IMF៖ ​កម្ពុជា​គួរ​ឃ្មាតខ្មី​កែទម្រង់​បន្ថែម​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច

ស្លាក​យី​ហោ​ពាណិជ្ជកម្ម​ជា​ភាសា​អង់គ្លេស​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ក្នុង​រាជធានី​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ក្នុង​ការ​វាយ​តម្លៃ​ប្រចាំឆ្នាំ​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ IMF ​បាន​ព្យាករណ៍​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​អត្រា​កំណើន​៧%​ថេរ​សម្រាប់​ឆ្នាំ២០១៧ ​និង​ឆ្នាំ២០១៨​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ផ្ដើម​រង​ឥទ្ធិពល​ពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។​

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ ​ដែល​អាច​នៅ​តែ​រក្សា​បាន​អត្រា​ប្រមាណ​៧%​សម្រាប់​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨ ​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យ​គន្លឹះ​មួយ​ចំនួន​ ដើម្បី​រក្សា​បាន​នូវ​កំណើន​ប្រកប​ដោយ​ចីរភាព ​និង​ស្ថិរភាព​នៃ​វិស័យ​សេដ្ឋកិច្ច ​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ នេះ​ជា​អនុសាសន៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)។​

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ក្នុង​សេចក្ដី​សន្និដ្ឋាន​ដើម្បី​បិទ​បញ្ចប់​ «ការ​ពិគ្រោះ​យោបល់​មាត្រា៤» ​ដែល​ជា​ការ​សិក្សា​វាយ​តម្លៃ​ និង​ឱ្យ​យោបល់​ប្រចាំ​ឆ្នាំ​របស់​ ​IMF ​ទៅ​លើ​ប្រទេស​ជា​សមាជិក​ ​លោក ​Jarkko ​Turunen ​អនុ​ប្រធាន​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​របស់​ IMF​ បាន​ឱ្យ​ដឹង​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​ភាព​ខ្លាំង​មាំទាំ​របស់​ខ្លួន​បន្ត​ទៅ​ទៀត ​បើ​ទោះ​ជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ឯកជន​យ៉ាង​ណា​ក្ដី។​

អ្នក​ជំនាញ​ការ ​IMF ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖​

«កម្ពុជា​បន្ត​មាន​កំណើន​[សេដ្ឋកិច្ច]​ក្នុង​សន្ទុះ​ក៏​គួរ​ឱ្យ​រំភើប​ចិត្ត»។ ​សកម្ម​ភាព​សេដ្ឋកិច្ច​បន្ត​មាន​សភាព​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​ ​ខណៈ​ដែល​អតិ​ផរណា​បាន​កើន​ដល់​៣%​កាល​ពី​ឆ្នាំ​ទៅ ​ដែល​បណ្ដាល​មក​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ស្បៀង​ និង​ថាមពល ​... ។ សេចក្ដី​ប្រមើ​មើល​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​លក្ខណៈ​វិជ្ជមាន ​បើ​ទោះ​ជា​មាន​ហានិភ័យ​នៃ​និន្នាការ​ធ្លាក់​ចុះ​[នៃ​សូចនាករ​មួយ​ចំនួន]​ក៏​ដោយ»។​

លោក Jarkko Turunen (ឆ្វេង) អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយបណ្ណអន្តរជាតិ IMF ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក ​Jarkko ​Turunen ​បាន​បន្ត​ថា៖​

«[សេដ្ឋ​កិច្ច]​កម្ពុជា​បាន​បន្ត​កើន​ឡើង​យ៉ាង​លឿន​រហ័ស​ ក្នុង​រយៈពេល​ពីរ​ទៅ​បី​ទសវត្សរ៍​ចុង​ក្រោយ ​ដែល​ទ្រទ្រង់​ដោយ​បរិការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​មួយ​ដែល​ប្រកប​ដោយ​ស្ថិរ​ភាព ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​បើក​ចំហ​ និង​មាន​ចរឹត​ផ្ដោត​លើ​ទីផ្សារ​ ទី​តាំង​ភូមិ​សាស្ត្រ​ក្នុង​តំបន់​ដែល​មាន​ការ​លូត​លាស់​លឿន​បំផុត​ក្នុង​ពិភព​លោក​ និង​ក្រុម​ប្រជាជន​ដែល​មាន​វ័យ​ក្មេង​របស់​ប្រទេស​នេះ»។​

