ភ្នំពេញ —
អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានចំនួនជិត២ពាន់នាក់នៅឆ្នាំ២០១២ ដែលជាតួលេខឈានមុខគេ បើប្រៀបធៀបនឹងការស្លាប់ដោយមូលហេតុផ្សេងទៀត។ ប៉ុន្តែបើតាមការអង្កេតរបស់អង្គការសុខភាពពិភពលោកឲ្យដឹងថា ចំនួននេះនៅទាបជាងប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់នៅឡើយ។
បើទោះបីជាការស្លាប់ដោយគ្រោះថា្នក់ចរាចរណ៍នៅកម្ពុជាកើនឡើងជាលំដាប់ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែមន្ត្រីអង្គការសុខភាពពិភពលោកបានវាយតម្លៃថា តួលេខនេះនៅមិនទាន់ស្ថិតក្នុងកម្រិតសោកនាដកម្មនៅឡើយ បើប្រៀបធៀបហ្នឹងប្រទេសមួយចំនួនក្នុងតំបន់។
គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សជិត២ពាន់នៅកម្ពុជានៅឆ្នាំ២០១២។ ចំនួននេះគឺកើនឡើងទ្វេដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយតាមការព្យាករណ៍ បើគ្មានវិធានការទប់ស្កាត់ទេ នោះតួលេខនេះអាចកើនដល់៣២០០នាក់នៅឆ្នាំ២០២០គឺខ្ពស់ជាង៩ដង បើធៀបនឹងការស្លាប់ដោយជំងឺរាគ ជំងឺគ្រុនចាញ់ និងដោយសារគ្រាប់មីនបញ្ចូលគ្នា។
បើតាមការសិក្សាមួយរបស់អង្គការសុខភាពពិភពលោក នៅឆ្នាំ២០១០នៅកម្ពុជា ក្នុងចំណោចមនុស្ស១សែននាក់មាន១៧នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលខ្ពស់ជាងប្រទេសដទៃក្នុងពិភពលោកចំនួន៨២ភាគរយ។ ប៉ុន្តែតួលេខនេះនៅតែទាបជាងប្រទេសមួយចំនួនក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងខ្លួន ដូចជាម៉ាឡេស៊ី។ នៅប្រទេសនេះក្នុងចំណោមមនុស្ស១សែននាក់មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន២៥នាក់។ ហើយនៅក្នុងប្រទេសថៃ៣៨នាក់ វៀតណាម២៤នាក់ និងឡាវ២០នាក់ក្នុងចំណោមមនុស្សមួយសែននាក់។
នៅក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពីសុវត្ថិភាពចរាចរណ៍ លោកស្ទីវឹន អ៊ីឌីង (Steven Iddings) ប្រធានក្រុមការងារជំងឺមិនឆ្លងនៃអង្គការសុខភាពពិភពលោក បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធនេះថា មូលហេតុដែលនាំឱ្យប្រទេសទាំងនោះមានអត្រាអ្នកស្លាប់ខ្ពស់គឺដោយសារស្ថានភាពផ្លូវមានលក្ខណៈល្អប្រសើរជាងនៅកម្ពុជា។
លោកនិយាយថា៖ «នៅប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជាប្រទេសថៃ និងម៉ាឡេស៊ីជាដើម គឺថា ប្រទេសទាំងនោះមានផ្លូវថ្នល់ល្អប្រសើរជាងកម្ពុជា។ ប៉ុន្តែនៅពេលផ្លូវល្អជាងនាំឱ្យអ្នកបើកបរបើកលឿនតាមនោះដែរ។ សម្រាប់ផ្លូវថ្នល់នៅកម្ពុជាវិញគឺមានលក្ខណៈល្អប្រសើរជាងកាលពី៥ ឬ១០ឆ្នាំមុន ប៉ុន្តែវាក៏បង្កើនឱកាសដល់អ្នកបើកបរឱ្យបើកបរលឿនជាងមុនដែរ»។
លោកស្ទីវឹន អ៊ីឌីង (Steven Iddings)បន្ថែមថា អត្តចរិតរបស់អ្នកបើកបរជាកត្តាចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំប្រាកដថា គុណភាពផ្លូវនៅកម្ពុជាមានផ្នែកត្រូវពង្រឹងច្រើនណាស់ ដូចជាគំនូសស្លាកសញ្ញា និងគន្លងផ្លូវអទិភាពជាដើម។ ប៉ុន្តែអ្វីជាការយកចិត្តទុកដាក់របស់អង្គការសុខភាពពិភពលោកគឺការផ្លាស់ប្តូរអត្តចរិតរបស់អ្នកបើកបរ ព្រោះយើងរកឃើញថា មូលហេតុចម្បងនៃគ្រោះថ្នាក់គឺការបើកបរនៅពេលស្រវឹង ការបើកបរហួសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម»។
