លោក Trump និង​លោក Biden ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​អំពី​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩

  • Steve Herman

លោក Donald Trump ប្រធានាធិបតីអាមេរិក (ស្តាំ) និងលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​ទៅវិញ​ទៅមក ​អំពី​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ នៅក្នុង​ការ​ថ្លែង​របស់​ពួកគេ​រៀងៗ​ខ្លួន​ ក្នុង​ទិវា​ពលកម្ម​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

លោក​ប្រធានាធិបតី Trump បាន​ទាមទារ​ឲ្យ​លោក Biden និង​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Kamala Harris ឲ្យ «សុំអភ័យទោស​ជាបន្ទាន់​ចំពោះ​វោហាសាស្ត្រ​មិន​ប្រយ័ត្នប្រយែង​ប្រឆាំង​នឹង​វ៉ាក់សាំង​នេះ»។

លោក Biden បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា លោក​ចង់​ឃើញ​វ៉ាក់សាំង​នៅ​ថ្ងៃ​ស្អែក ទោះ​វា​ធ្វើ​ឲ្យ​លោក​ចាញ់​ឆ្នោត​ក៏ដោយ។ ប៉ុន្តែ លោក​ថា «ប្រសិនបើ​យើង​ប្រាកដជា​មាន​វ៉ាក់សាំង​ល្អ​ពិតមែន​ក៏​ដោយ ក៏​ពលរដ្ឋ​នឹង​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នោះ​ដែរ ដោយសារតែ​ការ​និយាយ​ខុស​និង​ការនិយាយ​កុហក​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក​ប្រធានាធិបតី​ទាក់ទិន​នឹង​វីរុស​នេះ «កំពុង​បំផ្លាញ​ទំនុកចិត្ត​របស់​សាធារណជន»។

លោក Biden ក្រោយមក​បាន​និយាយ​ក្នុង​ពិធី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តាម​អនឡាយ​មួយ​ជាមួយ​សហព័ន្ធ​សហជីព​ការងារ​សហរដ្ឋ​អាមេរិក ឬ AFL-CIO ថា «អ្វី​ដែល​លោក Trump ប្រាប់​ពួក​យើង​កន្លង​មក គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ»។

លោក​ប្រធានាធិបតី Trump ដែល​ធ្វើ​សន្និសីទ​កាសែត​នៅ​សេតវិមាន បាន​និយាយ​ថា ផ្ទុយ​ពី «ការ​ភូត​កុហក​ខាង​នយោបាយ» វ៉ាក់សាំង​ណា​ដែល​ទទួល​បាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ក្នុង​ការ​ផ្ដល់​ជូន​សាធារណជន​ទូទៅ គឺ​ជា​វ៉ាក់សាំង​ដែល​នឹង​មាន «សុវត្ថិភាព​និង​ប្រសិទ្ធភាព​បំផុត»៕