រដ្ឋបាល​លោក​ត្រាំ​រក្សា​ការ​ប្តេជ្ញា​ចំពោះ​សន្តិភាព​ប្រទេស​មជ្ឈឹម​បូព៌ា​ ខណៈដែល​​ការ​សម្រេច​ចិត្ត​ពី​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem​ បង្ក​ភាព​ក្រហល​ក្រហាយ

  • Cindy​ Saine​

មនុស្ស​រាប់​ពាន់​នាក់​ កាន់​ទង់ជាតិ​ប៉ាឡេស្ទីន និង​តួកគី​ក្នុង​ការ​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​មួយ កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្តិ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ការ​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

ដោយ​រង​ការ​រិះគន់​ខ្លាំងៗ​ពី​ប្រទេស​អារ៉ាប់​ និង​ប្រទេស​កាន់​សាសនា​ឥស្លាម​ជា​ច្រើន​ទៀត​​អំពី​ការ​សម្រេច​ទទួល​ស្គាល់​ថា​ទី​ក្រុង​ Jerusalem​ ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​នោះ​ រដ្ឋបាល​លោក​ត្រាំ​បាន​និយាយ​ថា​ ខ្លួន​ប្តេជ្ញា​ទៅ​លើ​ដំណើរការ​សន្តិភាព​សម្រាប់​ប្រទេស​មជ្ឈឹមបូព៌ា។ ​មន្ត្រី​រដ្ឋបាល​ពិពណ៌នា​ថា​ ជា​គម្រោង​ថ្មី​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​ និង​ស្ថិរភាព​ដែល​មិន​ប្រាកដ​នៅ​ក្នុង​តំបន់។​

ក្រៅ​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សហរដ្ឋអាមេរិក​ជា​យូរ​ណាស់​មក​ហើយ​ទៅ​លើ​ទី​ក្រុង​ Jerusalem រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​រាជធានី​ ប៊្រុចសែល​ថា​ សហរដ្ឋអាមេរិក​នឹង​បន្ត​កា​ជឿជាក់​ថា​ «នឹង​មាន​ឱកាស​យ៉ាង​ល្អ​ក្នុង​ការ​សម្រេច​បាន​សន្តិភាព»​ រវាង​ប្រទេស​អ៊ីស្រាអែល​ និង​ ប៉ាឡេស្ទីន។

លោក​ Rex Tillerson​ បាន​មាន​ប្រសាសន៍​ថា៖

«លោក​ប្រធានាធិបតី​មាន​ការ​ប្តេជ្ញាយ៉ាង​មុត​មាំ​ក្នុង​ដំណើរការ​សន្តិភាព​សម្រាប់​ប្រទេស​មជ្ឈឹមបូព៌ា។​ លោក​មាន​ក្រុម​មន្ត្រី​ដែល​លោក​ត្រៀម​ទុក​ជា​ស្រេច​ សឹង​តែ​ភ្លាមៗ​ក្រោយលោក​ឈាន​ចូល​សេតវិមាន។​ ក្រុម​មន្ត្រី​នេះ​បាន​ធ្វើ​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​វិធី​សាស្ត្រ​ថ្មីៗ​សម្រាប់​ដំណើរ​ការ​សន្តិភាព។ ពួក​គេ​បាន​ចូល​រួម​យ៉ាង​ស្ងៀម​ស្ងាត់​ជា​មួយនឹង​តំបន់​ក្នុង​ដំណើរ​ការ​សន្តិភាព​នេះ»។

លោក​ Tillerson​ ត្រូវ​បាន​គេ​រាយការណ៍​ជា​រឿយៗ​ថា ​ជួប​ជា​មួយ​នឹងមេដឹកនាំ​ក្រុម​មន្ត្រី​នោះ​ គឺ​លោក​ Jared Kushner​ ដែល​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​កូន​ប្រសារ​របស់លោក​ប្រធានាធិបតី។​ លោក​ Kushner​ បាន​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​ដង​ទៅ​កាន់​តំបន់ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ព្រាង​គម្រោង​សន្តិភាព​នេះ។

