តុលាការ​ភ្នំពេញ​ធ្វើ​សវនាការ​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​ជា​ថ្មី​នៅ​ថ្ងៃអង្គារ

  • នៅ វណ្ណារិន

បាតុករ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​កង​សន្តិសុខ​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​កណ្តាលក្រុង​ភ្នំពេញ កាល​ពីថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០១៤។ (រូបថត៖ Reuters/Samrang Pring)

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​សារ​ជា​ថ្មី​លើ​សំណុំ​រឿង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ដែល​ជាប់​ចោទ​ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​នោះ​ ដែល​ធ្វើ​ឲ្យ​កម្លាំង​សន្តិសុខ​ដែល​ជួល​ដោយ​សាលាក្រុង​ភ្នំពេញ​រងរបួស។​

លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

លោក ជូង​ ជូងី​ មេធាវី​មួយរូប​ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​ និង​សកម្មជន​ទាំង​១១​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ បន្ទាប់ពី​ការ​ពន្យារ​ពេល​ជាច្រើន​លើក​រួច​មក​ ​តុលាការក្រុង​ភ្នំពេញ​នឹង​ចាប់​ផ្តើម​សវនាការសារ​ជាថ្មី ​តែ​លោក​មិន​រំពឹង​ថា​ តុលាការ​នឹង​អាច​ធ្វើ​ការ​នេះ​ចប់​នា​ពេល​ឆាប់​នោះ​ទេ។

​«តាម​ការ​ព្យាករណ៍​គឺ​ជន​ជាប់​ចោទ​ទាំង​អស់​គ្នា​១១​រូប​ត្រូវ​ចូលរួម។​ វា​ពិបាក​ក្នុង​ការ​ឆាប់​ចប់​ណាស់​ ពីព្រោះ​ជនរង​គ្រោះ​ច្រើន​នាក់។ វា​ទៅ​ដល់​ជាង​៣០​នាក់​ឯ​ណោះ​ទាំង​អស់។​ វា​ជា​រឿង​ល្អ​ដែល​តុលាការ​គាត់​បើក​សវនាការ​នេះ​ ព្រោះ​វា​នឹង​ឆាប់​ចប់​ ហើយ​កូន​ក្តី​របស់​ខ្ញុំ​ក៏​ចង់​ឲ្យ​ឆាប់​ចប់​ដែរ។​ វា​យូរ​ហើយ​រឿង​ហ្នឹង»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ មេធាវី​រូបនេះ​ក៏​នៅ​តែ​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​សេចក្តី​ឲ្យ​ចប់​ក្នុង​ពេល​ឆាប់ៗ។​

​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប ​រួម​ទាំង​លោក មាជ សុវណ្ណារ៉ា​ ប្រធាន​ក្រុម​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ចូលរួម ​និង​ដឹក​នាំ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​មួយ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤។ តុលាការ​សំអាង​ថា ​កង​សន្តិសុខ​យ៉ាង​ហោច​ណាស់​៣០​នាក់ ​ដែល​ជួល​ដោយសាលា​ក្រុង​ភ្នំពេញ ​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​នោះ។​

មន្ត្រី ​និង​សកម្មជន​នយោ​បាយ​ទាំង​១១​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ជា​បន្ត​បន្ទាប់​រួមទាំង​លោក មាជ សុវណ្ណារ៉ា​ ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ។​ ការ​ដោះលែង​សកម្មជន​ទាំង​នោះ​គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បាន​ឯកភាព​ខាង​នយោ​បាយ​ និង​យល់​ព្រម​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ​កាល​ពី​ដើម​ខែ​មុន​នេះ។​

លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។

លោក មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មានរបស់​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា​ រូប​លោក និង​សកម្មជន​នយោបាយ​១០​រូប​ផ្សេង​ទៀត​នឹង​ចូល​រួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ​រំពឹង​ថា​ តុលាការ​នឹង​ធ្វើ​ការ​សម្រេច​ឲ្យ​បាន​ចប់​រួច​រាល់​ក្នុង​ពេល​ឆាប់ៗ​ បន្ទាប់​ពី​គណបក្ស​នយោ​បាយ​ទាំង​ពីរ​បាន​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ។ ហើយ​រឿង​របស់​លោក​គឺ​ជា​រឿង​នយោបាយ​ក្នុង​អំឡុង​ពេល ដែល​គណបក្ស​ទាំង​ពីរ​នេះ​មាន​អរិភាព​នឹង​គ្នា។

«អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា បើ​ពិត​ជា​តុលាការ​ឯក​រាជ្យ​គឺ​ខ្ញុំ​មិន​មាន​កំហុស​ទេ ​ព្រោះ​ថា​រឿង​នេះ​ជា​រឿង​នយោបាយ​ ហើយ​ត្រូវ​បញ្ចប់​ដោយ​នយោបាយ។ ហើយ​នយោបាយ​ជាប់​គាំង​មិន​ជាប់​គាំង​ដោយ​សារ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​វប្បធម៌​សន្ទនា​រួច​ហើយ»។​

លោក​បាន​បន្ត​ថា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោក សម រង្ស៊ី​ ដែល​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បាន​ឯកភាព​នយោបាយ​ និង​បន្ត​វប្បធម៌​សន្ទនា​ ដោយ​មិន​ធ្វើ​ការ​គំរាម​កំហែង ​ឬ​ដាក់​ទោស​ទណ្ឌ​ចំពោះ​គ្នា​នឹង​គ្នា​នោះ​ទេ។​ ហើយ​ការ​ចោទ​ប្រកាន់ ​និង​ការ​កាត់​ទោស​សកម្មជន​នយោបាយ​ដូចរូប​លោក​ និង​១០​នាក់​ផ្សេង​ទៀត​គួរ​តែ​បញ្ចប់​ផង​ដែរ៕