លោក ​ត្រាំ​ រិះគន់​ខ្លាំង​ដល់​ការ​ជំរុញ​ឱ្យមាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ស្ដាប់​សំណួរ​ក្នុង​សន្និសីទ​ប្រចាំ​ថ្ងៃ​អំពី​ករណី​កូវីដ១៩ នៅ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១០ មេសា ២០២០។

លោក ដូណាល់ ត្រាំ ​កំពុង​ធ្វើការ​ប្រយុទ្ធ​ខាង​នយោបាយ​ថ្មី​មួយ​ប្រឆាំង​នឹង​ការ​អនុម័ត​សិទ្ធិ​នៃ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ទូទាំង​ស.រ.អា.​ដោយ​អះអាង​ថា ​ការ​ធ្វើ​ដូច្នេះ ​អាច​នាំ​ឱ្យ​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត ​​និង​​នាំ​ឱ្យ​ពួក​ប្រជា​ធិបតេយ្យ​​ចំណេញ​ច្រើន​ក្រាស់​ក្រែលដែរ។

កាល​ពី​ពេល​ថ្មីៗ​ នេះ​ លោក​ ត្រាំ ​បាន​សុំ​សន្លឹក​ឆ្នោត​មួយ​សម្រាប់​ធ្វើការ​បោះឆ្នោត ដោយ​អវត្តមាន​តាម​រយៈ​ការ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បឋម​ក្នុង​រដ្ឋ​ Florida ​ដែល​ជា​រដ្ឋ​នៅ​ជាប់​ឆ្នេរ​មហា​សមុទ្រ​ អាត្លង់ទិក​ដែល​នៅ​ពេល​នេះ​ លោក​អះអាង​ថា ​ជា​កន្លែង​រស់​នៅ​ផ្លូវការ​របស់​លោក​ នៅ​ក្រោយ​លោក​បាន​ចំណាយ​ពេល​មួយ​ជីវិត​លោក​ជា​អ្នក​ស្រុក​រដ្ឋ​ញូវយ៉ក។

ក៏​ប៉ុន្តែ​លោក​បាន​និយាយ​តាម​ Twitter ​កាល​ពី​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា​ថា៖​ «ពួកសាធារណរដ្ឋ​គួរ​ប្រយុទ្ធ​ខ្លាំង​ក្លា​ប្រឆាំង​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ទូទាំង​រដ្ឋ»។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា៖ ​«ពួក​ប្រជា​ធិបតេយ្យ​កំពុង​ស្រែក​តវ៉ា​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​បែប​នេះ។​ការ​ធ្វើ​បែប​នេះ​នាំ​ឱ្យមាន​លទ្ធភាព​នៃ​ការ​បន្លំ​សន្លឹក​ឆ្នោត​ ហើយ​អាច​បណ្តាល​ឱ្យ​ពួក​សាធារណរដ្ឋ​ចាញ់​ឆ្នោត​ថែម​ទៀត​ផង​ដែរ»។​

នៅ​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ការ​រាតត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ស.រ.អា.​ ហើយ​ការ​បោះឆ្នោត​បឋម​មួយ​ចំនួន​បាន​ត្រូវ​ពន្យារ​ពេល​ហើយ​នោះ​ សមាជិក​ខ្លះ​នៃ​សភា​ស.រ.អា.​ ដោយ​ភាគ​ច្រើន​ជា​អ្នកគណបក្ស​ប្រជា​ធិបតេយ្យ​នោះ​បាន​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ឱ្យ​បាន​ច្រើន​ជាង​មុន​ជា​ការ​បន្ថែម​លើ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់។​

កាល​ពី​ថ្ងៃអង្គារ​ទី​៧​ខែ​មេសា​នៅ​ក្នុង​រដ្ឋ​ Wisconsin ​នា​ប៉ែកកណ្តាល​ខាង​លិច​ស.រ.អា.​ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ទៅ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ ​ទោះ​ណា​ជា​ប្រជា​រាស្ត្រ​ទាំង​នេះ​បាន​ឈរ​បន្ត​គ្នា​រហូត​ដល់​ពីរ​ម៉ោង​កន្លះ​ដើម្បី​បោះ​ឆ្នោត​ក៏​ដោយ។ ​ជា​ញឹក​ញយក្រុម​អ្នក​បោះឆ្នោត​បាន​ពាក់ម៉ាស់​ហើយ​ឈរ​ឃ្លាត​ពី​គ្នា​ពីរ​ម៉ែត្រ​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ពួក​គេ​បង្ហាញ​ខ្លួន​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត។​

