អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​ជួប​គ្នា​នៅឯ​ការពិភាក្សា​អាស៊ាន

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) ចាប់ដៃជាមួយអ្នកការទូតកំពូលរបស់ចិន លោក Wang Yi នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2023។ អ្នកទាំងពីរនឹងជួបគ្នា ម្តងទៀតនៅថ្ងៃព្រហស្បតិ៍ នៅឥណ្ឌូនេស៊ី។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មាន​គម្រោង​ជួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​លោក Wang Yi អ្នក​ការទូត​កំពូល​របស់​ចិន​នៅ​ខាង​ក្រៅ​ការចរ ចា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក Blinken និង​លោក Wang បាន​ជួប​គ្នា​កាលពី​ខែ​មុន​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​ដោយ​រដ្ឋបាល​របស់​លោក Biden ដើម្បី​ធ្វើ​ឱ្យ​មាន​ការធូរស្រាល​ដល់ទំនាក់​ទំនង​រវាង​មហា​អំណាច​ទាំង២។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី Janet Yellin បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​បន្ទាប់ពី​លោក Blinekn កាលពី​សប្តាហ៍​មុន​ហើយ​នៅ​សប្តាហ៍​ក្រោយ​នេះ​ចាប់ពី​ថ្ងៃ​ទី១៦ដល់​ថ្ងៃ​ទី១៩ ខែ​កក្កដា​នេះ លោក John Kerry បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​បញ្ហា​អាកាសធាតុ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន។

លោក Blinken និង​លោក Wang ​កំពុង​ចូលរួម​កិច្ច​ពិភាក្សា​អាស៊ាន​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នៅពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​លោក​Sergey Lavrovស្ថិត​នៅ​ទី​នោះ​ដែរ។

ជំនួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ស្អែក​នេះ​ត្រូវ​គេ​រំពឹង​នឹង​រួមបញ្ចូល​ការផ្តោត​លើ​ការងារ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​ការតានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​មិន​បាន​អនុវត្ត​ផែនការ​សន្តិភាព​ចំនួន​៥​ចំណុច​ដែល​ពួកគេ​បាន​ព្រមព្រៀង​ភ្លាមៗ​បន្ទាប់ពី​បណ្តេញ​រដ្ឋាភិបាល​របស់​លោក​ស្រី Aung San Suu Kyi​កាលពី​ឆ្នាំ២០២១។

ផែនការ​ដែល​ធ្វើ​ឡើង​ដោយ​អាស៊ាន​រួមទាំង​ការអំពាវនាវ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា ផ្គត់ផ្គង់​ជំនួយ​មនុស្ស​ធម៌​និង​ការចរចា​សន្តិភាព។

អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​១លាន​នាក់​គ្មាន​ទីកន្លែង​រស់​នៅ។ នេះ​បើ​តាម​អង្គការ​សហ​ប្រជាជាតិ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ការទូត​ជាន់​ខ្ពស់​របស់ VOA អ្នក​ស្រី Cindy Saine បាន​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​សារព័ត៌មានAssociated Press, Agence France-Presse និងReuters.