ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ប្រល័យក្នុងប្រទេសហៃទី ព្យុះត្រូពិក Depression Grace បានធ្វើឲ្យមានភ្លៀង និងខ្យល់យ៉ាងខ្លាំងនៅប្រទេសនោះ។
ពួកអ្នកព្យាករណ៍អាកាសធាតុនិយាយថា ព្យុះនោះអាចធ្វើឱ្យមានកម្ពស់ទឹកភ្លៀងពី១២ទៅ២៥សង្ទីម៉ែត្រនៅភាគខាងត្បូងប្រទេសហៃទី រហូតដល់ថ្ងៃអង្គារ ដែលអាចនាំឲ្យមានទឹកជំនន់ និងបាក់ដី។
ព្យុះនេះក៏អាចប៉ះពាល់ដល់ការស្វែងរកអ្នកនៅមានជីវិតពីការរញ្ជួយដី និងការខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់មនុស្សដែលគ្មានទីលំនៅ នៅផ្នែកខាងត្បូង ដែលរងការរញ្ជួយដីដ៏ខ្លាំង ដែលមានកម្លាំងរំញ័រ៧,២ កាលពីថ្ងៃសៅរ៍។
អាជ្ញាធរហៃទីបាននិយាយកាលពីថ្ងៃច័ន្ទថា ចំនួនមនុស្សស្លាប់ពីការរញ្ជួយដីបានឡើងទៅដល់១.៤១៩នាក់ គឺជិត២រយនាក់ច្រើនជាងតួលេខផ្សាយកាលពីថ្ងៃអាទិត្យ។
មនុស្សយ៉ាងតិចណាស់៦ពាន់នាក់បានរងរបួស ហើយទៅព្យាបាលនៅមន្ទីរពេទ្យដែលពោរពេញដោយអ្នកជំងឺ។
មនុស្សរាប់រយនាក់បានរង់ចាំនៅកាំជណ្តើរមន្ទីរពេទ្យ Les Cayes ហើយអ្នកជំងឺជាច្រើនទៀតបានត្រូវគេព្យាបាលនៅលើកន្ទេល លើដីនៅក្រៅមន្ទីរពេទ្យ ដែលមានថ្នាំតិចតួច។
ការរញ្ជួយដីនេះមានចំណុចកណ្តាលជិតនៅទីក្រុង Petit-Trou-de-Nippes ចម្ងាយប្រហែល១២៥គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី ព័រអូប្រ៉ាំង ក្នុងជម្រៅដី១០គីឡូម៉ែត្រ។ នេះបើតាមការទីភ្នាក់ងារសហរដ្ឋអាមេរិកសិក្សាភូគព្ភសាស្ត្រ។
នាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងត្រូវតែធ្វើការរួមគ្នាដើម្បីឆ្លើយតបដ៏ឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរនេះ»។ លោកបានជិះយន្តហោះទៅទីក្រុង Les Cayes កាលពីថ្ងៃសៅរ៍ដើម្បីមើលការខូចខាតនោះ។
អ្នកស្រុកជាច្រើននៅ Les Cayes ដែលជាទីក្រុងធំទី៣របស់ប្រទេសនេះ ហើយដែលមានប្រជាជនចំនួន៩០.០០០នាក់នោះបានស្នាក់នៅក្រៅផ្ទះមួយយប់ដោយសារតែរំញ័រការរញ្ជួយដីបានបន្តធ្វើឲ្យញ័រតំបន់នេះរហូតដល់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសិក្សាភូគព្ភសាស្ត្របាននិយាយកាលពីថ្ងៃសៅរ៍ថា ការរញ្ជួយដីនេះបានបង្កើនហានិភ័យនៃការបាក់ដីនៅក្នុងតំបន់នេះ។
សាធារណរដ្ឋដូមីនីក និងប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមប្រទេសដែលបានបញ្ជូនអាហារនិងថ្នាំពេទ្យទៅប្រទេសហៃទី។ ប្រទេសគុយបាបានបញ្ជូនក្រុមថែទាំសុខភាព២៣៥នាក់។
កាលពីជាងមួយខែមុន ប្រទេសហៃទីមានភាពរំជើបរំជួល បន្ទាប់ពីលោកប្រធានាធិបតី Jovenel Moise ត្រូវបានគេធ្វើឃាតនៅក្នុងផ្ទះរបស់គាត់កាលពីថ្ងៃទី៧ ខែកក្កដា។ ភរិយារបស់គាត់ឈ្មោះ Martine Moise បានរងរបួសនៅក្នុងការវាយប្រហារនោះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse)