លោក Blinken លើក​ឡើង​អំពី​បញ្ហា​អ៊ុយក្រែន​ជាមួយ​នឹង​សមភាគី​ចិន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិ លោក Blinken (ស្ដាំ) ចាប់ដៃ​គ្នា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​ពួកគេ​ទាំងពីរ​នៅ​ Nusa Dua នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​ថ្លែង​ប្រាប់​សមភាគី​ចិន​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ ស្របពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ​កំពុង​តែ​ស្មុគស្មាញ​រួច​ទៅ​ហើយ ដោយសារ​តែ​បញ្ហា​ជាច្រើន​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​បន្ទោស​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធ្លាក់ចុះ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បាន​និយាយ​ថា គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​បាន​ដើរ​ខុសផ្លូវ​ដោយសារ​តែ​អ្វី​ដែល​លោក​បាន​ហៅ​ថា គឺ​ជា​ការ​យល់​ខុស​ថា​ចិន​គឺ​ជា​ការ​គំរាមកំហែង។ ​

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi បាន​ថ្លែង​ថា៖ «មនុស្ស​ជាច្រើន​យល់​ថា​សហរដ្ឋអាមេរិក​កំពុង​តែ​រងទុក្ខ​ពី​ការ​ភ័យខ្លាច​ចិន»។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ចិន។

លោក​ Wang Yi បាន​ថ្លែង​ទៀត​ថា៖ «ប្រសិន​បើ​ការ​គំរាមកំហែង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រីក​កាន់​តែ​ធំ នោះ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​នឹង​ត្រូវ​ដើរ​ដល់​ផ្លូវ​ទាល់ ដោយ​គ្មាន​ច្រក​ចេញ​វិញ​បាន​នោះ​ទេ»។

មន្ត្រី​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក លោក Blinken ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដែល​គេ​រំពឹង​ថា លោក​នឹង​និយាយ​អំពី​បញ្ហា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា លោក​បាន​លើកឡើង​អំពី «ការ​ព្រួយ​កង្វល់​ដ៏​ជ្រាលជ្រៅ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​វោហារសាស្ត្រ​បង្ករឿង​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន និង​សកម្មភាព​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់»។

លោកBlinken ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា លោក​បាន​លើកឡើង​អំពី​កង្វល់​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការប្រើប្រាស់​យុទ្ធសាស្ត្រ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​គាបសង្កត់​សេរីភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង ការ​បង្ខំ​កម្លាំង​ពលកម្ម ការ​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិ​ភាគតិច​និង​អ្នក​កាន់សាសនា​ភាគតិច​នៅ​ទីបេ និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ខេត្ត Xinjiang ផង​ដែរ។

បន្ថែម​ពី​នោះ​ទៀត លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​និង​លោក Wang បាន​ពិភាក្សា​គ្នា​អំពី​វិធី​ដែល​អាច​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ច្រើន​ជាង​មុន​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ទៅ​លើ​បញ្ហា​នានា​ដូចជា​វិបត្តិ​អាកាសធាតុ សន្ដិសុខ​ស្បៀង សុខភាព​សកលលោក និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​ផង​ដែរ៕