លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Tillerson ​ទទួល​ស្គាល់​ពី​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​ប្រទេស​ម៉ិកស៊ិក

លោក John Kelly ​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Mexico City កាលពី​ថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក​ជា​ប្រទេស​២​ដ៏​ខ្លាំង​ដែល​នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា​ពី ពេល​មួយ​ទៅ​ពេល​មួយ‍។​ ក៏ប៉ុន្តែ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ចរចា​របស់​លោក​ជាមួយ​ពួក​មន្រ្តី​ក្នុង​ទីក្រុង Mexico City ប្រកប​ដោយ​លទ្ធផល​ និង​មាន​ដំណើរការ​ទៅ​មុខ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Tillerson ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានដែល​ឈរ​នៅ​ជិត​លោក Luis Videgaray ​រដ្ឋ​មន្រ្តីការ​បរទេស​ម៉ិកស៊ិក​ថា ​ប្រទេស​ទាំង​២​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ដែល​អាច​ដោះ​ស្រាយ​តាម​រយៈ​ការ​សន្ទនា​គ្នា។ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង​បាន​ចូលរួម​ដោយ​លោក John Kelly រដ្ឋមន្រ្តី​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​ដែល​មាន​គោល​បំណងបន្ធូរបន្ថយ​ការ​ព្រួយ​កង្វល់​ និង​ការ​ខឹងសម្បា​អំពី​គោល​នយោបាយរបស់​រដ្ឋ បាលថ្មី​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ម៉ិកស៊ិក។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Tillerson បាន​និយាយ​ទៀត​ថា «យើង​បាន​ពិភាក្សាពី​បញ្ហា​លំបាក ​និង​ឱកាស​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី‍»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ បាន​ធ្វើ​សុន្ទរកថា​អំពី​ចំណង​ទាក់ ទង​រវាង​ប្រទេស​ទាំង២​កាល​ពី​ដំបូង​នៅ​សេតវិមាន។ លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​មួយ​ថ្ងៃ​បន្ទាប់​ពីលោក Sean Spicer ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​សំដៅ​ដល់​ចំណង​ទាក់ទង​ទ្វេ​ភាគី​ថា មាន​ភាព​ខ្លាំង​ក្លា។ លោក​ប្រធា​នាធិបតី​មាន​ប្រសាសន៍​ថា «យើង​នឹង​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​ម៉ិកស៊ិក ហើយ​ប្រសិនបើ ​យើង​មិន​មាន​ក៏​មិន​មាន​ទៅ‍»។

ដំណើរ​ទស្សនកិច្ច​នេះកើតមាន​ឡើង​ទៅ​តាម​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចំណុច​ដ៏​ទាប​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេសទាំង​២​ដែល​មាន​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រួម​របស់​ខ្លួន​ប្រវែង​៣​ពាន់​១រយ​គីឡូម៉ែត្រ​ចាប់​តាំង​ពី​សង្គ្រាមរវាង​ម៉ិកស៊ិក​ និង​អាមេរិក​នៅ​ចុង​ទសវត្សរ៍​១៨៤០​មក៕