រដ្ឋាភិបាល​នៅតែ​បន្តដាក់​កម្លាំង​ប្រដាប់​អាវុធ​ឃ្លាំ​មើល​លោក​ កឹម សុខា

កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​មិថុនា​ឆ្នាំ​២០១៦​​នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម​ខ័ណ្ឌ​មានជ័យ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។(ឡេង ឡែន/VOA)

​កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០០​នាក់​ ​​​ប្រមូល​ផ្ដុំ​គ្នា​នៅផ្លូវ​៦០ម៉ែត្រ​ ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ ​នៅ​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង ​កន្លែង​ដែល​លោក​ កឹម សុខា ​ស្នាក់នៅ​តាំងពី​ថ្ងៃទី​២៦​ ខែឧសភា​មក​នោះ។

កង​កម្លាំង​រាប់រយ​នាក់​យាមល្បាត​ក្បែរ​ស្នាក់ការ​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៤​ ខែ​មិថុនា​នេះ​ ​ចំថ្ងៃ​ដែល​លោក​ កឹម សុខា ​មិន​ទៅ​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​រាជធានី​ភ្នំពេញ។

លោក ​កឹម សុខា​ នៅ​តែបន្ត​បដិសេធ​មិន​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញជាលើក​ទី៤ ​ដោយ​លោក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ចំនួន​បួន​រូប​ ចូល​ឆ្លើយ​សំណួររបស់​ចៅក្រម ​ថាច់ ឡេង ដែល​សាកសួរលោក​ទាក់ទង​នឹង​«ការ​បដិសេធ​មិន​ព្រម​ចូល​ខ្លួន»តាម​ដីកា​សាកសួរ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញ​ផ្សាយកាលពី​ថ្ងៃ​ទី២៦​ ខែ​ឧសភា​កន្លង​ទៅ​នេះ។

ខណៈ​ពេល​ដែល​មាន​ការ​ចោទ​សួរនៅ​តុលាការរាជធានី​ភ្នំពេញ​ ​គេ​សង្កេត​ឃើញ​មាន​កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០០​នាក់​ ​ប្រមូល​ផ្ដុំ​គ្នា​នៅផ្លូវ​៦០ម៉ែត្រ​ ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ ​នៅ​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង ​កន្លែង​ដែល​លោក​ កឹម សុខា ​ស្នាក់នៅ​តាំងពី​ថ្ងៃទី​២៦​ ខែឧសភា​មក​នោះ។​

លោក​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ ​VOA ​ថា​ ក្រុម​កង​កម្លាំង​ដែល​ឈរ​ជើង​នៅ​ផ្លូវ​៦០ម៉ែត្រ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ​នោះ ធ្វើ​ឡើង​ដើម្បី​ត្រៀម​ការពារ​សណ្ដាប់​ធ្នាប់​ប្រជា​ពលរដ្ឋ​ទូទៅ បន្ទាប់​ពី​ក្រសួង​ទទួល​បាន​ដំណឹង​ថា មាន​គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​បន្ថែម​ថា​ បើ​ទោះបី​ជា​គណបក្ស​មិន​បានការ​ជូន​ដំណឹង​ដល់​ក្រសួង​អំពី​គម្រោង​ហែញ្ញតិ្ត​ ឬ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​នៅ​ស្នាក់ការ​គណបក្ស​ប្រឆាំង​យ៉ាងណា​ក៏ដោយ ​ក្រសួង​បាន​ត្រៀម​កង​កម្លាំង​ដើម្បី​រក្សា​សុវត្ថិភាព​ប្រជា​ពលរដ្ឋ។​

ប៉ុន្តែ​លោក​ អេង ឆៃអ៊ាង​ អ្នក​តំណាងរាស្រ្ត​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​របស់​លោក​មិនមាន​គម្រោង​ធ្វើ​បាតុកម្ម​អ្វី​ទេ​ តែ​លោក​សង្ឃឹម​ថា ​នឹង​មាន​ការ​ចរចា​ ឬ​«វប្បធម៌​សន្ទនា»​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​អំពី​ករណី​របស់​លោក​ កឹម សុខា ​ដើម្បី​បញ្ឈប់​បញ្ហា​ដ៏​តានតឹង​នេះ។​

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ​ជាង​៣០០​នាក់​ប្រមូល​គ្នា​ នៅ​ថ្ងៃអង្គារ​ ទី​១៤ ខែ​មិថុនា ​ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ​ ដើម្បី​ដាក់​ញ្ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​អំពី​ព្រះរាជអន្តរាគមន៍​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​។ (ឡេង ឡែន/VOA)

លោក​បន្ថែម​ថា​ វា​គ្រាន់តែ​ជា​ការ​ជួបជុំ​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មក​ពី​២៥ខេត្ត​ក្រុង​តាម​ធម្មតា ​ដើម្បី​បន្ត​ផ្តិត​មេដៃ​របស់​ប្រជា​ពលរដ្ឋ។​

លោក ​សំ សុគង់​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ចំនួន​បួន​រូប ​ដែល​ការពារ​ក្ដី​លោក​ កឹម សុខា​ បាន​ឲ្យ​ដឹង​ថា ​តុលាការ​ត្រូវ​បញ្ឈប់​ការ​ស៊ើបសួរលោក​ កឹម សុខា ​ដោយ​លោក​សំអាង​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នេះ។​ លោក​មេធាវី​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា​ ការ​មិន​បង្ហាញ​ខ្លួន​តាម​ដីកា​សាកសួរ​របស់​តុលាការ​នោះ​ មិនមែន​ជា​ករណី​ព្រហ្មទណ្ឌ​នោះ​ទេ។ លោក​មេធាវី​ សំ សុគង់​ បាន​ឲ្យ​ដឹង​ដែរ​ថា​ តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្ត​នីតិវិធី​សាកសួរ​លើ​ករណី​លោក កឹម សុខា ​បន្ត​ទៀត។

កាលពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​និស្សិត​សកល​វិទ្យាល័យ​នៅ​កោះពេជ្រ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ លោក​នឹង​មិន​បន្ធូរ​ដៃ​ទេ ​បើ​សិន​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​ខាង​មុខ៕