ដើម្បី​បន្ត​កំណើន​នេះ​ត​ទៅ​មុខ​ទៀត​ ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ​បាន​លើក​ឡើង​ជា​អនុសាសន៍​នានា​ឱ្យ​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​បន្ត​ខិត​ខំ​ឃ្មាត​ខ្មី ​លៃលក​កែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ដើម្បី​ទ្រទ្រង់ ​និង​បន្ត​ស្ថិរភាព​នៃ​កំណើន។​

IMF ​បាន​កត់​សម្គាល់​អំពី​ផ្លែផ្កា​នៃ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ប្រមូល​ចំណូល ​(RMS) ​តាម​រយៈ​កំណែ​ទម្រង់​វិស័យ​ពន្ធ​ដារ ​ខណៈ​ដែល​រដ្ឋា​ភិបាល​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា ​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ​រដ្ឋ​កៀង​គរថវិកា​បាន​ប្រមាណ​១១៩២,៤០​លាន​ដុល្លារ​អាមេរិក​ គិត​ជា​កំណើន ​គឺ​កើន​បាន​៣២,១៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦។​

យ៉ាង​ណាក្ដី​ លោក ​Jarkko​ Turunen ​បាន​លើក​ឡើង​ថា៖​

«សម្លឹង​ឆ្ពោះ​ទៅ​មុខ ​កម្ពុជា​នឹង​ត្រូវ​ពើប​ប្រទះ​ទទួល​រង​សម្ពាធ​នៃ​កំណើន​ចំណាយ​[សាធារណៈ]​ ​ហើយ​ប្រសិន​ជា​យុទ្ធសាស្ត្រ​ប្រមូល​ចំណូល ​(RMS) ​មិន​ត្រូវ​បាន​ផ្ដល់​ថាម​ភាព​ឡើង​វិញ​ទេ​ នោះ​កំណើន​នៃ​ចំណូល​[ពន្ធ​រដ្ឋ] ​អាច​នឹង​ត្រូវ​រំពឹង​ថា ស្ថិត​ក្នុង​អត្រា​ធម្មតាៗ​វិញ​ម្ដង»។​

ក្នុង​នោះ​កម្ពុជា​ត្រូវ​បាន​ស្នើ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​រូបវ័ន្ត​នានា ​ដើម្បី​បង្កើន​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុង​ពាណិជ្ជ​កម្ម ​និង​កម្មន្តសាល ​កែ​សម្រួល​លើក​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​តាម​រយៈ​ការ​គ្រប់​គ្រង​តម្លៃ​ថាមពល​ឱ្យ​នៅ​ទាប​ កែ​លម្អ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មូលធន​មនុស្ស ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ក៏​ដូច​ជា​ខិត​ខំ​បន្ថែម​ទៀត ​ក្នុង​ការ​ពង្រឹង​«នីតិ​រដ្ឋ» ​និង​«តម្លា​ភាព» ​លើ​រាល់​វិស័យ​ទាំង​អស់។​

ការ​លើក​កម្ពស់​នានា​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ ដែល​រួម​បញ្ចូល​ទាំង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​រូបិយ​បណ្ណ​ជាតិ​កាន់​តែ​ច្រើន​ឡើង​ ​ក៏​ដូច​ជា​ការ​កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ ​និង​ការ​បង្កើន​កម្រិត​អក្ខរកម្ម​ហិរញ្ញវត្ថុ ​ក៏​ត្រូវ​បាន​ចាត់ទុក​ជា​អនុសាសន៍​ដល់​អ្នក​តាក់​តែង​គោល​នយោបាយ​កម្ពុជា​ផង​ដែរ។

លោក ​Miguel​ Chanco ​អ្នក​វិភាគ​នាំ​មុខ​លើ​កិច្ច​ការ​អាស៊ាន​នៃ​អង្គភាព​ស៊ើប​អង្កេត​នៃ​ទស្សនា​វដ្ដី ​Economist ​(EIU)​បាន​និយាយ​សង្កត់​ធ្ងន់​ថា ​បញ្ហា​មូល​ធន​មនុស្ស ​ការ​ពង្រឹង​នីតិ​រដ្ឋ ​និង​ការ​ជំរុញ​តម្លា​ភាព​នៅ​កម្ពុជា ​ពុំ​មាន​អ្វី​ប្រសើរ​ឡើង​ជា​ដុំ​កំភួន​សោះ​ឡើយ ​ហើយ​ការ​ពង្រឹង​បង្កើន​ភាព​ប្រកួត​ប្រជែង​ទៀត​សោត ​ក៏​ធ្លាក់​ខ្សោយ​ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​វាយន​ភណ្ឌ។

លោក ​Miguel​ Chanco ​បាន​ប្រាប់ ​VOA​ តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ក្នុង​ន័យ​ដើម​ថា៖​

«ភាព​រឹង​មាំ​ជាង​មុន​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១៥​មក ​បាន​បង្ក​នូវ​ចំហាយ​ប៉ះពាល់​ផង​ដែរ ​ដល់​សេដ្ឋ​កិច្ច​ដែល​មាន​អត្រា​ដុល្លា​រូបនីយកម្ម​ខ្លាំង​ ខ្ពស់​[ដូច​ជា​កម្ពុជា]»។​

ស្រប​ពេល​ដែល ​IMF ​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​ភាព​ធុន​នឹង​ហានិភ័យ​នានា​ដែល​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​លើ​វិស័យ​កសិកម្ម​ ​លោក​ Chanco ​បាន​លើក​ឡើង​ថា​ ​វិស័យ​កសិកម្ម​ដែល​មាន​កំណើន​រយីក​រយាក​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ក៏​នៅ​តែ​បន្ត​ជួប​បញ្ហា​នៅ​ក្នុង​រយៈពេល​ទៅ​ខាង​មុខ ​ជាមួយ​នឹង​ប្រព័ន្ធ​តម្លៃ​ទីផ្សារ​មិន​មាន​ស្ថិរភាព ​និង​អាកាស​ធាតុ​មាន​លក្ខណៈ​កាន់​តែ​មិន​ទៀង​ទាត់។ ​លោក​បន្ត​ថា៖​

«ការណ៍​នេះ​នឹង​បន្ត​ទម្លាក់​បន្ទុក​ជះ​ផល​ប៉ះ​ពាល់​ដល់​អត្រា​នៃ​ការ​ចំណាយ ​និង​ការ​ប្រើ​ប្រាស់​សេវា​នៅ​ជនបទ។ ​ជា​លទ្ធ​ផល​ ​បញ្ហា​នៃ​ការ​ជាប់​ជំពាក់​បំណុល​វ័ន្ត​ក​នៅ​ជនបទ​នឹង​នៅ​តែ​បន្ត​អូស​បន្លាយ​ថែម​ទៀត»។​

ភាព​ជាប់​ទាក់​ទង​គ្នា​រវាង​ដំណើរ​វិវឌ្ឍ​ចុង​ក្រោយ​នៃ​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក ​និង​បញ្ហា​កំណើន​សេដ្ឋកិច្ច ​ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ការ​គូស​បញ្ជាក់​របស់​ IMF ​ផង​ដែរ។​

