ការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ ត្រាំពីយុទ្ធសាស្ត្រសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson ដែលបាននិយាយថា យុទ្ធសាស្ត្រនោះនឹងមិនផ្អែកទៅលើកាលកំណត់នោះទេ ប៉ុន្តែផ្អែកទៅលើស្ថានភាពសមរភូមិនៅអាហ្វហ្គានីស្ថានទៅវិញ។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson បានមានប្រសាសន៍ថា៖
«ការប្រយុទ្ធគ្នានឹងនៅតែត្រូវរ៉ាប់រងដោយកងកម្លាំងអាហ្វហ្គានីស្ថាន ដោយយោធា និងកងកម្លាំងសន្តិសុខរបស់ពួកគេ។ ប៉ុន្តែយើងជឿថា យើងអាចធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមានទៅលើអ្វី ដែលជាសង្គ្រាម ដែលយើងកំពុងចាញ់មួយ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ បើមិនអញ្ចឹងទេ យ៉ាងហោចណាស់ យើងអាចរក្សាស្ថានការណ៍បាន»។
ប៉ុន្តែលោក Tillerson បានទទួលស្គាល់ថា ទោះបីជាការផ្តោតថ្មីមិនអាចនាំឲ្យមានជ័យជម្នះយោធាទាំងស្រុងក៏ដោយ។ លោកក៏បានអំពាវនាវឲ្យក្រុមតាលីបង់ចូលតុពិភាក្សាផងដែរ។ លោកបាននិយាយថា៖
«ខ្ញុំគិតថា លោកប្រធានាធិបតីបាននិយាយច្បាស់ពីរឿងនេះ កិច្ចប្រឹងប្រែងទាំងស្រុងនេះមានគោលបំណងដាក់សម្ពាធទៅលើក្រុមតាលីបង់ ដើម្បីឲ្យក្រុមនេះយល់ ថាខ្លួននឹងមិនឈ្នះសង្គ្រាមនៅសមរភូមិទេ។ យើងប្រហែលមិនអាចឈ្នះសង្គ្រាមនេះ ហើយក្រុមនោះក៏នឹងមិនឈ្នះផងដែរ»។
លោក Tillerson បានយល់ស្របជាមួយលោកត្រាំថា បញ្ហាស្មុគស្មាញរបស់អាហ្វហ្គានីស្ថាន អាចត្រូវដោះស្រាយបាន ជាមួយនឹងមធ្យោបាយជាលក្ខណៈតំបន់ប៉ុណ្ណោះ ដែលក្នុងនោះរួមមានឥណ្ឌា និងប៉ាគីស្ថានផងដែរ។ យ៉ាងណាក្តី លោកបាននិយាយថា ប៉ាគីស្ថានត្រូវការផ្លាស់ប្តូរចំណាត់ការរបស់ខ្លួនទៅនឹងក្រុមភេរវករ។ អ្នកវិភាគមួយចំនួន រួមទាំងលោក David Sedney ដែលនិយាយនៅក្នុងកម្មវិធី «View 360» នៃ VOA ជាភាសា Urdu យល់ស្របចំពោះរឿងនេះ។
លោក David Sedney ដែលជាអតីតអ្នកការទូតអាមេរិកផងដែរនោះ បាននិយាយថា៖
«ប៉ាគីស្ថានត្រូវចាត់វិធានការមុតមាំ ដើម្បីរារាំងមេដឹកនាំក្រុមតាលីបង់ កុំឲ្យចូលរួមជួបជុំគ្នានៅប៉ាគីស្ថាន ក៏ដូចជា បញ្ឈប់លំហូរអាវុធ យុទ្ធភណ្ឌ និងគ្រឿងផ្ទុះ ពីប៉ាគីស្ថានចូលក្នុងអាហ្វហ្គានីស្ថាន។ ឥឡូវនេះ ប៉ាគីស្ថានដឹងថា ខ្លួនមិនអាចអង្គុយរង់ចាំសហរដ្ឋអាមេរិកបានទេ»។
លោក William Goodfellow បានប្រាប់កម្មវិធី «View 360» ថា លោកមិនឃើញមានការផ្លាស់ប្តូរធំដុំណាមួយនៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះអាហ្វហ្គានីស្ថាននោះទេ។ លោកបាននិយាយថា៖
«ខ្ញុំគិតថា ហេតុផល ដែលពួកគេដាក់ទ័ពបន្ថែម គឺពីព្រោះតែ ពួកគេព្រួយបារម្ភថា ក្រុមតាលីបង់មានគំនិតផ្តួចផ្តើម ហើយមេបញ្ជាការទាហានអាមេរិកគ្រាន់តែនិយាយថា «យើងកំពុងមានការជាប់គាំង។ ទេ យើងមិនមានការជាប់គាំងទេ»។ អញ្ចឹងគឺថា ភាគីអាមេរិកកំពុងតែចាញ់។ ហើយខ្ញុំគិតថា ការដាក់ទ័ពបន្ថែមនឹងជួយនាំយកស្ថានភាពមួយ ដែលពិតជា មានការជាប់គាំង និងរៀបចំឲ្យមានដំណោះស្រាយតាមរយៈការចរចាមួយ»។
ដំណោះស្រាយតាមរយៈការចរចាទំនងជាលទ្ធផលទទួលយកបានមួយសម្រាប់មនុស្សភាគច្រើននៅអាហ្វហ្គានីស្ថាន ដែលកំពុងរ៉ាំរ៉ៃនឹងសង្គ្រាម៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា