សវនាការ​កាត់​ក្តី​លោក​ស្រី អង់សាន ស៊ូជី ​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

រូបឯកសារ៖ បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​ស៊ីវិល​អ្នកស្រី Aung San Suu Kyi ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

សវនាការ​កាត់​ក្តីលោក​ស្រី​ អង់សាន ស៊ូជី (Aung San Suu Kyi)​ ​មេដឹកនាំប្រទេស​មីយ៉ាន់ម៉ា​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​រដ្ឋធានី​ណៃពិដោ ​ប្រទេស​មីយ៉ាន់ម៉ា​ ទាក់ទង​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​២​នៃ​បទ​ចោទ​ប្រកាន់​ជាច្រើន​ករណីពី​បទ​អំពើ​ពុក​រលួយ ​ដែល​ប្តឹងដោយ​របប​យោធា​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់លោកស្រី​ និង​ដណ្តើម​កាន់​កាន់​អំណាចកាល​ពី​ជាង​៤​ខែ​កន្លង​ទៅ។​

លោកស្រី​ ស៊ូជី​ ដែល​មាន​វ័យ​៧៥​ឆ្នាំ​ ទទួល​រង​ការ​ចោទ​ប្រកាន់ពី​បទ​មាន​វិទ្យុ​ទាក់ទងដែល​គ្មាន​អាជ្ញាបណ្ណ​អនុញ្ញាត​ និង​ការ​រំលោភ​បំពាន​ទៅ​លើ​គោល​ការណ៍​រឹតបន្តឹង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ​ក្នុង​ឱកាស​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។​ ក្រុម​មេធាវី​របស់​លោក​ស្រីរំពឹង​ថា​ ​សវនាការ​នេះ​អាច​ប្រើ​ពេល​វេលារហូត​ដល់ចុង​ខែកក្កដា​ខាង​មុខ។ ​

ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ត្រូវ​បាន​របប​យោធា​ចាប់​ឃុំ​ខ្លួន​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ កន្លង​ទៅ។ ​ក្រៅ​ពី​បទ​ចោទ​ប្រកាន់​ពីមុន​ លោក​ស្រី​ក៏​ត្រូវ​បាន​របប​យោធាចោទ​ប្រកាន់​ពី​បទរំលោភច្បាប់​រក្សា​ការ​សម្ងាត់​របស់ជាតិ​ ​ការញុះ​ញង់​ឲ្យ​មាន​ភាព​ចលាចល​ជា​សាធារណៈ ​ការប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវទីតាំង​ដី​សម្រាប់​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​ស្រី​ និង​ការ​ទទួល​លុយ​ខុស​ច្បាប់ចំនួន​៦​សែន​ដុល្លារ​និង​មាស១១​គីឡូ​ក្រាម។

លោក​ Phil Robertson ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​លើក​ឡើង​ថា រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​«គួរ​ត្រូវ​បាន​ទម្លាក់​ចោល»​ និងដោះ​លែង​លោក​ស្រី«ជា​បន្ទាន់​ និង​ដោយ​គ្មានលក្ខខណ្ឌ»។​ ​

មេធាវី​របស់​លោក​ស្រី​ ស៊ូជី ​គឺ​លោក​ Khin Maung Zaw​ បាន​បដិសេធការ​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​លោក​ស្រី​ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​ «គ្មាន​ហេតុផល»​ ​និង ​«គ្មាន​មូលដ្ឋាន»។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍ផ្ញើ​មក​ឲ្យ​វីអូអេ​ផ្នែក​ភាសា​ភូមា​កាល​ពី​សប្តាហ៍​មុន៕