វេទិកាអនឡាញជួយប្រមូលមូលនិធិពីសាធារណជន ហៅថា TosFUND ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងរយៈពេលជាង២ខែនៃការអនុវត្តគម្រោងខ្លួន TosFUND ទទួលបានប្រាក់រៃអង្គាសប្រមាណ៥ពាន់ដុល្លារសហរដ្ឋអាមេរិកហើយដើម្បីជួយគាំទ្រគម្រោងអភិវឌ្ឍសង្គមចំនួន១៦គម្រោង។
TosFUND គឺជាវេទិកាសាធារណៈតាមអ៊ីនធឺណិតក្នុងការប្រមូលមូលនិធិពីសាធារណជន ដើម្បីគាំទ្រគម្រោងដោះស្រាយបញ្ហាសង្គមនានា។
កម្មវិធី TosFUND ដែលជាផ្នែកមួយនៃអង្គការក្រៅរដ្ឋាភិបាល Action IEC ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍន៍អន្តរជាតិ USAID នេះ ធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ផាន់ វុទ្ធី ប្រធានគ្រប់គ្រងកម្មវិធី TosFUND លើកឡើងថា កម្មវិធី TosFUND នេះគឺជាយន្តការថ្មីមួយនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការរៃអង្គាសប្រាក់ជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍សង្គម។
«យើងឃើញប្រជាជនខ្មែរយើង អ្នកខ្លះគាត់មានលទ្ធភាពចង់បរិច្ចាគទៅអ្នកដទៃ តែការបរិច្ចាគនេះ ពេលខ្លះគាត់មានចិត្តដែរ តែអត់មានមធ្យោបាយ។ TosFUND គឺជាសិល្បៈនៃការចែករំលែក ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមអ៊ីនធឺណិត សម្រាប់ជួយដល់គម្រោងមួយចំនួនដែលគាត់ធ្វើការងារជួយសង្គម ដោយស្មោះត្រង់ និងផ្តល់ប្រយោជន៍ដោយផ្ទាល់»។
លោក ផាន់ វុទ្ធី ពន្យល់ប្រាប់អំពីដំណើរការស្នើសុំការជួយស្វែងរកថវិកាឧបត្ថម្ភគម្រោងតាមរយៈកម្មវិធី TosFUND នេះយ៉ាងដូច្នេះ៖
«ទី១មួយ ម្ចាស់ខ្លួនត្រូវដឹងថា គម្រោងគាត់ជាគម្រោងស្មោះត្រង់ មានប្រយោជន៍ដល់សង្គមពិតប្រាកដ។ ទី២ ចូលទៅក្នុង website (គេហទំព័រ) បំពេញបែបបទក្នុងហ្នឹង។ គាត់ត្រូវមានវីដេអូរយៈពេលខ្លីមួយពន្យល់អំពីគោលបំណងរបស់គាត់ អំពីថវិកាប្រើប្រាស់ដើម្បីអ្វី លទ្ធផលរំពឹងទុកហ្នឹងបែបណា? បន្ទាប់មកយើងយកមកឆ្លងគណៈកម្មការថា ត្រឹមត្រូវហើយ យើងយកមកដាក់លើវេទិកា»។
មកទល់ពេលនេះ កម្មវិធី TosFUND បានចូលរួមប្រមូលមូលនិធិគាំទ្រគម្រោងបានចំនួន១៦ហើយទាក់ទងនឹងការដោះស្រាយបញ្ហាសង្គម មានទាំងការអប់រំ វប្បធម៌ សុខភាព និងបរិស្ថានជាដើម។
ចាប់តាំងពីការចាប់ផ្តើមបេសកកម្មខ្លួនកាលពីខែមេសា ឆ្នាំ២០១៦មក TosFUND ទទួលបានមូលនិធិគាំទ្រប្រមាណ៥ពាន់ដុល្លារសហរដ្ឋអាមេរិកហើយ។ គម្រោងដែលទទួលបានថវិកាគាំទ្រទាំងនោះមានជាអាថ៌ គម្រោងសេវាព្យាបាលជម្ងឺអសមត្ថភាពផ្នែកនិយាយ ទទួលបាន១២០០$ គម្រោង១០០០ថ្ងៃសម្រាប់សុខុមាលភាពម្តាយ និងទារកទទួលបានជិត៧៥០$ និងគម្រោងរ៉ឺម៉ក់កង់៣របស់អង្គការតម្លាភាពកម្ពុជាប្រឆាំងអំពើពុករលួយទទួលបានជិត៤០០$ជាដើម។
លោក ផាន់ វុទ្ធី ឲ្យដឹងទៀតថា ថវិកាដែលមហាជនធ្វើការបរិច្ចាគទៅកាន់គម្រោងណាមួយតាមរយៈ TosFUND គឺឆ្លងកាត់តាមប្រព័ន្ធធនាគារ ហើយផ្ទេរទៅឲ្យគម្រោងនីមួយៗដោយផ្ទាល់។ ហើយម្ចាស់គម្រោងនីមួយៗត្រូវផ្តល់ជារបាយការណ៍នៅលើវេទិកា TosFUND ដើម្បីបង្ហាញថា ការប្រើប្រាស់ថវិកាគឺចំគោលដៅ។ លោកថា យន្តការនេះអាចធានាបាននូវតម្លាភាពនៃថវិកា។
«អញ្ចឹង TosFUND សហការជាមួយដៃគូចំនួន៣។ អ្នកចង់បរិច្ចាគអាចធ្វើតាម Cellcard គឺគាត់អាចផ្ញើម្តង៥០សេន។ យើងបានសហការគ្នាតាមធនាគារអេស៊ីលីដា គាត់អាចបរិច្ចាគបានទាំងក្នុង និងក្រៅស្រុក។ ហើយយើងក៏បានសហការជាមួយវីង គាត់អាចវេរលុយជំនួយតាមប្រព័ន្ធវីងបាន»។
លោកប៉ិច ពិសី ជានាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា ដែលធ្លាប់សហការជាមួយ TosFUND ដើម្បីស្វែងរកថវិកាគាំទ្រគម្រោងរ៉ឺម៉ក់កង់៣ប្រឆាំងអំពើពុករលួយ។ លោកគាំទ្រកម្មវិធីរៃអង្គាសប្រាស់ពីសាធារណជនបែបនេះ ដោយសារតែកម្មវិធីបែបនេះអាចជួយឲ្យគម្រោងអភិវឌ្ឍន៍សង្គមមានលទ្ធភាពកើតឡើងកាន់តែច្រើន។
«កម្មវិធី TosFUND នេះជាគម្រោងផ្តួចផ្តើមថ្មីមួយដែលបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋខ្មែរយើងចូលរួមចំណែកសង្គមតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន តិចក្តី ច្រើនក្តី។ គាត់អាចចូលរួមដោយងាយស្រួល ហើយមានលទ្ធផលវិជ្ជមានដល់សង្គមច្រើន»។
សម្រាប់លោក ប៉ិច ពិសី កម្មវិធីរៃអង្គាសពីសាធារណជន ដូចជា TosFUND នេះ ត្រូវការជាចាំបាច់នូវការណែនាំឲ្យមហាជនស្គាល់ពីអត្ថប្រយោជន៍របស់កម្មវិធី ព្រមទាំងការបង្កើនជំនឿចិត្តពលរដ្ឋក្នុងការបរិច្ចាគថវិកា ដើម្បីធានាថា ថវិកានោះពិតជាចំណាយទៅលើការជួយកម្មវិធីអភិវឌ្ឍន៍សង្គមមែន៕