ការកើនឡើងទំនាក់ទំនងតានតឹងរវាងប្រទេសចិនជាមួយនឹងគូប្រជែងនៅតំបន់អាស៊ីអាគ្នេយ៍បានធ្វើឲ្យចិនស្ថិតនៅក្នុងជំហរមួយដែលមិនអើពើនឹងសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរពីសំណាក់ក្រុមមន្ត្រីការបរទេសពីប្រទេសមហាអំណាចក្នុងខែនេះ ក៏ដូចជាការស្តីបន្ទោសនានា ជុំវិញការរានយកដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានពង្រីកការទន្ទ្រានយកដែនសមុទ្រនៅក្នុងសមុទ្រដែលមានជម្លោះតាំងពីទសវត្សរ៍មុន បើទោះជាមានការទាមទារជាន់គ្នាពីប្រទេសដែលតូចជាងក៏ដោយនោះ បានរងការរិះគន់ថ្មីទៀតពីសំណាក់ក្រុមមន្ត្រីការបរទេស G7 កាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះ។
សេចក្តីថ្លែងការណ៍រួមជាផ្លូវការមួយរបស់បណ្តុំប្រទេស G7 បានជំរុញឲ្យបណ្តាប្រទេសនៅជុំវិញសមុទ្រនេះ ប្រើប្រាស់សាលក្រមតុលាការអាជ្ញាកណ្តាលពិភពលោកដែលកាត់ក្តីឲ្យចិនចាញ់ ជាមូលដ្ឋានដ៏មានប្រយោជន៍មួយ សម្រាប់ដោះស្រាយជម្លោះមួយនេះ។ សាលាក្តីមួយនៅក្នុងទីក្រុងឡាអេ បានចេញសាលក្រមកាលពីឆ្នាំមុនថា រដ្ឋាភិបាលក្រុងប៉េកាំងគ្មានមូលដ្ឋានផ្លូវច្បាប់ដើម្បីទាមទារយកដែនសមុទ្រជាង៩០ភាគរយនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។ សមុទ្រចិនខាងត្បូងដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ និងសម្បូរទៅដោយធនធាននោះ ក៏ត្រូវបានទាមទារជាន់គ្នាដោយរដ្ឋាភិបាល៥ផ្សេងទៀតផងដែរ៕