក្នុងប្រវត្តិសាស្ត្រ
ឧក្រិដ្ឋកម្មរបស់ ស្តាលីន ត្រូវបានបង្ហាញទៅពិភពលោកដោយមេដឹកនាំសហភាពសូវៀត លោក Nikita Khrushchev នៅក្នុងសុន្ទរកថាដ៏រន្ធត់មួយដែលលោកថ្លែងទៅកាន់សមាជបក្សកុម្មុយនិស្តនៅឆ្នាំ ១៩៥៦ ដែលមានអាយុកាល ៦១ ឆ្នាំគត់គិតត្រឹមថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈកន្លងទៅនេះ។
សុន្ទរកថាដែលជាសុន្ទរកថាសម្ងាត់នៅពេលនោះ ត្រូវបានគេថ្លែងទៅកាន់ទស្សនិកជនដែលស្មោះត្រង់នឹងកុម្មុយនិស្តដ៏ច្រើន ដែលបានស្តាប់សុន្ទរកថានោះនៅក្នុងភាពភ័យខ្លាចស្ងៀមស្ងាត់ ប៉ុន្តែពាក្យសំដីរបស់លោក Khrushchev ត្រូវបានគេធ្វើឲ្យបែកធ្លាយដល់អ្នកសារព័ត៌មានលោកខាងលិច ហើយត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោកនៅថ្ងៃបន្ទាប់ពីការថ្លែងសុន្ទរកថានោះ។
លោក Serhiy Yekelchyk សាស្ត្រាចារ្យនិងជាអ្នកឯកទេសការសិក្សាអំពីសហភាពសូវៀតនៅសាកលវិទ្យាល័យ Washington ថ្លែងថា៖ «សម្រាប់លោក លេនីន និង លោក ស្តាលីន អ្នកសារព័ត៌មាននិងបញ្ញវន្តដែលមិនដើរតាមទស្សនៈវិស័យរបស់ពួកគេ គឺស្ថិតនៅក្នុងក្រុមខ្មាំងសត្រូវដែលពួកគេស្អប់ខ្ពើមខ្លាំងបំផុត។ ដើម្បីវាយប្រហារអ្នកទាំងនោះ មេដឹកនាំផ្តាច់ការទាំងពីរបានអូសទាញអ្នកទាំងនោះឲ្យដើរតាមទស្សនៈរបស់ពួកគេ»។
លោក Yekelchyk ប្រាប់ VOA ថា៖ «ខ្ញុំប្រាកដណាស់ថា អ្នកនឹងឃើញភាពច្រំដែលដែលធ្វើឲ្យមានអារម្មណ៍មិនសូវស្រួលនៅក្នុងការរៀបរាប់នេះ»។
បិតាស្ថាបនិកដ៏សំខាន់របស់សហភាពសូវៀត គឺជាជនបដិវត្តន៍កុម្មុយនិស្ត លោកVladimir Lenin ដែលជាបុគ្គលពេញចិត្តនឹងឃ្លា «សត្រូវរបស់ប្រជាជន»និងយកមកប្រើជានិមិត្តសញ្ញា។ អស់រយៈពេលជាច្រើនទសវត្សរ៍ក្រោយមក មេដឹកនាំផ្តាច់ការរបស់ប្រទេសចិន លោក ម៉ៅ សេទុង បានហៅអ្នកដែលរិះគន់គោលនយោបាយម៉ៅ និងបទបញ្ជារបស់លោកថាជា«សត្រូវរបស់ប្រជាជន» ដែលនាំឱ្យមានមហាទុរ្ភិក្សដ៏ធ្ងន់ធ្ងរ និងបានបណ្តាលឲ្យប្រជាជនចិនរាប់សិបលាននាក់ស្លាប់បាត់បង់ជីវិត។
លោក Orenstein ដែលបង្រៀនមុខវិជ្ជាមួយចំនួនទាក់ទងនឹងលទ្ធិកុម្មុយនិស្ត នៅសាកលវិទ្យាល័យAmerican university បានបន្ថែមថា គេសង្ឃឹមថា «ប្រធានាធិបតីអាមេរិកគួរតែទទួលបានការអប់រំគ្រប់គ្រាន់ដើម្បីដឹងអំពីរឿងបែបនេះ»។
អ្នកការពារលោកTrumpនិយាយថា «រឿងទាំងនេះនឹងត្រូវកែតម្រូវ»
សមាជិកសភាលោក Ted Yoho ខាងគណបក្សសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភា បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ CNN នៅពេលត្រូវបានសួរអំពីឃ្លាអុចអាល «សត្រូវរបស់ប្រជាជន»នេះ។
លោកបានព្យាករដោយមិនខ្វល់អំពីកម្រិតនៃផលអវិជ្ជមានដែលអាចកើតឡើងពីសារដែលបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា៖ «រឿងរ៉ាវទាំងនេះនឹងត្រូវកែតម្រូវ» ។
នៅក្នុងការចេញផ្សាយមួយមិនយូរប៉ុន្មានបន្ទាប់ពីលោកTrumpសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ទីភ្នាក់ងារព័ត៌មានបារាំងបានសរសេរថា ដែលប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនបានរិះគន់អ្នកសារព័ត៌មាន ប៉ុន្តែ «ភាសារិះគន់របស់លោក Trumpបានធ្វើឲ្យគេនឹងឃើញកាន់តែច្បាស់ដល់សាររិះគន់ របស់ក្រុមមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក»។
តើភាសាជ្រុលនិយមអាចចាត់ទុកថាជាអំពើហិង្សាឬ?
លោក J.M.Berger អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលអន្តរជាតិប្រឆាំងនឹងអំពើភេរវកម្ម (International Center for Counter-Terrorism) នៅទីក្រុងឡាអេ (The Hague) និងជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលយល់ស្របនឹងការកំណត់បុគ្គលិកលក្ខណៈបែបនេះ បានហៅភាសារបស់លោក Trump ថា«មានលក្ខណៈជ្រុលនិយម»។
លោក Berger បានថ្លែងប្រាប់ VOA ថា អ្នកគាំទ្រលោក Trump ខ្លះដែលនៅខាងក្រុមនិយមជ្រុល«អាចនឹងយល់ថា ភាសាដូចជាឃ្លាថា «សត្រូវរបស់ប្រជាពលរដ្ឋអាមេរិកាំង» គឺជាសញ្ញាបើកផ្លូវឲ្យមានអំពើហិង្សា»។
លោក Berger ដែលជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល និងការសិក្សាលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមជ្រុលនិយមបាននិយាយថា៖ «សាររបស់ប្រធានាធិបតីតាមរយៈ Twitter អាចញុះញង់មនុស្សដទៃទៀតដែលទោរទន់នឹងអំពើហិង្សា ដោយសារតែមនោគមនយោបាយឬដោយសារបញ្ហារោគចិត្ត»។
VOA បានសុំការអត្ថាធិប្បាយពីសេតវិមានអំពីការសរសេររបស់ប្រធានាធិបតីតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ប៉ុន្តែពុំមានការឆ្លើយតបភ្លាមៗនោះទេ៕
ប្រែសម្រួលដោយ ផន បុប្ផា