សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្រើន​រំឮក​អំពី​ការជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត

រូបឯកសារ៖ អ្នកបោះឆ្នោត​នៅស្រុក Madison County បាន​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ស្ថានីយ៍​បោះឆ្នោត​ក្នុង​ក្រុង Ridgeland ស្រុក Madison County នៃ​រដ្ឋ Mississippi។

ការក្រើនរំឮកនេះ បានធ្វើឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ FBI ដោយ​ទាមទារ​ឲ្យ​មាន​ការជូន​ដំណឹង​ដល់​សមាជិក​សភា​ដែល​ពាក់ព័ន្ធ នៅ​ត្រឹម​ចុងខែ​នេះ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​សំខាន់ៗ​មួយ​ក្រុម ​បាន​ក្រើន​រំឮក​ថា សភា​សហរដ្ឋ​អាមេរិក ​ប្រហែល​ជា​គោលដៅ​នៃ​យុទ្ធនាការ​របស់​បរទេស​ដើម្បី​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ការ​ក្រើន​រំឮក​នេះ ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ថា Gang of Eight ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រធាន​រដ្ឋសភា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា និង​សមាជិក​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា។

ការ​ក្រើន​រំឮក​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ FBI ដោយ​ទាមទារ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ដល់​សមាជិក​សភា​ទាំង​អស់ទាក់ទិន​នឹង​រឿង​នេះ នៅ​ត្រឹម​ចុង​ខែ​នេះ។

សមាជិក​សភា​ទាំង​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ១៣ ខែ​កក្កដា ផ្ញើ​ទៅ​កាន់​នាយក​ទីភ្នាក់ងារ FBI លោក Christopher Wray ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដោយ​សភា​ អាច​ទំនងជា​គោលដៅ​នៃ​យុទ្ធនាការ​ជ្រៀតជ្រែក​របស់​បរទេស ដែល​ចង់​បញ្ចូល និង​បង្កើន​នូវ​ព័ត៌មាន​មិន​ពិត ក្នុង​គោល​បំណង​ដើម្បី​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​របស់​សភា ការ​ជជែក​ដេញដោល​សាធារណៈ និង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ»។

ទីភ្នាក់ងារ FBI បាន​ប្រាប់ VOA ថា ខ្លួន​ទទួល​បាន​លិខិត​នោះ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លំអិត​បន្ថែម​នោះ​ទេ៕