ការរំលោភច្បាប់ចរាចរណ៍នៅកម្ពុជា ការឈប់ហួសគំនូស ការបើកបរមិនគោរពភ្លើងសញ្ញា និងសិទ្ធិអាទិភាព និងការបើកបរហួសល្បឿនកំណត់ជារឿងដែលគេជួបប្រទះជាញឹកញាប់នៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ គីម យីដេត អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃថ្លែងថា ការរំលោភច្បាប់ចរាចរណ៍នេះគឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកថ្លែងថា៖ «របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីកត្តាមនុស្ស មានរហូតដល់៩៦ភាគរយ ក្នុងនោះការបើកបរលើសល្បឿនកំណត់មានរហូតដល់៤៦ភាគរយ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមាន១៣ភាគរយ ការបើកបរមិនគោរពសិទ្ធិអាទិភាពមាន១៤ភាគរយ និងបញ្ហាផ្សេងៗទៀត។ និយាយឱ្យខ្លីគឺថា ការមិនគោរពច្បាប់របស់អ្នកបើកបរមួយចំនួននិងការបើកបរមិនទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួននិងអ្នកដទៃ»។
ប្រព័ន្ធព័ត៌មានជនរងគ្រោះឆ្នាំ២០១២របស់ក្រសួងមហាផ្ទៃបង្ហាញថា នៅកម្ពុជា ៨៣ភាគរយនៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺអ្នកថ្មើរជើង អ្នកជិះកង់ និងអ្នកជិះម៉ូតូ ហើយ៥០ភាគរយស្ថិតក្នុងអាយុចន្លោះពី១៥ទៅ២៩ឆ្នាំ ដែលជាវ័យកំពុងពេញកម្លាំងសម្រាប់សេដ្ឋកិច្ចជាតិ។
លោកវេជ្ជបណ្ឌិតសៅ សុវណ្ណរតនៈ មន្ត្រីបច្ចេកទេសសុវត្ថិភាពចរាចរណ៍អង្គការសុខភាពពិភពលោក គូសបញ្ជាក់បន្ថែមថា កត្តាដែលនាំឱ្យកើនឡើងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺដោយសារភាពចន្លោះប្រហោងច្រើននៃច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តច្បាប់នៅធូររលុង ការផ្សព្វផ្សាយអប់រំនៅមានកម្រិតទាប គ្មានវិធានការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាពចរាចរណ៍នៅមានកម្រិតទាប និងការវិនិយោគលើសុវត្ថិភាពចរាចរណ៍នៅមានកម្រិតទាប។
គ្រោះថ្នាក់ចរាចរណ៍បាននាំឱ្យខូចខាតសេដ្ឋកិច្ចជាតិប្រមាណ៣២៩លានដុល្លារនៅឆ្នាំ២០១២។
លោកស្រីម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលគ្រោងនឹងអនុម័តនៅឆ្នាំ២០១៤ខាងមុខនេះ ដើម្បីរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅកម្ពុជា។
លោកស្រីនិយាយថា៖ «យើងចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់ហ្នឹងតាំងពីខែវិច្ឆិកាឆ្នាំ២០១០ ក្នុងការរៀបចំច្បាប់នេះឡើងវិញ ព្រោះថា បន្ទាប់ពីអនុវត្តទៅ យើងឃើញថា អ្នកមានគ្រោះថ្នាក់មិនត្រឹមតែអ្នកខាងមុខទេ។ អ្នកនៅក្រោយក៏គ្រោះថា្នក់ដែរ។ យើងសង្ឃឹមថា ចុងឆ្នាំ២០១៤ ច្បាប់នេះនឹងចេញ ព្រោះវាជាតម្រូវការរបស់ប្រជាពលរដ្ឋច្រើន ហើយយើងមើលឃើញស្ថានភាពគ្រោះថ្នាក់ចរាចរកើនឡើង។ ដូច្នេះការអនុវត្តបូករួមនិងការអនុម័តច្បាប់បានទាន់ពេលវេលា អញ្ចឹងយើងសង្ឃឹមថា អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើន»។
ប្រសិនបើអនុម័តនិងចូលជាធរមាន សេចក្តីព្រាងច្បាប់ថ្មីនេះនឹងបន្ថែមការផាកពិន័យគុណនឹងប្រាំសម្រាប់ការមិនពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើកបរហួសល្បឿនកំណត់ បើធៀបនឹងច្បាប់មុន និងតម្រូវឱ្យពាក់មួកសុវត្ថិភាពគ្រប់អ្នកធ្វើដំណើរតាមទោចក្រក្រយានយន្ត។ នេះបើតាមលោកស្រី ម៉ែន ច័ន្ទសុកុល៕