ពួក​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ​ Wisconsin ​និង​គណបក្សសាធារណរដ្ឋ​បាន​ជំទាស់​នឹង​ការ​ពន្យារ​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៃ​ការ​បោះឆ្នោត​ដោយ​អវត្តមាន​នៅ​ពេល​ការ​បោះឆ្នោត​ថ្ងៃ​អង្គារ​ទី៧​ខែ​មេសា​ជិត​មក​ដល់។​

លោក​អតីត​អនុប្រធានាធិបតី​ Joe Biden ​ដែល​ទំនង​ជាគូ​ប្រជែង​របស់​លោក​Trump ​មកពី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​នោះឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​អំពាវនាវ​ឱ្យ​មាន​ការ​ពន្យារ​ពេល​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍។​

ជា​យូរយា​មក​ហើយ​ ពួក​ប្រជា​ធិបតេយ្យ​បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​ពង្រីក​លទ្ធភាព​បោះឆ្នោត​តាម​រយៈការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដោយ​ផ្អែក​លើ​ទ្រឹស្តី​ថា​ ​វា​ផ្តល់​ជម្រើស​ងាយ​ជាង​មុន​ក្នុង​ការ​បោះឆ្នោត​ជា​ជាង​បង្ហាញ​ខ្លួន​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ដោយ​មាន​មនុស្ស​ច្រើន​ជាង​មុន​អាច​បោះឆ្នោត​បាន។

ការ​បោះឆ្នោត​បែប​នេះ​ក៏​ទំនង​ជា​នឹង​ជួយ​ពួក​ប្រជា​ធិបតេយ្យ​ឱ្យ​ឈ្នះ​ឆ្នោត​ច្រើន​ជាង​មុន​ដែរ។​ការ​បោះឆ្នោតកាលពី​ពេល​មុនៗ​បាន​បង្ហាញ​ថា​ ពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណ​រដ្ឋ​មាន​ការ​ប្តេជ្ញា​ជាង​ពួក​ប្រជា​ធិបតេយ្យ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​កន្លែង​បោះឆ្នោត ហើយ​ក្នុង​ឋានៈ​ជា​ក្រុម​មួយ​ ពួក​នេះ​មិន​ត្រូវការ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ទេ។​

លោក ​ត្រាំ ​បាន​និយាយ​អះអាង​ថា ​ប្រសិន​បើ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ក្លាយ​ទៅ​ជា​វិធី​សំខាន់​មួយ​នៃ​ការ​បោះឆ្នោត «លោក​អ្នក​នឹង​ឃើញ​ថា​គ្មាន​អ្នក​សាធារណរដ្ឋ​ណា​ម្នាក់​ជាប់​ឆ្នោត​នៅ​ក្នុង​ប្រទេស​នេះ​ទៀត​ទេ»។

ជាការណ៍​ពិត​ជាក់ស្តែង​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មាន​មុខ​នាទី​សំខាន់​មួយ​រួច​ស្រេច​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ខ្លះ​នៅ​ក្នុង​ស.រ.អា.​ ក៏​ប៉ុន្តែ​មិនមែន​នៅ​ទូទាំង​ប្រទេស​អាមេរិក​ទេ ​ហើយ​ក៏​មិន​មែន​តែ​នៅ​ក្នុង​រដ្ឋ​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែរ។

វិទ្យាស្ថាន​ National Vote at Home ​និយាយ​ថា​ នៅ​ក្នុង​ផ្នែក​ខាង​លិច​ប្រទេស​៦៩​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​បាន​ត្រូវ​បោះ​តាម​ប្រៃសណីយ៍ក៏​ប៉ុន្តែ​មាន​តែ​២៧​ភាគ​រយ​ទេ​នៅ​ទូទាំង​ប្រទេស​អាមេរិក។​

ប៉ែក​ខាង​លិច​នៃ​ប្រទេស​អាមេរិកដោយ​មាន​រួម​បញ្ចូល​ទាំង​រដ្ឋ ​Utah ​ដែល​ជា​រដ្ឋ​អភិរក្ស​និយម​ខ្លាំង​ផង​ដែរ​ហើយ​ដែល​បោះឆ្នោត​គាំទ្រ​ច្រើន​ដល់​ពួក​សាធារណរដ្ឋ​នោះ​ ​បាន​ចាត់វិធាន​កាន់​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​សឹង​តែ​ទាំង​ស្រុង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​រដ្ឋលេខាធិការ​ខាង​កិច្ចការ​រដ្ឋ​នៃ​រដ្ឋ​ វ៉ាស៊ីនតោន ​នៅ​ផ្នែក​ពាយ័ព្យ​ប្រទេស​អាមេរិក​ខាង​គណបក្ស​សាធារណ​រដ្ឋ​ក៏​គាំទ្រ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដែរ។​

ពួក​ប្រជា​ធិបតេយ្យ​គ្មាន​ជោគជ័យ​នៅ​ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​របស់ពួក​គេ​ឱ្យ​បញ្ចូល​ជំនួយ​ហិរញ្ញវត្ថុ​ដល់​រដ្ឋ​ដែល​អនុម័ត​យក​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ទេពី​ព្រោះ​កាល​ពីពេល​ថ្មីៗ​នេះ​ ពួក​គេ ​បាន​អនុម័ត​កញ្ចប់​ជួយ​សង្គ្រោះ​មាន​ទឹក​ប្រាក់​២​លាន​លាន​ដុល្លារ​នៅ​ពេល​ស.រ.អា.​មាន​ការ​រាតត្បាត​ដោយ​មេរោគ​វីរុស​កូរ៉ូណា។​

ពួក​សាធារណ​រដ្ឋ​នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​បាន​ប្រឆាំង​ជា​ខ្លាំង​នឹង​ការ​បោះ​ឆ្នោត​បែប​នេះ​ ដោយ​និយាយ​យោង​អំពី​កង្វល់​ខាង​សន្តិសុខ​និង​ជំទាស់​នឹង​ការ​កែប្រែ​ច្បាប់​បោះឆ្នោតជា​ផ្នែក​មួយ​នៃ​វិធានការ​ផ្តល់​ជំនួយ​នៅ​ពេល​ស.រ.អា.​មាន​ការ​រាតត្បាត​ដោយ​មេរោគ​វីរុស​កូរ៉ូណា។​

នៅ​ពេល​នេះ​ សកម្មជន​ប្រជា​ធិបតេយ្យ​ម្នាក់​គឺ​អ្នកស្រី​ Neena Tanden ​ប្រធាន​នៃ​មជ្ឈមណ្ឌល ​Center for American Progress ​បាន​និយាយ​ថា៖ ​«ជាមួយ​ភាព​ឆ្កួត​វង្វេង​នៃ​រដ្ឋ​ Wisconsinពួក​ប្រជា​ធិបតេយ្យ​មាន​ភ័ស្តុតាង​ថា​ ពួក​គេ​ត្រូវ​ការ​ធ្វើ​ការ​បោះឆ្នោត​បែប​នេះ​ឱ្យ​ទៅ​ជា​ការ​ចាំ​បាច់​មួយ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា»។​

អ្នកស្រី​ Tanden ​ បាន​សុំ​ដល់​ពួក​ប្រជា​ធិបតេយ្យ​ឱ្យ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ការ​បោះ​ឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ក្លាយ​ទៅ​ជា​លទ្ធភាព​មួយ​នៅ​ទូទាំង​ប្រទេស​ជា​«ផែនការ​ជំនួស»​មួយ​ក្នុង​ករណី​ដែល​ការ​រាតត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា​បន្ថយ​ចំនួន​មនុស្ស​ទៅ​បោះ​ឆ្នោត​ដោយ​ផ្ទាល់។​

នៅ​ក្នុង​សន្និសីទ​កាសែត​របស់​លោក​អំពី​មេរោគ​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​អង្គារទី៧​ខែ​មេសា​លោក​ Trump ​ បាន​សម្តែង​ការ​ជំទាស់​របស់​លោក​ដល់​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ជា​ពិសេស​ខ្លាច​មាន​សកម្មជន​ខ្លះ​ប្រមូល​សន្លឹក​ឆ្នោត​នៃ​មនុស្ស​ច្រើន​នាក់​ជា​ជាង​មនុស្ស​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដោយ​ខ្លួន​ឯង។​

លោក ​Trump ​បាន​ថ្លែង​ថា៖​ «ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នាំ​ឱ្យមាន​ហានីភ័យ​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​នេះ​ ពី​ព្រោះ​មាន​ការ​គៃ​បន្លំ។​ ពួក​គេ​ទៅ​ប្រមូល​សន្លឹក​ឆ្នោត​នាំ​ឱ្យ​មាន​ការ​គៃ​បន្លំ​នៅ​ក្នុង​ករណី​ជា​ច្រើន។​ លោក​អ្នក​ត្រូវ​ទៅ​បោះ​ឆ្នោត។ ​ពួក​អ្នក​បោះឆ្នោត​ត្រូវ​មាន​អត្ត​សញ្ញាណ​អ្នក​បោះឆ្នោត។​លោក​អ្នក​ចង់​ធ្វើ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ។​ លោក​អ្នក​ត្រូវ​មាន​អត្តសញ្ញាណ​អ្នក​បោះឆ្នោត»៕

ប្រែសម្រួល​ដោយ​ឈឹម​ សុមេធ