ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ហាក់ដូចជាបានទទួលស្គាល់កាលពីថ្ងៃចន្ទថា មានឱកាសតិចតួចតែប៉ុណ្ណោះដែលលោក ត្រាំ អាចឈ្នះការបោះឆ្នោត ទោះបីជាលោកនិងជំនួយការសំខាន់ៗផ្សេងទៀតរបស់លោក ត្រាំ នៅតែសង្ឃឹមថា [លោក ត្រាំ] អាចកាន់តំណែងបន្តនៅអាណត្តិទី ២ ទៀតក៏ដោយ។
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន លោក Robert O'Brien បានថ្លែងនៅក្នុងវេទិកាសន្ដិសុខសាកលតាមអនឡាញថា៖ «ប្រសិនបើលោក ចូ បៃដិន ( Joe Biden) និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ត្រូវបានកំណត់ថាជាអ្នកឈ្នះ ដែលវាហាក់ដូចជាពិតប្រាកដអញ្ចឹងមែន នៅពេលឥឡូវនេះ យើងនឹងមានការផ្ទេរអំណាចប្រកបដោយវិជ្ជាជីវ:ពីក្រុមប្រឹក្សាសន្តិសុខជាតិ។ គ្មានអ្វីក្រៅពីនេះឡើយ»។
លោក O'Brien បានបន្ថែមថា៖ «រឿងដែលល្អនោះគឺ នៅក្នុងសហរដ្ឋអាមេរិក យើងផ្ទេរអំណាច ហើយផ្ទេរដោយសន្តិវិធី និងដោយជោគជ័យ ទោះបីជានៅក្នុងកាល:ទេស:ចម្រូងចម្រាសបំផុតក៏ដោយ»។
លោក O'Brien ថ្លែងដូច្នេះ ស្របពេលដែលលោក ត្រាំ នៅបន្តជម្នះដោយបង្ហោះសារលើ Twitter ថា ការបោះឆ្នោតមានការលួចបន្លំ និងថា គេគួរតែប្រកាសថា លោកជាអ្នកឈ្នះលើលោក បៃដិន។ លោក បៃដិន ត្រូវបានគេព្យាករណ៍ថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
លោក ត្រាំ បានបង្ហាះសារនៅលើ Twitter មុនពេលលោក O'Brien បញ្ចេញមតិថា៖ «ក្រុមអ្នកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល ដែលធ្វើការជាមួយដៃគូរបស់ពួកគេ គឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះ កំពុងព្យាយាមលួចយកការបោះឆ្នោតនេះ។ យើងនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើបែបនេះឡើយ»។
លោក ត្រាំ បានបន្ថែមសារលើ Twitter មួយទៀតកាលពីថ្ងៃចន្ទថា៖ «ខ្ញុំបានឈ្នះការបោះឆ្នោត»៕