គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​ជិត​២.០០០​នាក់​នៅ​ឆ្នាំ​២០១៩

រូប​ឯកសារ៖ ហ្វូង​មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​រថយន្ត​ក្រុង​មួយ​ដែល​បាន​បុក​ជាមួយ​ម៉ូតូ​នៅ​ជាង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៩។ អ្នក​បើក​ម៉ូតូ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ។ (AP Photo/Heng Sinith)

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​លោក​ថា​និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធ​នា​ការ​នៃ​ការ​ទប់​ស្កាត់។

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​រយៈពេល​១២​ខែ​នៃ​ឆ្នាំ​២០១៩​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២ពាន់នាក់​ ដែល​កើន​ឡើង​ជាង​២០០នាក់ ឬ​ស្មើ​នឹង​ជិត​១៣​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ប៉ូលិស​ជាតិ។

ក្នុង​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មករា​នេះ មនុស្ស​ចំនួន​១,៩៨១នាក់​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​កើន​ឡើង​២២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​១,​៧៦១​នាក់។ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៤,១២១​លើក ​អ្នក​របួស​ធ្ងន់​មាន​ចំនួន​៣,៩១៩​នាក់ និង​របួស​ស្រាល​២,២២២​នាក់។ ក្នុង​នោះ ​រាជធានី​ភ្នំពេញ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ ដែល​មាន​ប្រមាណ​៣៤៨​នាក់។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហ៊ឹម យ៉ាន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ទី ឡុង និងលោក ថី វិសាល ដែល​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ទេ។

លោក ម៉ាន សុផាន់ណា​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ប្រាប់ VOAថា ​ការ​កើន​ឡើង​នូវ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បើកបរ​ដោយមិន​គោរព​ច្បាប់ ស្រប​ពេល​ដែល​ចំនួន​យានយន្ត​កើន​ឡើង​យ៉ាង​គំហុក​រហូត​ដល់​ទៅ​ជាង​មួយ​ម៉ឺន​គ្រឿង​ក្នុង​ឆ្នាំ​២០១៩។ លោក​បន្ត​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺ​រាប់​តែ​នៅ​លើ​ដង​ផ្លូវ មិន​រាប់​បញ្ចូល​អ្នកស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​ទេ។

«យើង​បាន​អនុវត្ត​ច្បាប់​ព្រមៗ​គ្នា រឹត​បន្តឹង​ផ្នែក​ផ្លូវ​ច្បាប់ ក៏​ដូចជា​កត្តា​ស្រវឹង កត្តា​បើក​បរ លើស​ល្បឿន​កំណត់ យើង​មាន​ការ​ថត​មាន​ការ​អី​កន្លង​មក​ដែរ ប៉ុន្តែ​ជា​អកុសល​ក្នុង​ឆ្នាំ​នេះ​វា​ដូចជា​មាន​ការ​ធ្ងន់ធ្ងរ»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លើក​ឡើង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​លោក​ថា​និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធ​នា​ការ​នៃ​ការ​ទប់​ស្កាត់។

ក្នុង​ការ​ព្យាករណ៍របស់​រដ្ឋាភិបាល ប្រសិន​បើ​គ្មាន​វិធានការ​ទប់​ស្កាត់ និង​យន្តការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាក់លាក់​ នោះ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ដល់​៣,២០០​នាក់ ក្នុង​ឆ្នាំ​២០២០។ តាម​រយៈ​នេះ រដ្ឋាភិបាល​បាន​ប្ដេជ្ញាកាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​សល់​១,​៦០០​នាក់ ត្រឹម​ឆ្នាំ​២០២០ ដោយ​បង្កើត​គោល​នយោបាយ​ជាតិ និងផែនការ​សកម្មភាព​រយៈ​ពេល១០​ឆ្នាំ ពី​ឆ្នាំ​២០១១-២០២០ ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

យុទ្ធសាស្រ្ត​សំខាន់ៗ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​មាន​ចំនួន​៨​ចំណុច ដូចជា​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ ការ​ដោះ​ស្រាយ​ផ្នែក​វិស្វកម្ម​ផ្លូវ​ថ្នល់ ការ​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ ការ​អប់​រំ​ផ្សព្វផ្សាយ និង​ផាក​ពិន័យ​ពាក់ព័ន្ធ​នឹង​ការ​ពាក់​មួក​សុវត្ថិភាព ល្បឿន​បើក​បរ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ការ​បណ្តុះ​បណ្តាលប្រព័ន្ធ​ប្រឡង​យក​បណ្ណ​បើក​បរ និង​ការ​វាយ​តម្លៃ​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ការ​ដឹក​ជញ្ជូន​ជាដើម។

លោក គង់ រតនៈ ​ប្រធាន​ស្តី​ទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់​VOA​ថា​ ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ដោយ​សារ​កង្វះ​ថវិកា​ក្នុង​ការ​អនុវត្តសកម្មភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ និងការ​អនុវត្ត​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​មិន​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ។

«យើង​ឃើញ​សមត្ថកិច្ច​មួយ​ចំនួន​គឺ​គាត់​នៅ​តែ​ធ្វេស​ប្រហែស ឬ​ក៏​គាត់​ខ្ជីខ្ជា​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​ហ្នឹង។ គាត់​ព្យាយាមកេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អា​ហ្នឹង​យើង​ឃើញ​មួយ​ផ្នែក​តូច​ក៏​មាន​ ហើយ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ទៀត​សោត​មិន​ព្រម​ចូលរួម​ទេ ដោយ​សារ​គាត់​អាង​ទៅ​លើ​វប្បធម៌​អន្តរាគមន៍ គាត់​អាង​ទៅ​លើ​ការ​ថា​គាត់​បង់​លុយ​ហើយ​គាត់​អាច​ទៅ​បាន​អី​ផ្សេងៗ​ជាដើម​អីចឹង»។

លោក គង់ រតនៈ ​បន្ថែម​ថា ​កត្តា​គ្រឿង​ស្រវឹង​ដែល​កំពុង​តែ​រីក​ដុះដាល​ដោយ​មិន​មាន​ការ​ទប់​ស្កាត់ ​ការ​ប្រកាស​លែង​ឲ្យអ្នកបើកបរ​ម៉ូតូ​ចាប់​ពី​៥០​ទៅ​១២៥​CCមាន​បណ្ណ​បើកបរ ក៏​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យគ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ផង​ដែរ។

របាយ​ការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ គឺ​មក​ពីការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។

តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល ជា​មធ្យម​មនុស្ស​ចំនួន​៥​នាក់​ស្លាប់ និង​១១​នាក់​រង​របួស​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ ហើយធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