មុន​ពេល​ប្រកាស​ពី​ការ​ចាត់​ទុក​ទី​ក្រុង​ Jerusalem ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​ លោក​ Kushner​ បាន​ថ្លែង​ថា​ លោក​ត្រាំ​បាន​បញ្ជាក់​ថា​ក្រុម​អ្នក​រិះគន់​គិតខុស​មុន​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ ហើយ​លោក​ត្រាំ​នឹង​បង្ហាញ​ម្តង​ទៀត​ថា​ពួក​អ្នក​រិះគន់​លោក​ខុស​ម្តង​ទៀត។

លោក​ KUSHNER​ បាន​មាន​ប្រសាសន៍​ថា៖

«លោក​ប្រធានាធិបតី​បាន​បញ្ចូល​សន្តិភាព​មក​ក្នុង​កិច្ចពិភាក្សា​នានា​វិញ​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​មាន​មោទនភាព​ណាស់​ ពី​ព្រោះ​យើង​ពិត​ជា​គិត​ថា​សន្តិភាព​អាច​សម្រេច​បាន​ ហើយ​យើង​គិត​ថា​មាន​ហេតុផល​ច្រើន​ណាស់​ដែល​ពេល​នេះ​ជា​ពេល​ដែល​វា​គួរ​កើត​ឡើង»។

មន្ត្រី​ប៉ាឡេស្ទីន​ និង​ អ្នក​ដឹក​នាំ​ប្រទេស​អារ៉ាប់​នានា​បាន​ព្រមាន​ប្រធានាធិបតី​កុំ​ឲ្យ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ទៅ​លើ​ទី​ក្រុង​ Jerusalem​ ដែល​មាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។

លោក​ James Zogby​ នៃ​វិទ្យាស្ថាន​អារ៉ាប់​អាមេរិក​កាំង​បាន​មាន​ប្រសាសន៍​ថា៖

«អ្នក​ពិត​ជា​មិន​ចង់​បាច​អំបិល​ទៅ​លើ​មុខ​របួស​នោះ​ទេ​ ពី​ព្រោះ​នឹង​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង។ ខ្ញុំ​មិន​ចង់​និយាយ​ថា​ វា​ជា​ការ​បញ្ចប់​នៃ​ដំណើរការ​សន្តិភាព​ ឬ​ក៏​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ទេ។​ ពី​ព្រោះ​ហេតុផល​ទី​មួយ​នោះ​គឺ​ ប្រទេស​អាមេរិក​បាន​បាត់​បង់​សិទ្ធិ​ជា​អ្នក​សម្រប​សម្រួល​រួច​ទៅ​ហើយ​ និង​មិន​មាន​ដំណើរ​ការ​សន្តិភាព​នោះ​ទេ»។

លោក​ Zogby​ និង​អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា​ លោក​ត្រាំ​ប្រហែល​ជា​ផ្លាស់​ប្តូរ​គោល​នយោបាយរយៈពេល​វែង​របស់​សហរដ្ឋអាមេរិក​ ដើម្បី​រក្សា​ការ​សន្យា​ដែល​លោក​បាន​ធ្វើក្នុង​អំឡុង​យុទ្ធនាការ​បោះ​ឆ្នោត​ទៅ​កាន់​អ្នក​បោះ​ឆ្នោត​ជូន​លោក​ដែល​ប្រកាន់​សាសនា។

លោក​ Chuck Schumer​ មេ​ដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​នៃ​ព្រឹទ្ធសភា​ បាន​ថ្លែង​ថា​ លោកគាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​ទទួល​ស្គាល់​ទី​ក្រុង​ Jerusalem​ ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នេះ​ សម្រាប់​សហរដ្ឋអាមេរិក​ និង​ពិភពលោក​ ដែល​ជា​បញ្ហា​រំជួល​ចិត្ត​មិន​ថា​គណបក្ស​នយោបាយ​ណា​ក៏​ដោយ។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង