ក្រោយទើបបានបញ្ចប់ទស្សនកិច្ចនៅក្នុងទីក្រុងតូក្យូ អ្នកការទូតកំពូលនិងរដ្ឋមន្ត្រីការពារប្រទេសរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងព្រមានសហរដ្ឋអាមេរិកឱ្យ «ជៀសវាងការបង្ករឿងធ្ងន់ធ្ងរ» នៅពេលដែលមានការជាប់គាំងខាងការចរចានុយក្លេអ៊ែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
តើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យកូរ៉េខាងជើងវិលត្រឡប់ទៅកាន់តុចរចាវិញនឹងក្លាយជាការផ្តោតដ៏សំខាន់នៅពេលដែលលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនិងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបមន្ត្រីកូរ៉េខាងត្បូងនៅសប្តាហ៍នេះ។
អស់រយៈពេលជាង២ឆ្នាំហើយដែលការចរចានុយក្លេអ៊ែរបានជាប់គាំង ហើយអ្នកជំនាញខ្លះនិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តគួរតែទទួលយកកិច្ចព្រមព្រៀងមួយដែលនឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដើម្បីដោះដូរនឹងការបន្ថយទណ្ឌកម្ម ហើយអាចទុកអាវុធនុយក្លេអ៊ែរដែលក្រុងព្យុងយ៉ាងបានផលិតរួច។
កាលពីថ្ងៃអង្គារអ្នកស្រី Kim Yo Jong ប្អូនស្រីរបស់លោក Kim Jung Unនិងដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ផងនោះបានរិះគន់សហរដ្ឋអាមេរិកអំពីការបន្តធ្វើសមយុទ្ធយោធាជាប្រចាំជាមួយកូរ៉េខាងត្បូងដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។
នៅពេលត្រូវសួរអំពីសេចក្តីថ្លែងការណ៍របស់អ្នកស្រី Kim Yo Jong ក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងតូក្យូ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បាននិយាយថា លោកបានឮអត្ថាធិប្បាយនេះប៉ុន្តែចង់ឮពីសម្ព័ន្ធមិត្តនិងប្រទេសដៃគូជាង។
អ្នកស្រី Kim Yo Jong បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងយកឱកាសនេះដើម្បីព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ ប្រសិនបើ ពួកគេចង់រស់នៅដោយសន្តិភាពសម្រាប់រយៈពេល៤ឆ្នាំទៀត គេគួរតែទប់ចិត្តចៀសវាងការបង្ករឿងធ្ងន់ធ្ងរជាមុន»។
បន្ទាប់ពីជំនួបថ្ងៃពុធ លោក Austin និងលោក Blinken នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូងនៅក្នុងជំនួបរួមគ្នា «២បូកនឹង២» នៅថ្ងៃព្រហស្បតិ៍ស្អែក ដែលជាការទាក់ទងបែបនេះលើកទី១រវាងប្រទេសទាំង២ក្នុងរយៈពេល៥ឆ្នាំ៕