មន្ត្រី​ការទូត​កំពូល​រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក​ឲ្យ​ឈប់​បំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ

លោក Sauli Niinisto ប្រធានាធិបតី​ហ្វាំងឡង់​ជួប​ជាមួយ​នឹង​លោក Tom Shannon អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ សម្រាប់​ការ​ចរចា​ជាមួយ​នឹង​លោក​អនុរដ្ឋ​មន្ត្រី​រុស្ស៊ី Sergei Ryabkov នៅ​ក្នុង​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ស្វែង​រក​វិធី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ។

បន្ទាប់ពី​លោក Sergei Ryabkov បាន​ជួប​ជាមួយ​នឹង​អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Thomas Shannon នៅ​ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់​រួច​មក ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​ដែល​បញ្ជាក់​ថា៖ «រុស្ស៊ី​អំពាវនាវ​ឲ្យ​បញ្ចប់​នូវ​ការ​បំផ្លិចបំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក និង​ចាប់ផ្ដើម​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កំពុង​តែ​កើន​ឡើង ដែល​មិន​មែន​បណ្ដាល​មក​ពី​កំហុស​របស់​រុស្ស៊ី»។

លោក Thomas Shannon បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហ្វាំងឡង់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី ចូលរួម​នៅ​ក្នុង​ជំនួប​ដែល​មាន​គោល​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​មូស្គូ ដែល​បាន​កើន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។

ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ជាពិសេស​ចាប់តាំង​ពី​មាន​ការ​លេច​ឡើង​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន៕