ការ​បោះឆ្នោត​បឋម​ដ៏​តានតឹង​នៅ​រដ្ឋKentucky ធ្វើ​ឲ្យ​លោកស្រី​គ្លីនតុន​កាន់​តែ​ខិត​កៀក​នឹង​ការ​តែងតាំង

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ស្រី Hillary Clinton ខិត​កាន់​តែ​កៀក​ទៅ​រក​ការ​តែងតាំង​ ដែល​ស្ទើរ​តែ​ប្រាកដប្រជា​ទៅ​ហើយ ជា​បេក្ខជន​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ប្រកួត​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ស្រី Hillary Clinton កាល​ពី​ថ្ងៃ​អង្គារ បាន​ខិត​កាន់​តែ​កៀក​ទៅ​រក​ការ​តែងតាំង​ ដែល​ស្ទើរ​តែ​ប្រាកដប្រជា​ទៅ​ហើយ ជា​បេក្ខជន​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ប្រកួត​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។

ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​ដែល​គេ​បាន​រាប់​រួច​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ Kentucky ​នោះ លោក​ស្រី គ្លីនតុន បាន​នាំ​មុខ​ជិត​២.០០០​សំឡេង​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Vermont គឺ​លោកBernie Sanders។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​និយាយ​ថា ពួក​គេ​មិន​ទាន់​ប្រកាស​នរណា​ជា​អ្នក​ឈ្នះ​នៅឡើយ​ទេ ប៉ុន្តែ​លោកស្រី​គ្លីនតុន​បាន​អះអាង​ពី​ជ័យ​ជម្នះ​របស់​លោក​ស្រី​រួច​ទៅ​ហើយ។

លទ្ធផល​ចុងក្រោយ មាន​សារៈសំខាន់​តិចតួច​ណាស់​ ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​ចំនួន​ប្រតិភូ​តាម​បែប​សមាមាត្រ ពោល​គី​មាន​ន័យ​ថា បេក្ខជន​ទាំង​ពីរ នៅ​ទី​ចុង​បញ្ចប់​ នឹង​ចែក​ចំនួន​ប្រតិភូ​គ្នា​ពី​រដ្ឋ Kentucky ​ស្ទើរ​តែ​ស្មើ​គ្នា។

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​មួយ​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ Sanders បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Oregon ប៉ែក​និរតី​សហរដ្ឋ​អាមេរិក។

តទៅ​មុន​ទៀត លោក Sanders ត្រូវ​យក​ឲ្យ​បាន​ប្រតិភូ​ប្រមាណ​៨៥ភាគរយ​នៃ​ចំនួន​ប្រតិភូ​ដែល​នៅ​សល់ ដើម្បី​ឲ្យ​លោក អាច​វ៉ា លោកស្រី គ្លីនតុន​ និង​អាច​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន។ ប៉ុន្តែ រហូត​មក​ដល់​ពេលនេះ លោក​ទទួល​បាន​ជ័យ​ជម្នះ​បែប​នេះ តែ​នៅក្នុង​រដ្ឋ​មួយ​ប៉ុណ្ណោះ គឺ​រដ្ឋVermont ​របស់​លោក​ផ្ទាល់៕