គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​មក​ពី​បរទេស​ចូល​មើល​កីឡា​អូឡាំពិក​ទីក្រុងតូក្យូ

រូបឯកសារ៖ បុរស​ពាក់ម៉ាស​ម្នាក់ ដើរ​ក្បែរ​ផ្ទាំងបដា​ដែល​ផ្សព្វផ្សាយអំពី​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ​ឆ្នាំ២០២០ នៅ​ផ្លូវ​ក្រោមដី​មួយ​នៅក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។

អ្នក​គាំទ្រ​និង​អ្នកតាម​ដាន​ភាគ​ច្រើន ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​មើល​ការប្រកួតកីឡា​អូឡាំពិក​ឆ្នាំ​២០២០ ​ដែល​ត្រូវ​បាន​ពន្យាពេល​ នៅពេល​ដែលការប្រកួត​កីឡា​នេះ​នឹង​បើក​ឡើង​នៅ​ខែកក្កដា​ខាងមុខ។ នេះ​បើយោងតាម​ការ​ប្រកាស​របស់​អ្នក​រៀប​ចំ​នៅ​ទីក្រុង​តូក្យូ​និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ​កាលពី​ថ្ងៃសៅរ៍។

​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ដែល​មាន​«៥ភាគី» រួម​មាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​ក្រុម​អ្នក​រៀបចំ​ក្នុង​ប្រទេស រដ្ឋាភិបាល​ជប៉ុន​ រដ្ឋបាល​ទីក្រុង​តូក្យូ និង​គណៈកម្មាធិការ​ប៉ារ៉ា​ឡាំពិក​អន្តរជាតិ (IPC) ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​អ្នក​ទស្សនា​មក​ពី​បរទេស​ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មើល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​នេះ​ទេ។

គណៈកម្មាធិការ​រៀបចំ​ក្រុង​តូក្យូ​ បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់​សម្រាប់​អ្នក​ដែល​រស់​នៅ​បរទេស​ហើយ​មាន​សំបុត្រ ​ចូល​ទស្សនា​ការ​ប្រកួត​កីឡា​អូឡាំពិក​ និង​ដើម្បី​អាច​ឲ្យ​ពួក​អ្នក​ទស្សនា​អាច​ដូរ​ផែនការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ នៅ​ពេល​នេះ​ ភាគី​ខាង​ជប៉ុន​បាន​សម្រេច​ថា​ ពួកគេ​នឹង​មិន​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ជប៉ុន​បាន​ទេ ​នៅ​អំឡុង​ការ​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ារ៉ា​អូឡាំពិក​ខាង​មុខ​នេះ»។

នៅមុនការ​ពន្យាពេល កាល​ពី​មួយ​ឆ្នាំ​មុនដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ អ្នក​រៀប​ចំ​បាន​និយាយ​ថា​ សំបុត្រ​ចំនួន​៧,៨លាន ​អាច​រក​ទិញ​បាន​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ។

កាលបរិច្ឆេទ​របស់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ត្រូវ​ បាន​ប្តូរ​ពី​ថ្ងៃទី​២៣ កក្កដា មក​ថ្ងៃទី​០៨​ ខែ​សីហា ​ហើយកីឡា​ប៉ារ៉ាឡាំពិក​ បាន​ប្តូរ​ពី​ថ្ងៃទី​២៤ ខែសីហា មកថ្ងៃទី​០៥ ខែកញ្ញា៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