លោក Trump និង​លោក Biden ទៅ​ឃោសនា​នៅ​​រដ្ឋ​ Minnesota និង Wisconsin ​ដូច​គ្នា​​​នៅ​ថ្ងៃ​សុក្រ

  • Steve Herman

រូបឯកសារ៖ ក្រុម​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គ្រវី​ទង់ជាតិ​នៅ​សារមន្ទីរ Perez Art Museum ក្រុង Miami រដ្ឋ Florida ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ដោយ​នៅ​សល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ដល់​ថ្ងៃ​ការ​បោះឆ្នោត​ ប្រធានាធិបតី​អាមេរិក​បេក្ខជន​ប្រធានាធិបតីទាំង​ពីរ​ កំពុង​ផ្តោត​លើ​កិច្ចប្រឹង​ប្រែង​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​សុក្រ ​ក្នុង​រដ្ឋ​សំខាន់ៗ​បួន។

លោក​ប្រធានាធិបតី ​Donald Trump នឹង​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ​ Michigan, Minnesota និង​រដ្ឋ​ Wisconsin ស្រប​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Joe Biden នឹង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Minnesota, Wisconsin និងរដ្ឋ ​Iowa។​

រដ្ឋ Michigan មាន​អង្គ​បោះឆ្នោតសរុប​ចំនួន ​១៦ ​ហើយ​ រដ្ឋ​ Minnesota និង​ Wisconsin មាន​អង្គ​បោះឆ្នោត ១០ ​ដូច​គ្នា ចំណែក​ Iowa មាន ៦។

កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍ លោក Trump និង​លោក Biden បាន​ផោ្តតធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រដ្ឋ Florida ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ដូច​គ្នា ដែលជា​រដ្ឋ​លោកប្រធានាធិបតី​ Trump បាន​ឈ្នះ​នៅ​ក្នុង​ឆ្នាំ ​២០១៦។

កាល​ពីថ្ងៃ​ព្រហស្បតិ៍នោះ​ដែរ លោក Trump គ្រោង​នឹង​ទៅជួប​ជុំ​អ្នកគាំទ្រ​នៅ​រដ្ឋ North Carolina ប៉ុន្តែដោយ​សារ​អាកាស​ធាតុ​មិន​ល្អ ព្រឹត្តិការណ៍នោះ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​វិញ។​

បើ​យោង​តាមការ​ស្ទង់​មតិ​រួម​ ដែល​ចងក្រង​ដោយ​គេហទំព័រ Real Clear Politics លោក ​Biden និង​លោក Trump​ ទទួល​ការ​គាំទ្រ​ស្មើ​គ្នា​នៅ​រដ្ឋ​ Florida និង​ North Carolina ខណ:​ដែល​លោក​Trump នៅ​ពី​ក្រោយ​លោក ​Biden ក្នុង​រដ្ឋ​ Michigan, Pennsylvania និង​រដ្ឋ​ Wisconsin។

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិកន្លង​មក ​បង្ហាញ​ថា លោក​ Biden នាំ​មុខ​លោក​Trump ប្រមាណ ​៧ ឬ ៨ ភាគរយ ទោះ​បីជា​មាន​គម្លាតការ​គាំទ្រ​នេះ​ប្រកិតប្រគៀក​គ្នា​ជាង​នេះ​ នៅតាម​បណ្តារដ្ឋ​ដែល​អាច​មាន​ការ​ប្រែប្រួសសំខាន់ៗ​ ដែល​ទំនងជាអ្នក​កំណត់​លទ្ធផល​នៃការ​បោះឆ្នោត​នេះក៏ដោយ។​

ក្នុង​រឿង​ដាច់​ឡែក​មួយ​ទៀត ពលរដ្ឋ​អាមេរិក​ដែល​បាន​បោះឆ្នោតរួច​ទៅ​ហើយ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​ក្នុងថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ មាន​ចំនួន​ច្រើន​មិន​ធ្លាប់​មាន ដែល​នេះជា​លទ្ធផល​នៃ​អារម្មណ៍គាំទ្រ​ ឬ​ប្រឆាំង​បេក្ខជន​ទាំងពីរ និង​ការ​ចង់​គេច​ពី​ក្រុម​អ្នក​បោះឆ្នោត​ច្រើន ​ដែល​គេ​រំពឹង​ថា ​នឹង​មាននៅ​តាម​មណ្ឌល​បោះឆ្នោត​ក្នុង​ថ្ងៃ​អង្គារ​ ខណៈ​បារម្ភ​ពីការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​ពលរដ្ឋ​អាមេរិក​ជាង ​៨០​ លាន​នាក់​ បាន​បោះឆ្នោតរួច​ទៅ​ហើយ ​ដែលចំនួន​ស្មើ​នឹង​ពាក់កណ្តាល​ចំនួន​អ្នក​បោះឆ្នោត​សរុបជាង​ ១៣៨ ​លាន​នាក់​ នៅ​ឆ្នាំ​ ២០១៦។ កាសែត​ Washington Post បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​យោង​មន្ត្រីនៅរដ្ឋ Texas ថា ​អ្នក​បោះឆ្នោត​ចំនួន ​៩ ​លាន​នាក់ ​ក្នុង​រដ្ឋ​នេះ បាន​បោះ​រួច​ទៅហើយ ដែល​ចំនួន​នេះ​លើស​ចំនួន​អ្នក​បោះឆ្នោត​សរុប​ក្នុង​រដ្ឋ​នេះ​ កាល​ពី​ឆ្នាំ ​២០១៦៕