ប្រជាជន​កម្ពុជាចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ ​ដែល​កៅអី ​និង​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​ក្នុង​អំណាច​ជិត​បួន​ទសវត្សរ៍​មក​ហើយ​នេះ​ ​នឹង​ត្រូវ​ប្រឈម​នឹង​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ភាព​ប្រហាក់​ប្រហែល​គ្នា។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ជា​ប្រមុខ​គណបក្ស​កាន់​អំណាច បាន​ព្រមាន​ជា​ច្រើន​លើក​ រាប់​មិន​អស់ ​អំពី​លទ្ធ​ភាព​នៃ​សង្គ្រាម​ស៊ីវិល​ ដែល​អាច​ផ្ទុះ​ឡើង​ បើគណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​«ភាព​មិន​ប្រាកដ​ប្រជា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត»​ បាន​នាំ​ឱ្យ​មាន​ការ​ធ្លាក់​ថម​ថយ​នៃ​ការ​វិនិយោគ​ឯកជន​នៅ​ក្នុង​ឆ្នាំ​នេះ។ ​នេះ​បើ​យោង​តាម​លោក ​Jarkko ​Turunen ​នៃ​ IMF៖។​

លោក​និយាយ​ថា៖​

«យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ថម​ថយ​មួយ​ចំណែក​ក្នុង​ការ​វិនិយោគ​ឯកជន ​ដែល​បណ្ដាល​មក​ពី​«ភាព​មិន​ប្រាកដ​ប្រជា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត។ ​យ៉ាង​ណា​ក្ដី ​យើង​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា ​ការណ៍​នេះ​ត្រូវ​បាន​ទូទាត់​កែ​កុន​ដោយ​កំណើន​នៃ​ចំណាយ​សាធារណៈ»។

អ្នក​វិភាគ​ Miguel​ Chanco ​បាន​លើក​ឡើង​ថា​ ​អស្ថិរ​ភាព​នយោបាយ​ដែល​កើន​ឡើង​តាំង​ពី​ឆ្នាំ​២០១៥​មក ​បាន​បន្ត​រុញ​ច្រាន​វិនិយោគិន​មួយ​ចំនួន​ ដែល​ស្វះស្វែង​រក​ឱកាស​ចង់​ដាក់​ទុន​នៅ​កម្ពុជា​ មិនទាន់​ហ៊ាន​បោះទុន​ ដោយ​នៅ​ស្ងៀម​ចាំ​មើល​ស្ថានភាព​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ហើយ​លោក​រំពឹង​ទុក​ថា ​ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា ​នឹង​បន្ត​ចុះ​ខ្សោយ​បន្ថែម​ទៀត​ក្នុង​រដូវកាល​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​លើក​នេះ។

«និយាយ​មែន​ទែន​ទៅ ​យើង​អាច​រំពឹង​ទុក​ថា ​វិនិយោគិន​មួយ​ចំនួន​ដែល​ចង់​ដាក់​ទុន​នៅ​កម្ពុជា ​ទំនង​ជា​ជ្រើស​យក​វិធី​សាស្ត្រ​ឈរ​ស្ងៀម ​និង​រង់​ចាំ​មើល​[ស្ថាន​ការណ៍​វិវត្តន៍​ក្នុង​ការ​បោះឆ្នោត]​ ហើយ​គ្រឹះ​ស្ថាន​ជំនួញ​នានា​រំពឹង​ចង់​បាន​ការ​បោះឆ្នោត​មួយ​ដ៏​ស្អាត​ស្អំ ​និង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ​បើ​សិន​ជា​ចាំ​បាច់»។

ការ​ព្យាករណ៍​របស់​ IMF ​នេះ​ត្រូវ​នឹង​ការ​ទាយ​ទុក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ស្ថិត​ក្នុង​អត្រា​៧%​សម្រាប់​ឆ្នាំនេះ ​និង​ពីរ​ឆ្នាំ​ទៅ​ខាង​មុខ ​ហើយ​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ដែរ​ថា​ ខ្លួន​នឹង​ប្ដេជ្ញា​រក្សា​«ប្រក្រតី​ភាព»​ក្នុង​វិស័យ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​បោះ​ឆ្នោត​២០១៨​ខាង​មុខនេះ៕