អ្នកការទូតកំពូលស.រ.អា.បាននិយាយថា គោលនយោបាយនៃ «ការអត់ធន់បែបយុទ្ធសាស្ត្រ» ជាមួយប្រទេសកូរ៉េខាងជើងបានចប់ហើយ ហើយថាសកម្មភាពយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងជា «ជម្រើសមួយនៅលើតុចរចា»។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានធ្វើអត្ថាធិប្បាយខ្លាំងៗទាំងនេះនៅថ្ងៃសុក្រនេះក្នុងក្រុងសេអ៊ូល ដោយលោកបានមានប្រសាសន៍ថា «ប្រទេសកូរ៉េខាងជើងត្រូវតែយល់ថាវីធីតែមួយគត់ដើម្បីធ្វើឱ្យមានអនាគតមួយមានសន្តិសុខ និងភាពសម្បូររុងរឿងខាងសេដ្ឋកិច្ច» គឺខ្លួនត្រូវតែ «បោះបង់ចោលការអភិវឌ្ឍអាវុធបរមាណូ កាំជ្រួចមីស៊ីលផ្លោង និងអាវុធប្រល័យលោកឯទៀតៗរបស់ខ្លួន»។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Yun Byung-se លោក Tillerson បាននិយាយថា «សមត្ថភាពមួយចំនួនធំ» បានត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសនេះដែលនៅដាច់ពីគេ។
ប្រទេសកូរ៉េខាងត្បូងជាប្រទេសទីពីរនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកាំងរូបនេះក្នុងទ្វីបអាស៊ី។
លោក Tillerson បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងក្រុងតូក្យូថា«ជាការច្បាស់លាស់ថា មានការតម្រូវមួយឱ្យមានរបៀបដោះស្រាយប្លែកពីមុនមួយ» នៅក្រោយរយៈពេល២០ឆ្នាំនៃការខិតខំប្រឹងប្រែងខាងការទូតដែលគ្មានជោគជ័យដើម្បីរារាំងកូរ៉េខាងជើងមិនឱ្យមានអាវុធបរមាណូ។
លោក Tillerson បានមានប្រសាសន៍ថា ផ្នែកមួយនៃហេតុផលដែលលោកបំពេញទស្សនកិច្ចក្នុងតំបន់នោះគឺដើម្បីប្តូរការយល់ឃើញជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូងនិងប្រទេសចិនអំពីវិធីឯទៀតដើម្បីបោះជំហ៊ានទៅមុខ។
លោក Tillerson បានថ្លែងនៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida ថា «រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េខាងជើងមិនចាំបាច់ត្រូវខ្លាចសហរដ្ឋអាមេរិក ឬក៏ប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់ ដែលមានគោលបំណងចង់រស់នៅក្នុងសន្តិភាពជាមួយនឹងកូរ៉េខាងជើងនោះទេ។ ដោយសារគំនិតនេះហើយ សហរដ្ឋអាមេរិកអំពាវនាវឱ្យកូរ៉េខាងជើងលះបង់កម្មវិធីអាវុធបរមាណូ និងកាំជ្រួចផ្លោងមីស៊ីលរបស់ខ្លួន និងដកខ្លួនឱ្យឆ្ងាយពីសកម្មភាពបង្កហេតុណាមួយបន្តទៀត»។
លោក Tillerson ក៏បានសន្យាថា ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការការពារប្រទេសជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន គឺមិនប្រែប្រួលទេ។
ប្រទេសចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ចរបស់លោក Tillerson គឺប្រទេសចិនដែលនៅទីនោះរបៀបវារៈរបស់លោកមានរួមបញ្ចូលជំនួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ផងដែរ៕