លោក​ Rex Tillerson ស្វែងរក​ការគាំទ្រ​លើស៊ីរី​មុន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​លោក Rex Tillerson ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ក្នុង​ប្រទេស​ G-7 នៅ Palazzo Ducale ក្នុង​ទីក្រុង​ Lucca កាល​ពី​ថ្ងៃទី​១១ មេសា​​ ២០១៧ ប្រទេស​អ៊ីតាលី។

ការ​ប្រជុំ​មួយ​នៃ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស G-7 ដែល​គ្រប​ដណ្តប់​ដោយស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរីបាន​បញ្ចប់​នៅ​ថ្ងៃ​អង្គារនេះ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ពួកសម្ព័ន្ធ​មិត្ត​នៅ​មុន​លោក​ធ្វើដំណើរ​ទៅ​កាន់ក្រុង​ម៉ូស្គូ​ដើម្បី​ជួប​ជាមួយ​ពួក​មន្ត្រី​រុស្សី។​

​នៅ​ខាង​ក្រៅ​កិច្ចចរចា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ លោក​ Tillerson បានជួប​ជាមួយសមភាគីលោកមកពី​ប្រទេសហ្ស៊កដានី​ កាតា អារ៉ាប៊ី​សាអូឌីត​ តួកគី​ និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម អំពី​ការ​ឆ្លើយ​តប​របស់​ស.រ.អា.ដល់ការវាយ​ប្រហារ​ដោយ​អាវុធ​គីមីកាល​ពី​សប្តាហ៍​មុន​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី។​

នៅ​ក្រោយ​ជំនួប​ផ្ទាល់​របស់លោកជាមួយ​លោក Tillerson កាលពី​ថ្ងៃ​ចន្ទ លោក Boris Johnson រដ្ឋមន្ត្រីការ​បរទេសអង់គ្លេស​បាននិយាយ​ថា​ក្រោយ​ស.រ.អា.បើក​ធ្វើការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល លើ​មូលដ្ឋាន​មួយ​នៃ​កង​ទ័ព​អាកាស​ស៊ីរី «ស្ថានការណ៍​មានការ​ផ្លាស់ប្តូរ​ហើយ»។

លោក Jonhson បាននិយាយ​ថា​ពួក​សម្ព័ន្ធមិត្ត​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ថែមទៀតប្រឆាំង​នឹង​ពួក​ឥស្សរជន​យោធា​ស៊ីរី​និង​ពួក​សមាជិក​នៃ​កង​យោធា​រុស្សី​ដែល​បាន​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រដ្ឋាភិបាល​ស៊ីរី​និង​ដូចដែល​លោក Johson បានថ្លែង​ថា «បានទទួល​ឥទ្ធិពល​ដោយ​សារ​អាកប្បកិរិយា​គួរ​ឱ្យ​រន្ធត់​នៃ​របបគ្រប់គ្រង Assad»៕