លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងព្រះទាយាទរង Mohammed bin Salman នៃប្រទេសអារ៉ាប៊ី សាអូឌីតបានព្រមព្រៀងគ្នាស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តរវាងប្រទេសទាំង២។ នេះជាការផ្តល់សញ្ញានៃចំណងទាក់ទងប្រសើរឡើងបន្ទាប់ពីរដ្ឋបាលរបស់លោកបារ៉ាក់ អូបាម៉ា បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៥ជាមួយប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងនៅក្នុងតំបន់។
សេតវិមានបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា មេដឹកនាំទាំង២បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់ខ្លួនដល់ស្ថិរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាដែលត្រូវបានប្រឈមដោយមហិច្ឆិតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយនិងជម្លោះនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ លីប៊ី និងប្រទេសយេម៉ែន។
លោកប្រធានាធិបតីអាមេរិកត្រាំ និងព្រះអង្គម្ចាស់ Mohammed ដែលបានជួបគ្នាកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏បានព្រមព្រៀងគ្នាស្វែងរកវិធានការបន្ថែមដើម្បីបង្កើតឱកាសខាងពាណិជ្ជកម្ម និងការវិនិយោគទុន រួមមានការទំនាក់ទំនងខាងថាមពល ជាផ្នែកមួយដែលប្រទេសអារ៉ាប៊ីសាអូឌីត មានភាគហ៊ុនយ៉ាងធំ និងជាប្រទេសនាំប្រេងចេញកំពូលរបស់ពិភពលោក។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា លោកនឹងគាំទ្រកម្មវិធីរួមគ្នាថ្មីដែលរចនាឡើងដើម្បីផ្តល់កម្លាំងដល់កិច្ចផ្តួចផ្តើមក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ហើយនិងវិស័យផ្សេងៗទៀតដែលអាចមានទឹកប្រាក់ជាង២រយពាន់លានដុល្លារនៅក្នុងការវិនិយោគទុនដោយផ្ទាល់ និងដោយប្រយោលនៅកំណត់ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បានប្រាប់ឲ្យដឹងថា ប្រទេសទាំង២ គ្រោងនឹងពង្រីកកិច្ចសហការខាងសេដ្ឋកិច្ច ដែលអាចបង្កើតការងារអាមេរិករហូតដល់១លានការងារនៅក្នុងរយៈពេល៤ឆ្នាំបន្ទាប់ទៀត៕