រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដែលនៅកាន់អំណាចតែប៉ុន្មានថ្ងៃទៀតនោះ បានចាត់វិធានការមួយទៀតប្រឆាំងនឹងមន្ត្រីនិងក្រុមហ៊ុនធំៗរបស់ចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបានដាក់ទណ្ឌកម្មពួកមន្ត្រី និងក្រុមហ៊ុនលើបទចោទប្រកាន់ពីការរំលោភបំពានក្នុងសមុទ្រចិនខាងត្បូង និងហាមឃាត់ការវិនិយោគលើក្រុមហ៊ុនចំនួន៩បន្ថែមទៀត។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នាយកប្រតិបត្តិរបស់សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមន្ត្រីរបស់គណបក្សកុម្មុយនិស្តចិននិងយោធា រួមជាមួយមហាក្រុមហ៊ុនប្រេង CNOOC របស់ចិន នឹងប្រឈមការរឹតត្បិតថ្មីលើបទចោទប្រកាន់ពីការប្រើកម្លាំងប្រឆាំងរដ្ឋនានាដែលជាគូប្រជែងទាមទារសមុទ្រចិនខាងត្បូង។
ក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការរឹតត្បិតថ្មីលើក្រុមហ៊ុនប្រេង CNOOC នឹងមិនអនុវត្តចំពោះប្រេងឆៅ ប្រេងឥន្ធនៈចម្រាញ់ និងឧស្ម័នធម្មជាតិ ហើយនឹងមិនអនុវត្តការរកស៊ីរួមគ្នាដែលមានស្រាប់ជាមួយក្រុមហ៊ុន CNOOC ដែលមិនប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូងទេ។
ក្រុមហ៊ុនចិនចំនួន៩ បានត្រូវដាក់បញ្ចូលក្នុងបញ្ជីក្រុមហ៊ុនរបស់ក្រសួងការពារប្រទេសអាមេរិកលើបទចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងយោធាចិន ដែលក្នុងនោះរួមមានក្រុមហ៊ុនផលិតយន្តហោះ Comac និងក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi។
ចំណាត់ការទាំងនេះ នឹងបង្កើនការតានតឹងជាមួយចិន ដែលជាគូប្រជែងខាងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅទ្វីបអាស៊ី ដោយនៅសល់ប៉ុន្មានថ្ងៃមុនប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅថ្ងៃពុធខាងមុខនេះ។ ក្រុមអន្តរកាលរបស់លោក Biden មិនបានឆ្លើយតបភ្លាមៗដល់ការសុំធ្វើអត្ថាធិប្បាយទេ៕