រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានព្រមានមេដឹកនាំនានារបស់សភាកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកទំនងជាអស់ថវិកាសម្រាប់ចំណាយនៅថ្ងៃទី ១៨ ខែតុលាខាងមុខ ប្រសិនបើកម្រិតបំណុលអតិបរមារបស់ប្រទេសនេះ មិនត្រូវបានដំឡើង។
អ្នកស្រីបាននិយាយថា បើសភាមិនបោះឆ្នោតដំឡើងកម្រិតបំណុលអតិបរមា ឬមិនបន្តពេលអនុញ្ញាតឲ្យខ្ចីបន្ត នោះមន្ត្រីក្រសួងហិរញ្ញវត្ថុរំពឹងថា សហរដ្ឋអាមេរិក «នឹងនៅសល់ធនធានតិចតួចប៉ុណ្ណោះ ដែលនឹងអស់យ៉ាងឆាប់រហ័ស» នៅក្រោយពេល ៣ សប្តាហ៍ខាងមុខ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាដែលជាគណបក្សសំឡេងភាគច្រើន បានព្យាយាមរៀបចំឲ្យមានការបោះឆ្នោតបង្កើនកម្រិតបំណុលអតិបរមា ប៉ុន្តែមិនមានការគាំទ្រជាឯកច្ឆន្ទ។ គណបក្សសាធារណរដ្ឋបានរារាំងកិច្ចប្រឹងប្រែងនេះ។
បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឥឡូវនេះមានចំនួន ២៨,៤ លានលានដុល្លារ។ ប៉ុន្តែជាក់ស្តែងមានតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះក្នុងចំណោមរដ្ឋាភិបាលនានានៅទូទាំងពិភពលោក ដែលក្នុងរយៈពេលរាប់ទស្សវត្សរ៍កន្លងមក បានដាក់កំហិតលើការខ្ចីប្រាក់របស់ខ្លួន ឬដកកម្រិតបំណុលអតិបរមាចេញម្ដងម្កាលរហូតដល់កាលបរិច្ឆេទជាក់លាក់ណាមួយ។
សភាអាមេរិកតែងតែបង្កើនកម្រិតបំណុលអតិបរមាឬដកចេញទាំងស្រុងនូវកម្រិតបំណុលអតិបរមានេះមួយរយៈ ដើម្បីការពារកុំឲ្យសហរដ្ឋអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបាន ដោយបញ្ចៀសមិនឲ្យមានវិបត្តិហិរញ្ញវត្ថុពិភពលោកដែលបង្កឡើងដោយសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់៕