សកម្មជន​បី​រូប​នៃ​អង្គការ​មាតា​ធម្មជាតិ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូមខ្សាច់

រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

ក្រុម​សកម្ម​ជន​ការពារ​បរិស្ថាន​បីនាក់​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ប្រតិបតិ្តការ​បូម​ខ្សាច់​ក្នុង​ខេត្តកោះកុង​បន្ត​មិន​សុខចិត្ត​នឹង​ការ​កាត់​ទោស​របស់​សាលាដំបូង​ខេត្តកោះកុង​ ដែល​បាន​ធ្វើ​ឲ្យ​សកម្មភាព​ជួយ​សង្គម​របស់​ពួក​គេ ​ក្លាយ​ជា​រឿង​ឧក្រិដ្ឋ ​ឈានដល់​ការ​ចាប់​ឃុំ​ខ្លួន។​ ពួក​គេ​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​​ ដើម្បីស្នើ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ជាន់​ខ្ពស់​បំផុត​​នេះ​​ទម្លាក់​ចោល​ការ​កាត់​ទោស​របស់​សាលា​ដំបូង​ខេត្ត​កោះកុង។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​បី​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​នៅ​ពេល​នេះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​មហា​ផ្ទៃ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ការ​ចូល​ខ្លួននៅ​ក្នុង​សវនាការ​មួយ​ដែល​នឹង​ធ្វើឡើ​ង​នៅ​តុលាការ​កំពូល​ នា​ថ្ងៃ​សុក្រនេះ​ ​ដើម្បី​ស្តាប់​ការ​កាត់​ក្តី​ក្នុង​សំណុំ​រឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សកម្មជន​មួយ​រូប​ ​និង​មេធាវី​ការពារ​សកម្មជន​ទាំង​បីនាក់​នោះ។​

សកម្ម​ជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១៨​ខែ​ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ពី​បទ​«គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត»។ ប៉ុន្តែ​ដោយ​សារ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ ​តុលាការ​បាន​សម្រេច​ព្យួរ​ទោសដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ដដែល​នោះ។​ ​ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នកទាំងបី​នេះ​គឺត្រូវ​បាន​ធ្វើ​ទៅ​តាម​ការ​ប្តឹង​របស់​ក្រុម​ហ៊ុន​ Direct Access ​ដែល​គេ​ដឹង​ថា​ មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ស្រុក​បទុម​សាគរ។​

លោក​ ​សាន់ ម៉ាឡា​ ​សកម្មជន​ម្នាក់​នៃ​សកម្មជន​ការ​ពារ​បរិស្ថាន​ទាំងបី​នាក់​របស់​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​ពេល​នេះ​បាន​ធ្វើ​សកម្ម​ភាព​តែ​តាម​បណ្តាញ​សង្គម​លើ​ប្រព័ន្ធ​អីនធឺណិត បាន​ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ សកម្មជន​ទាំងបី​នឹង​ចូលខ្លួន​នៅ​តុលាការ​កំពូល​ព្រឹក​នេះ​ ​ដើម្បី​ស្តាប់​ការ​កាត់​សេចក្តី។​ ​លោក​និយាយ​ថា​ ទោះជា​ស្ថានភាព​បច្ចុប្បន្ន​មិន​សូវ​អំណោយ​ផល​ក៏​ដោយ​ ​ក៏ក្រុម​លោក​នៅ​មាន​សង្ឃឹម​ថា​ យុត្តិធម៌​នឹង​អាច​កើត​មាន​ឡើង​សម្រាប់​ក្រុម​លោក។​

សកម្ម​ជន​បរិស្ថាន​រូប​នេះ​ថ្លែង​ថា៖​

«យើង​សង្ឃឹម​ថា​ អាច​កើត​មាន​ បើ​ទោះ​បី​ជា​បរិយាកាស​ ឬ​ក៏​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន​ វា​មិន​សូវ​ល្អ​ក៏​ដោយ​ ​ព្រោះអី​ សម្រាប់​យើង​ទាំង​បី​នាក់​ យើង​គ្រាន់​តែ​ជា​សកម្ម​ជន​បរិស្ថាន​ ដែល​បាន​ធ្វើការ​ការ​ពារ​សម្បត្តិ ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ​យើង​ មិន​មែន​ជា​ក្រុម​អ្នក​នយោបាយ។​ ដូច្នេះ​យើង​សង្ឃឹម​ថា​ តុលាការ​ ឬ​ក៏​រដ្ឋាភិបាល​គេអាច​ពិចារណា​ពី​ចំណុច​នេះ​ដែរ​ ​មិន​យក​យើង​ធ្វើ​ជា​កូនអុក​ ​ឬ​ក៏​មាន​ចំណាត់​ការ​អី​បន្ថែម​នាំ​ឲ្យបញ្ហា​កាន់តែ​ស្មុគស្មាញ​ ​និង​ឈឺក្បាល​បន្ថែម​ដល់​ពួក​គេ​ទេ​ បាទ»។​

សកម្មជន​ទាំងបី​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​កាលពី​ដើម​ឆ្នាំ​២០១៧​ បាន​ច្រាន​ចោល​បណ្តឹង​សុំ​ទម្លាក់​ចោល​ការ​កាត់ទោស​របស់​សាលា​ដំបូង​ខេត្ត​កោះកុង។​ ​ក្រៅ​ពី​ការ​ផ្តន្ទា​ទោស​ ​សាលា​ដំបូង​ខេត្ត​កោះកុងក៏បាន​បង្គាប់​ឲ្យ​ក្រុម​សកម្ម​ជនទាំង​បីនាក់​សង​ជំងឺ​ចិត្ត​ទៅ​ក្រុម​ហ៊ុន​ Direct Access​ ​ចំនួន​១០០លាន​រៀល​ (ឬ​ប្រមាណ​ជា២៥.០០០​ដុល្លារ)​ ហើយ​លុយ២​លាន​រៀល ​(ឬ​ប្រមាណ​៥០០​ដុល្លារ)​ ទៀត​ត្រូវ​ចូល​បង់​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ។​

កាលពី​ដើម​ឆ្នាំ​២០១៧​ អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​មាន​ទំនាស់​ដី​ធ្លី​សរុប​ចំនួន​៤៨​បាន​ប្រតិកម្ម​ទៅ​នឹង​រឿង​ក្តីក្តាំ​របស់​សកម្មជន​ទាំងបី​នេះ។​

ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍បដិសេធ​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ ​ដែល​បាន​ផ្ដន្ទា​ទោស​សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ ​និង​ពិន័យ​ជា​ប្រាក់​ជាង​១០០​លាន​រៀល។​ ពួក​គេ​អះអាងថា​ ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ភ័ស្ដុតាងគ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​អ្នក​ទាំង​បី​រូប​នោះ​ទេ។​ លើស​ពី​នេះ ​សង្គម​ស៊ីវិល​ក៏​បាន​ចាត់​ទុក​បទ​ចោទ​លើ​អ្នក​ទាំង​៣​ថា​ មាន​ចរឹត​លក្ខណៈ​នយោបាយ។​

យ៉ាងណាមិញ នៅ​ក្នុង​សវនាការ​មួយធ្វើឡើង​កាលពី​ឆ្នាំ​២០១៧នោះ​ ​ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​មួយ​រូប​បាន​លើក​សំណើ​ថា​ សកម្ម​ជន​ទាំង​បី​គួរ​តែ​មក​អនុវត្ត​ទោស​ដែល​នៅ​សេស​សល់​ ដោយសារ​តុលាការ​មាន​ព័ស្ដុតាងគ្រប់គ្រាន់​ ​ក្នុង​ការចោទ​ប្រកាន់​ជន​ទាំង​បី​ ហើយ​ភ័ស្ដុតាងនោះគឺ​ត្រូវ​គ្នា​នឹង​ចម្លើយ​របស់​ជន​រងគ្រោះ​ ​និង​សាក្សី​នានា។​

លោក​ ​សំ ចំរើន​ ​មេធាវី​ការពារ​ក្តី​សកម្មជន​ទាំង​បី​នាក់​នោះ​ ​យល់​ថា កូនក្តីរបស់​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី ​តាម​រយៈសកម្ម​ភាព​បរិស្ថាន​និយម​របស់​ពួក​គេ​នោះ​ទេ។ ​លោក​មិន​ប្រាកដ​ថា​ តើ​តុលាការ​កំពូល​នឹង​មាន​សុភនិច្ឆ័យបែប​ណានៅ​ក្នុង​សវនាការ​ នា​ព្រឹកនេះ។​

«សកម្ម​ភាព​កន្លង​មក​របស់​ពួក​គាត់​ហ្នឹង​គឺធម្មតា ​វា​ជា​សកម្ម​ភាព​បែប​អ្នក​បរិស្ថាន​និយម​ អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ អីចឹង​ទៅណា​ ហ្នឹង​ហើយ។ ​តែ​វា​មិន​ធ្ងន់ធ្ងរ​ ដូចបទ​ចោទ​ប្រកាន់​ហ្នឹង​ វា​មិន​ធ្ងន់​ធ្ងរ​នឹង​ចូល​ទៅ​ក្នុង​បទ​ចោទ​ប្រកាន់​ហ្នឹង​ឡើយ»។​

លោក​ចៅក្រម​ សាលី ធារ៉ា នៃតុលាការ​កំពូល​ ដែល​ជា​សមាជិក​ក្នុងក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទោសសកម្មជន​ទាំងបីក្នុង​សវនាការ​ដែល​នឹង​ធ្វើឡើង​នាព្រឹកថ្ងៃ​សុក្រ​ស្អែកនេះ​ បដិសេធ​មិន​ផ្តល់ការ​អធិប្បាយ​ ដោយលោក​មិន​មានសិទ្ធិ​និយាយជាមួយអ្នកកាសែត​។

យុទ្ធនាការ​របស់​អ្នក​ទាំង​បីក្នុង​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង​ដែល​បាន​ធ្វើ​កាលពី​ពេល​កន្លង​មក​ ក៏​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នោះ​ដែរ។​ ពលរដ្ឋ​សហគមន៍​យល់​ថា ​ការ​បូម​ខ្សាច់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៃ​ដៃ​សមុទ្រ​ និង​បាន​បំផ្លាញ​ដល់​ធនធានជីវៈ​ចម្រុះ​នៅ​ក្នុង​សមុទ្រ។​

បន្ថែម​លើ​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​នោះ ក្រុម​សកម្ម​ជន​នៃ​អង្គការមាតា​ធម្មជាតិ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវាញ​ ​ដែល​គ្រោង​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinohydro​ ផង​ដែរ។ ​សកម្មភាព​របស់​ពួក​គេ​នា​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ៕